BREAKING NEWS
Search

សហរដ្ឋអាមេរិករឹតត្បិតទិដ្ឋាការលើមន្ត្រីចិនពាក់ព័ន្ធការរំលោភស្វ័យភាពទីក្រុងហុងកុង

រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងរឹត​ត្បិតទិដ្ឋាការអាមេរិកសម្រាប់មន្រ្តីចិនមួយចំនួនដោយសារតែការរំលោភលើស្វ័យភាពរបស់ទីក្រុងហុងកុងខណៈសភាស្វែងរកការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងជាងនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងទប់ស្កា​ត់ទិដ្ឋាការសម្រាប់មន្ត្រីបក្សកុម្មុយនិស្តចិននាពេលបច្ចុប្បន្ននិងកាលពីអតីតដែលមិនទទួលខុសត្រូវចំពោះការបំផ្លាញសេរីភាពរបស់ទីក្រុងហុងកុង។

លោក Pompeo បាននិយាយថា មន្រ្តីដែលត្រូវបានកំណត់គោលដៅគឺជាអ្នកទទួលខុសត្រូវក្នុ​ងការធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពទីក្រុងហុងកុងកម្រិតខ្ពស់ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានសន្យាមុនពេលគ្រប់គ្រងទឹកដីនេះពីចក្រភពអង់គ្លេសវិញក្នុងឆ្នាំ១៩៩៧។

លោក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកសូមអំពាវនា​វឲ្យចិនគោរពការប្តេជ្ញាចិត្តនិងកាតព្វកិច្ចរបស់ខ្លួននៅក្នុងសេចក្តីប្រកាសរួមចិន-អង់គ្លេស”។ ​លោកក៏បានទទូចឲ្យមានការការពារដល់សេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំដោយសន្តិវិធីផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធនិយាយថាតើមានមនុស្សប៉ុន្មាននាក់ដែលរងផលប៉ះពាល់ឬថាតើពួកគេទាំងអស់នឹងត្រូវបានបដិសេធពីការចូលសហរដ្ឋអាមេរិកដែរឬអត់។

លោកស្រីបាននិយាយថា “បុគ្គលដែលស្ថិតក្រោមគោលនយោបាយរឹតត្បិតទិដ្ឋាការនេះនឹងត្រូវបានវាយតម្លៃសម្រាប់សិទ្ធិទទួលបានរបស់ពួកគេក្រោមគោលនយោបាយនេះនៅពេលពួក​គេដាក់ពាក្យសុំហើយពួកគេអាចនឹងត្រូវបដិសេធទិដ្ឋាការ”។

គួរបញ្ជាក់ថា ប្រទេសចិនកំពុងតែជំរុញច្បាប់សន្តិសុខមួយដែលនឹងអនុវត្តការដាក់ទណ្ឌកម្មចំពោះការធ្វើវិទ្ធង្សនានិងបទឧក្រិដ្ឋផ្សេងៗទៀតនៅក្នុងទីក្រុងហុងកុងដែលជាហេតុបង្កឲ្យមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំនិងពេលខ្លះមានអំពើហិង្សាកាលពីឆ្នាំមុន។

ក្រុមសកម្មជននិយាយថា ច្បាប់នេះនឹងលុបបំបាត់សេរីភាពដែលទទួលបានដោយហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេមួយរបស់ពិភពលោក៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ