BREAKING NEWS
Search

មក​គេង​កំដរ​ម្តាយ​ និង​ក្មួយ ​ដែល​កំពុង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក ត្រូវ​ចោរលួច​ទូរសព្ទ និង​លុយ​អស់​

បន្ទាយមានជ័យ ៖ទូរសព្ទ​ដៃ និង​លុយ​មួយចំនួនធំ​ត្រូវ​ចោរលួច​យក​អស់ ​ខណៈ​បុរស​ និង​ស្ត្រី​ មក​គេង​កំដរ​ម្តាយ​ និង​ក្មួយ​ កំពុង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំស្រុក​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​១ ខែ​កក្កដា​ ឆ្នាំ​២០២០។ ក្នុងនោះ ក្រោយ​ពី​បាត់​ទូរសព្ទ​ដៃ​ និង​លុយ​មួយចំនួនធំ ​ជនរងគ្រោះ ​ក៏​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ផងដែរ​។​

នគរបាល​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​មាន​ ឈ្មោះ ​ឌី សុភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ និង​ ឈ្មោះ​ ឈឿន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​តំបន់​ឈូក​អាង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ទាំង​២​នាក់ បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១ ​ខែកក្កដា ឆ្នាំ​២០២០ មាន​ចោរ​ បាន​លួច​យកលុយ ​និង​ទូរសព្ទដៃ ខណៈ​ពួកគាត់​មក​នៅ​គេង​កំដរ​ម្តាយ​ និង​ក្មួយ​ដែល​សម្រាក​ព្យាបាល​នៅ​អគារ​អ្នក​ជំងឺ​ទូទៅ​ នៃ​មន្ទីរពេទ្យ​បង្អែក ស្រុក​ភ្នំស្រុក​ប្រុស​។ ជនរងគ្រោះ​ជា​បុរស ចំពោះ​សម្ភារៈ​ដែល​បាន​បាត់ គឺ ​ទូរសព្ទ​ដៃ​១​គ្រឿង ម៉ា​កវី​វ៉ូ ពណ៌​ខ្មៅ ទិញ​ក្នុង​តម្លៃ​២៩០​ដុល្លារ និង​ ឯ​ជនរងគ្រោះ​ស្រ្តី ​បាត់​លុយ​អស់​ចំនួន ​១៥០ ០០០​ រៀល និង​ទូរសព្ទ​ដៃ​១​គ្រឿង ​ម៉ាក​សាំ​ស៊ុ​ង​ ទិញ​ក្នុង​តម្លៃ​ ៥ ០០០​ បាត​។​

នគរបាល​បាន​បញ្ជាក់​ទៀត​ថា ​ទាក់ទិន​នឹង​ករណី​មាន​ចោរលួច​នេះ​ កម្លាំង​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​ បាន​ចុះ​ពិនិត្យ​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ប្រព្រឹត្ត​ល្មើស រហូត​មកទល់​ពេល​នេះ នៅ​មិនទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​នោះ​ទេ ហើយ​សមត្ថកិច្ច​កំពុង​ស៊ើប​ស្រាវជ្រាវ​បន្ត៕​
អត្ថបទ ៖ គង្គា​

សូមចុចអាន ៖ បង្ក្រាប​ទីតាំង​ម៉ាស្សា បង្កប់​សេវា​បម្រើ​ផ្លូវ​ភេទ​ ឃាត់​មនុស្ស​៤​នាក់ ក្នុង​នោះ​ស្ត្រី​ម្ចាស់​ទីតាំង​ម្នាក់ ​និង នារី​រងគ្រោះ​៣​នាក់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114