BREAKING NEWS
Search

ទាល់តែ​ជួល​សន្តិសុខ​ឲ្យ​មក​ដេក​យាម ​ទើប​ចាប់​ចោរ​លួច​បាន​

ភ្នំពេញ​ ៖​ បន្ទាប់ពី​បាត់​របស់​ញឹក​ ​ម្ចាស់​ហាង បាន​ជួល​សន្តិសុខ​ឲ្យ​មក​ដេក​យាម ​ស្រាប់តែ​ជន​សង្ស័យ​នៅតែ​ហ៊ាន​ផ្លោះ​របង​ចូល​លួច​ទៀត​ ក៏​ត្រូវ​ឃាត់ខ្លួន​បានតែ​ម្តង​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ការស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ក្នុងករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​គាស់​ទម្លុះ​ទម្លាយ​លួច​សម្ភារៈ​)​ កាលពី​ថ្ងៃទី​០១ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៤​ទៀបភ្លឺ​ និង​ក្រោយពី​កំណត់​បាន​មុខសញ្ញា ​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក ​សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះ​មុខ​សញ្ញា​ដែល​បាន​ធ្វើ​សកម្មភាព​​ចំណុច​ហាង​យីហោ ថា​យ ជី ផ្លូវ​លេខ​៨៤ កែង​៧៥ ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។ ក្នុងនោះ បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ នៅ​ចំណុច​ផ្លូវ​លេខ​៨៤ កែង​៩៣ ភូមិ​៨ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​អត្តសញ្ញាណ​ជនសង្ស័យ​ ឈ្មោះ គង់ ចាន់​ស្រស់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

ចំណែក​វត្ថុតាង​ចា​ប់​យក​រួម​មាន ៖ ​
១-​ម៉ូ​ទ័​រ​បូម​ទឹក​មួយ​ ម៉ាក​HAILEA MODEL:L20 ,​ខ្សែភ្លើង​មួយ​ដុំ ​,​ទុយយោ​ស្ពាន់ ​ម៉ាស៊ីនត្រជាក់​មួយ​ចំនួន (​ប្រគល់​ឲ្យ​ជនរងគ្រោះ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​)​។​
២-​ដង្កាប់​មុខកាត់ ពណ៌​ខ្មៅ លឿង​មួយ​,​កូនសោ​ចំនួន​០៤​ដើម​(​សោ​លេខ​៨,១០,១១ ​និង​១២),​ទូរសព្ទ​ដៃ​មួយគ្រឿង​ម៉ាក​ណូគា ពណ៌​ស ក្រហម និង​កូន​កាបូបស្ពាយ​ពណ៌​សូកូឡា​មួយ​(​ជា​របស់​ជន​សង្ស័យ​ ឈ្មោះ គង់ ចាន់​ស្រស់​)​។​

រីឯ​ជនរងគ្រោះ​ឈ្មោះ ខៀវ មល្លិកា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ ភោជនីយដ្ឋាន​ថា​យ ជី ទីលំនៅ​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៧០៧ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

ចំពោះ​មុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី។ ​ចំពោះ​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​ និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕​

អត្ថបទ ៖ រស្មី​

សូមចុចអាន ៖ នគរបាល​ស្រុក​សំរោង​ទង ប្រតិបត្តិការ​ដើរ​ធ្នាក់​លលក ដើម្បី​បង្ក្រាប​គ្រឿងញៀន មាន​ប្រសិទ្ធភាព​ខ្ពស់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114