BREAKING NEWS
Search

នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង ​ក្រុង​សិរីសោភ័ណ​ចុះ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​លួច​លក់​ថ្នាំញៀន​ជា​ទ្រង់ទ្រាយ​ធំ

បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ផ្ទាល់​ដោយ​វរសេនីយ៍ទោ ង៉េ​ង សុជា ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​ឃាត់ខ្លួន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ និង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ធំ នៅ​ចំណុច​ភូមិគាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ រួច​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

លោក ង៉េ​ង សុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​លួច​លក់​ថ្នាំញៀន​ជា​ទ្រង់ទ្រាយ​ធំ​នេះ​បាន​អនុវត្ត​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លោក​បាន​ឲ្យ​កម្លាំង​នគរបាល​ជំនាញ ក៏ដូចជា​កម្លាំង​នគរបាល​ក្រុង ស្រុក​និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវតែ​ចាត់វិធានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ចំពោះ​បទល្មើស​គ្រឿងញៀន​ឲ្យ​ដូចជា​ភ្លៀងរលឹម​ឲ្យ​អស់ពី​មូលដ្ឋាន​របស់​ខ្លួន​ក្ដោបក្ដាប់​។

ក្រោយពី​បាន​ទទួល​បទបញ្ជា​ហើយ កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ បាន​ធ្វើ​ការ​ស៊ើបអង្កេត​តាម​វិធានការ​ជំនាញ​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​លួច​លក់​ថ្នាំញៀន​បាន​២​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ទុយ សុភា អាយុ​៤៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កា​ឈ​ឈូក មាន​អក្សរ wy លើ​គ្រាប់​ថ្នាំ​ម្ខាង ចំនួន​៣១​ថង់​ ពណ៌​ខៀវ ស្មើ​៦.០០៥​គ្រាប់ ក្នុង​នោះ​ថ្នាំញៀន​គ្រាប់​ ពណ៌​បៃតង​ចំនួន​៦០​គ្រាប់ មាន​ទម្ងន់​៥៤០,៤៥​ក្រាម និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ចំនួន​០៥​ថង់ មាន​ទម្ងន់ ១៤៣,២២​ក្រាម រួម​ទាំង​សម្ភារៈ​មាន​ទូរសព្ទដៃ​ចំនួន​០២​គ្រឿង ធុង​ទឹកកក​ ពណ៌​ក្រហម​ ដែល​ជនសង្ស័យ​លាក់​ទុក​ថ្នាំញៀន​ចំនួន​១​កាបូប​ក្រណាត់​១​បំពង់​កែវ​ចំនួន​១ និង សំបក​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

លោក​បាន​បន្ត​ថា ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ​ថ្នាំញៀន​ទាំងនេះ​ខ្លួន​បាន​ពី​មិត្ត​ភ័ក្ត្រ​របស់​គេ​យក​មក​លក់​បន្ត​នៅក្នុង​ខេត្ត​ពិតប្រាកដ​មែន។ ​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​មាន​វត្ថុតាង​ជាក់ស្តែង​លោក​ង៉េ​ង សុជា សង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុតាង​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕
គង្គា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114