BREAKING NEWS
Search

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ដែល​ជះ​ក្លិន​ស្អុយ​ ដល់​ប្រជាពលរដ្ឋ​

ភ្នំពេញ ៖ លោក ​រស់ សុភ​ក្តិ កាលពី​រសៀល​ថ្ងៃទី​១​កក្កដា ​បានទទួល​បញ្ជា​ពី​ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ ឲ្យ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះទៅ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​មាន់​ ស្ថិត​ក្នុងភូមិ​ចំពុះ​ក្អែក ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

គណៈកម្មការ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ​ធ្វើឡើង​ទៅតាម​ការ​ស្នើសុំ​អន្តរាគមន៍​របស់​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ចំពុះក្អែក ជិត​កន្លែង​កសិដ្ឋាន ដោយសារ​ជះ​ក្លិន​ស្អុយ​ចេញពី​កសិដ្ឋាន​ពិបាក​ទ្រាំ។ ទីតាំង​កសិដ្ឋាន​ខាងលើ​នេះ ​កន្លងមក ​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​ណែនាំ​២​លើក​រួចមកហើយ ដើម្បី​ឲ្យ​ម្ចាស់​កសិដ្ឋាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​មន្ទីរ​កសិក​ម្ម រាជធានី​ភ្នំពេញ ក៏​ដូចជា​ការិយាល័យ​កសិកម្ម​ខណ្ឌ មន្ទីរ​បរិស្ថាន រាជធានី​ភ្នំពេញ និង ការិយាល័យ​បរិស្ថាន​ខណ្ឌ ពាក់ព័ន្ធ​លក្ខណៈ​បច្ចេកទេស​ នៃ​ការ​ចិញ្ចឹម និង អនាម័យ​បរិស្ថាន។

បន្ទាប់ពី​មានការ​ចុះ​ត្រួតពិនិត្យ​រួចមក​ ម្ចាស់​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ​បាន​ល្អ​ប្រសើរ ស្រាប់តែ​មួយរយៈ​ចុងក្រោយ​នេះ​ស្របពេល​រដូវវស្សា​ចូលមក​ដល់​មាន​ភ្លៀង ខ្យល់ ស្ទើរ​រាល់ថ្ងៃ​ក្លិនស្អុយ​ជះ​ចេញពី​កសិដ្ឋាន ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ ទើប​ប្រជាពលរដ្ឋ​សុំ​ការ​ចុះ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខណ្ឌ។​

លោក​ រស់ សុភ​ក្តិ អភិបាលរងខណ្ឌ​ច្បារអំពៅ ដែល​ដឹកនាំ​គណៈកម្មការ​ចម្រុះ​បានឲ្យ​ដឹងថា តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅក្នុង​កសិដ្ឋាន មន្ត្រី​ជំនាញ​ខាង​បរិស្ថាន ពិនិត្យ​ឃើញ​ថា កសិដ្ឋាន​ចិញ្ចឹម​មាន់​មាន​បញ្ហា​ក្លិនស្អុយ លាមក​មាន់​មាន​ធុំក្លិន​ស្អុយ​កម្រិត​ទាប នៅ​ពេល​មាន​ខ្យល់​បក់​ម្តងៗ។ ចំណែក​មន្ត្រី​កសិកម្ម​ពិនិត្យឃើញ​ថា បាន​ធ្វើ​អនាម័យ​ទ្រុង បរិវេណ​ទ្រុង​មាន់ បោសសំអាត បាញ់ថ្នាំ​បំបាត់​ក្លិនស្អុយ រំងាប់​រុយ ចំពោះ​ក្លិន​លាមក​មាន់​មាន​ធុំក្លិន​បន្តិចបន្តួច។

លោក​អភិបាលរងខណ្ឌ​បាន​បន្តថា បន្ទាប់ពី​ពិនិត្យ​រួចរាល់ ​ឥឡូវនេះ ​គណៈកម្មការ​ចម្រុះ បាន​ធ្វើ​ការ​ណែនាំ​បន្ថែម ​តម្រូវ​ឲ្យ​ម្ចាស់​កសិដ្ឋាន ៖ ទី​១-​ត្រូវ​ទុកដាក់​លាមក​មាន់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហាម​ស្តុក​លាមក​នៅ​ក្នុង​ទីតាំង ដើម្បី​ចៀសវាង​ការពារ​ជះ​ក្លិន​ស្អុយ​ដល់​អ្នកជិតខាង ,​ទី​២-​ហាម​ដុត​ដាច់ខាត​រាល់​សំណល់​នានា​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់ ដើម្បី​បញ្ចៀស​ក្លិន​ឆ្ងៀម ប៉ះ​ពាល់​អ្នកជិតខាង និង​ទី​៣-​ម្ចាស់​កសិដ្ឋាន​ត្រូវ​កើប​សម្អាត​លាមក និង ធ្វើ​អនាម័យ​ទ្រុង ឲ្យ​បាន​ស្អាត ជា​ប្រចាំ ជាពិសេស​ត្រូវ​បាញ់ថ្នាំ​បំបាត់​ក្លិនស្អុយ​ និង​រំងាប់​មេរោគ ទៅតាម​លក្ខណៈ​បច្ចេកទេស ឲ្យ​បាន​ត្រឹមត្រូវ ទើប​បញ្ចៀស​បាន​ផល​ប៉ះពាល់​ដល់​អ្នកជិតខាង។

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០ លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ណែ​នាំ​ឲ្យ​មន្ទីរ​ និង​ការិយាល័យ​ជំនាញ ផ្នែក​កសិកម្ម និង​បរិស្ថាន ត្រូវ​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​មាន់​ម្តង​ទៀត តើ​កែ​បាន​ ឬ​មិនបាន បើ​មិនបាន​សុំ​មតិយោបល់​ពី​ខាង​មន្ទីរ​ជំនាញ​ទាំង​២ ​ដើម្បី​មាន​វិធានការណ៍ ព្រោះ​ទុក​ពេល​ឲ្យ​ម្ចាស់​កសិដ្ឋាន​យូរខែ​ហើយ ឥឡូវនេះ​បើ​កែ​មិន​បានទេ​ត្រូវ​ប្ដូរ​ទីតាំង៕​
អត្ថបទ ៖ ន​រា​

សូមចុចអាន ៖ ឃាត់ខ្លួន​កូន​ចិត្ត​អប្រិយ​ ផឹក​ស្រា​ស្រវឹង​ វាយ​ម្ដាយបង្កើត​ខ្លួនឯង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114