BREAKING NEWS
Search

WHO៖ កូរ៉េខាងជើងបើកសាលារៀនឡើងវិញប៉ុន្តែប្រុងប្រយ័ត្នប្រឆាំងនឹងការគម្រាមកំហែងនៃជំងឺកូវីដ១៩

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង​បានបើកសាលារៀនឡើងវិញប៉ុន្តែបានរក្សាការហាមឃាត់លើការជួបជុំជាសាធារណៈនិងបានតម្រូវឲ្យប្រជាជនពាក់ម៉ាស់នៅតាមទីសាធារណៈដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការគំរាមកំហែងនៃវីរុសកូរ៉ូណា។

លោក Edwin Salvador តំណាងទីភ្នាក់ងារនេះបាននិយាយថា ខណៈដែលកូរ៉េខាងជើងមិនបា​នបញ្ជាក់ពីការឆ្លងណាមួយនោះ ក្រសួងសុខាភិបាលរបស់ខ្លួនបាននិងកំពុងចែករំលែកព័ត៌មានថ្មីៗប្រចាំសប្តាហ៍ជាមួយ WHO អំពីវិធានការដែលខ្លួននឹងធ្វើដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលបានផ្តល់កាលពីថ្ងៃទី១៩ខែមិថុនា ក្រសួងបាននិ​យាយថា ឥឡូវនេះ គ្រឹះស្ថានអប់រំទាំងអស់ត្រូវបានបើកឡើងវិញហើយដោយកុមារត្រូវតម្រូវឲ្យពាក់ម៉ាស់ហើយទីតាំងលាងសម្អាតត្រូវបានសាងសង់ឡើង។

ក្រសួងក៏បានរាយការណ៍ផងដែរថា មនុស្សទាំងអស់៩២២នាក់ដែលត្រូវបានពិនិត្យគឺបានធ្វើ​តេស្តអវិជ្ជមានខណៈមនុស្សរាប់រយនាក់ផ្សេងទៀតដែលភាគច្រើនជាអ្នកលើកទំនិញនៅកំពង់ផែសមុទ្រនិងព្រំដែនដីគោកត្រូវបានគេធ្វើចត្តាឡីស័កជាទៀងទាត់ដើម្បីត្រួតពិនិត្យ។

លោក Salvador បាននិយាយតាមរយៈអ៊ីម៉ែលថា “ការត្រួតពិនិត្យកម្តៅដោយប្រើទែរម៉ូម៉ែត្រ ​ទីតាំងលាងដៃនិងទឹកអាល់កុលនៅតែបន្តមាននៅគ្រប់ទីកន្លែងសាធារណៈដោយរួមទាំងផ្សារទំនើប ភោជនីយដ្ឋាននិងសណ្ឋាគារផងដែរ។ វាជាកាតព្វកិច្ចសម្រាប់មនុស្សទាំងអស់ដែលត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈហើយមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំជាសាធារណៈទេ”។

វាក៏បានបង្កើតក្រុមឆ្លើយតបរហ័សចំនួន២៣៥ក្រុមដែលរួមមានទាំងអ្នកជំនាញខាងរោគរាត​ត្បាត វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា គ្រូពេទ្យនិងមន្ត្រីបសុសត្វផងដែរដែលមានភារកិច្ចស៊ើបអង្កេតករណីសង្ស័យណាមួយ៕ REUTERS

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ