BREAKING NEWS
Search

ក្មេង​ប្រុស​ម្នាក់​ឪពុក​ម្តាយ​នៅ​ឆ្ងាយ លេងចង​ក​​នឹង​ដើម​ស្វាយ បណ្តាល​ឲ្យ​ស្លាប់​មែនទែន

សៀមរាប​ ៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់ ឪពុក​ម្តាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ សព្វថ្ងៃ​រស់នៅ​ជាមួយ​តា​យាយ បាន​ចង​​ក​លេង​នឹង​ខ្សែ​អង្រឹង​ភ្ជាប់​ទៅ​ដើម​ស្វាយ នៅផ្ទះ​បណ្តាល​ឲ្យ​ស្លាប់​មែនទែន​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កក្កដា ​ឆ្នាំ​២០២០ ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្ត​សៀមរាប​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា សាកសព​ឈ្មោះ ឈង់ គិ​ម​ឡាង ភេទ​ប្រុស អាយុ​៨​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​កើតហេតុ​។​ លោក​បន្ត​ថា ក្រោយ​ទទួល​សេចក្តី​រាយការណ៍ កម្លាំង​ផ្នែក និង​នគរបាល​ប៉ុស្តិ៍ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​ខេត្ត និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​មន្ទីរ​ពេទ្យ​ខេត្ត ចុះ​ដល់​កន្លែង​កើត​ហេតុ ធ្វើការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ តាម​រយៈ​ការពិនិត្យ​លើ​សាកសព ឃើញ​ថា សព​បាន​ចង​ក ដោយ​ខ្សែ​អង្រឹង ពណ៌​ត្រេអ៊ី ប្រវែង​៦៥​សង់​ទី​ម៉ែត្រ ភ្ជាប់​និង​មែក​ដើម​ស្វាយ មាន​កម្ពស់​១១០​សង់ទីម៉ែត្រ នៅ​បរិវេណ មុខ​ផ្ទះ​ផ្នែក​ខាងលិច​។​ សព​មាន​កម្ពស់​១២៥​សង់ទីម៉ែត្រ​ មាន​ស្នាម​ជាំ​នៅ​ចំណុច​.​ក​(​ចង​) ក្រៅ​ពី​នេះ​មិន​មាន​ស្លាកស្នាម អ្វី​ពាក់ព័ន្ធ​និង​បទ​ឃាតកម្ម នោះ​ទេ​។​

លោក​បន្ថែម​ថា ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បង្ហាញ​ថា សព​អាច​ស្លាប់​ដោយ​ការ​ចង​​ក​លេង បណ្តាល​ស្ទះ​ផ្លូវ​ដង្ហើម ចំណែក​គ្រូពេទ្យ បាន​បង្ហាញ​ថា សាកសព​ស្លាប់​ដោយសារ​ស្ទះ​ផ្លូវ​ដង្ហើម តាមរយៈ​ការ​ចង​ក​។

លោក​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ទូច សុ​គុណ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជីតា​របស់​សាកសព​បាន​ប្រាប់​ថា ចៅ​គាត់​(​ឈ​ង់ គិ​ម​ឡាង​)​មាន​សតិ​ស្មារតី​ធម្មតា បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​គាត់ ដោយ​ឪពុក​ម្តាយ​គេ​ទៅ​ធ្វើ​កម្មករ​ប្រទេស​ថៃ។​ ចៅ​ខាងលើ​តែង​ដើរលេង​ផ្ទះ​អ្នក​ខាង​ឬ​អង្គុយលេង​នៅ​ក្រោម​ដើម​ស្វាយ បរិវេណ​ដី​មុខ​ផ្ទះ​គាត់​(​កន្លែង​កើត​ហេតុ​) ។​

ដោយឡែក​នៅ​ថ្ងៃ​កើត​ហេតុ ម៉ោង​០៩ និង​៣០​ព្រឹក គាត់​ឃើញ​ចៅ​(​ឈ​ង់ គិ​ម​ឡាង​)​មកពី​ដើរលេង​ផ្ទះ​អ្នកជិតខាង ដោយមាន​កាន់​ខ្សែ​អង្រឹង​១​ខ្សែ​(​មិន​ដឹង​ថា​យក​ពី​ណា​ទេ​) សួរ​គាត់​រក​ចម្ពាម​កៅស៊ូ ​ក្នុង​ផ្ទះ​ដោយ​រក​មិន​ឃើញ គេ​កាន់​ខ្សែ​អង្រឹង​នោះ​ចេញទៅ​ក្រៅ​ផ្ទះ គាត់​និង​ប្រពន្ធ​នៅ​ក្នុង​ផ្ទះ​មិនបាន​មើល​ចៅ​ទេ លុះ​រំលង​កន្លះ​ម៉ោង​បន្ទាប់ ដោយ​ស្ងាត់បាត់​ចៅ គាត់​ក៏​ចេញ​មក​មើល​មុខ​ផ្ទះ ស្រាប់តែ​ឃើញ ចៅ​(​ឈ​ង់ គិ​ម​ឡាង​)​ចង​ក នៅ​មែក​ដើម​ស្វាយ​ ដែល​ជា​កន្លែង​គេ​ធ្លាប់​អង្គុយលេង ដោយ​ឃើញ​ចុងជើង​ទាំង​២​ទល់​ដី ជង្គង់​បន្ទន់ មាត់​ចំហ គាត់​ហៅ​ប្រពន្ធ និង​អ្នកជិតខាង​ជួយ​លើក​គ្រា និង​កាត់​ខ្សែ​ចង​ក នោះ​ផ្តាច់​និង​បាន​ធ្វើ​ចលនា​បេះដូង​តែ​ចៅ​មិន​ដឹង​ខ្លួន ទើប​ដឹក​ទៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ពួក​ គ្រូពេទ្យ​ប្រាប់​ថា ចៅ​(​ឈ​ង់ គិ​ម​ឡាង​)​ស្លាប់​បាត់​ហើយ គាត់​ក៏​ដឹក​សាកសព​ចៅ​មក​ផ្ទះ​វិញ ​និង​រាយការណ៍​មក​សមត្ថកិច្ច។​ គាត់​អះអាង​ថា ចៅ​(​ឈ​ង់ គិ​ម​ឡាង​)​ពិតជា​ចង​ក លេង បណ្តាល​ឲ្យ​ស្លាប់​ខ្លួនឯង​ពិតមែន មិន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។​

ក្រោយ​ពិនិត្យ​ចប់​សព្វ​គ្រប់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​និង​ទទួល​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
អត្ថបទ៖​ កុសល
សូមចុចអាន៖ ​ជិះ​ម៉ូតូ​បុក​ខឿន​សួនច្បារ ផ្លោង​បុក​បង្គោល​ភ្លើង ស្លាប់​មនុស្ស​១​នាក់ រីឯ​១នាក់​ទៀត រង​របួស​ធ្ងន់​