BREAKING NEWS
Search

ថ្លើមធំ​ហ៊ាន​ចូល​លួច​ក្បាល​ម៉ាស៊ីន​ដេរ​បាន​២៣​គ្រឿង​ នៅ​មណ្ឌល​បង្រៀន​កាត់ដេរនៅ​អង្គស្នួល ត្រូវជាប់​ខ្នោះសមត្ថកិច្ច

កណ្ដាល ៖ ទីតាំង​មណ្ឌល​បង្រៀន​កាត់ដេរ ប៊ុនរ៉ានី ហ៊ុនសែន អង្គស្នួល ដែល​គេ​បិទទ្វារ​ទុកចោល​មិន​ដំណើរការ​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បង្អួច​ចូល​ដល់​យក​ក្បាល​ម៉ាស៊ីនដេរ​ចំនួន​ពីរ​ថ្ងៃ​មក​ហើយ តែ​លើក​ទី​ពីរ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា​ឆ្នាំ ២០២០  ​នៅ​ចំណុច ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន ឈ្មោះ​ហេង ថេ​ង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំង ​មុខរបរ​ជាង​ផ្សារ​ដែក ​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ពេល​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​ដកហូត​យក​វត្ថុ​តាង​រួមមាន៖ ម៉ូតូ​ម៉ា​កវី​សេរី​២០០៩​ពណ៌​ខ្មៅ​១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១AG-២៤២១, ក្បាល​ម៉ា​ស៊ីន​ដេរ​ចំនួន​២៣​គ្រឿង​, ទូរស័ព្ទ​ViVo​ពណ៌​ខ្មៅ​១គ្រឿង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ​រូប​នេះ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​គេ​រាយការណ៍​មក​ថា មាន​ជនសង្ស័យ​ចូល​លួច​ក្បាលម៉ាស៊ីន​ដេរ​នៅ​មណ្ឌល​កាត់ដេរ​បង្រៀន​កាត់ដេរ​ប៊ុនរ៉ានី​ ហ៊ុនសែន​អង្គស្នួល​ ដែល​អត់​ដំណើរការ​ទុកចោល​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ព្រៃ​ពពេល​ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ទើប​ចុះទៅ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ចេញ ​ហើយ​ឃាត់​សួរនាំ​ទើប​រក​ឃើញ​ក្បាល​ម៉ា​ស៊ីន​ដេរ​ចំនួន​២៣​គ្រឿង​។ តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ចូល​លួច​ក្បាល​ម៉ាស៊ីនដេរ​ ដោយ​គាស់​បង្អួច​ពី​ខាងក្រោយ​ចូល​ទៅ​លួច​បាន​ចំនួន​២​លើក​មក​ហើយ ​នៅ​ថ្ងៃ​ទី​២២​មួយ​លើក​ និង​ថ្ងៃ​ទី​២៣ មិថុនា​២០២០ មួយ​លើក​ទៀត ប៉ុន្ដែ​លើក​នេះ ​ត្រូវ​ប៉ូលិស​ចាប់​បាន​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕​
អត្ថបទ៖ វិទូ
សូមចុចអាន៖ ​បន្ត​ឃាត់​ខ្លួន​ជន​សង្ស័យ បាន​២​នាក់​បន្ថែម​ទៀត ករណី​ប្លន់​សម្លាប់​ម៉ូតូ​ឌុប​នៅ​ខេត្ត​ព្រៃវែង