BREAKING NEWS
Search

អ្នកជំនាញព្រមានថៃរឿងបើកទ្វារទទួលទេសចរបរទេស ដូចបើកទ្វារទទួលកូវីដចូលរាតត្បាតជាថ្មី

អ្នកជំនាញសុខាភិបាលថៃ បានចេញមុខប្រមានទៅការសម្រេចរបស់រដ្ឋាភិបាល ដែលរំពឹងនឹងបើកភ្លើងខៀវសម្រាប់អ្នកទេសចរបរទេសឡើងវិញ ដោយអះអាងប្រទេសនេះ កំពុងបើកផ្លូវឲ្យវីរុសកូវីដ ១៩ ចូលមករាតត្បាតក្នុងទឹកដីខ្លួនជាថ្មី។

លោក Supakit Sirilak អគ្គលេខាធិការរងអចិន្ត្រៃយ៍ នៃសេវាសុខភាពសាធារណៈ បាននិយាយថា ប្រទេសថៃ មិនមានរកឃើញករណីឆ្លងក្នុងសហគមន៍រយៈពេល ៣១ថ្ងៃមកហើយ ប៉ុន្តែលោកព្រមានថា ថៃត្រូវត្រៀមខ្លួនឲ្យបានច្រើនជាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាតថ្មី បើសិនជានៅតែចង់ស្តារសេដ្ឋកិច្ចខ្លួនឡើងវិញនោះ។

វេជ្ជបណ្ឌិតរូបនេះ ក៏ជាប្រធាននៃគណកម្មធិការក្រសួងសុខភាពសាធារណៈថៃ ដែលបានចុះហត្ថលេខាលើការវាយតម្លៃស្ថានភាពកូវីដ ១៩ ក្នុងប្រទេសនេះ ដោយអះអាងបានដាក់សំណើរទៅកាន់មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពកូវីដ ១៩ អំឡុងពេលចូលរួមប្រជុំនាថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដើម្បីបើដំណើរការឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ។

ឆ្លើយតបទៅនឹងផែនការបើកទទួលទេសចរបរទេសនេះ សាស្ត្រាចារ្យ Thira Woratanarat អ្នកជំនាញសុខភាពមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn បានបង្ហោះសារព្រមានលើបណ្តាញសង្គម Facebook ដោយលើកឡើងថា ការបើកទទួលទេសចរបរទេស ដូចជាបើកទ្វារទទួលកូវីដ ១៩ អ៊ីចឹង។ លោកថា ផែនការនេះ នឹងធ្វើឲ្យប្រទេសថៃ ខាតបង់ធ្ងន់ជាងប្រយោជន៍ទទួលបាន ដោយសារតែបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក នៅបន្តឆ្លងរាតត្បាតធ្ងន់ធ្ងរខ្លាំងនៅឡើយ។

ជាមួយគ្នានេះ លោក Somsak Roongsita អគ្គលេខាធិការ នៃគណកម្មាធិការសន្តិសុខជាតិថៃ កាលពីថ្ងៃព្រហស្បត្តិ៍ បានបញ្ជាក់ជាថ្មីនេះ ផែនការបើកទ្វារទទួលទេសចរបរទេសឡើងវិញ នៅមិនអាចកើតឡើងក្នុងពេលឆាប់ៗនេះបានទេ យ៉ាងហោចណាស់ក៏ត្រូវការពេលរៀបចំ និងត្រៀមខ្លួន ២ខែយ៉ាងតិច៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖