BREAKING NEWS
Search

ធី តុង​ហ៊ី សងសឹក យ៉ា​ម ខេមរា បានសម្រេច​ឬ​អត់​?

​ធី តុង​ហ៊ី អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ​ជួប​សងសឹក​យ៉ា​ម ខេមរា អ្នក​ប្រដាល់​ជើងចាស់​ក្លឹប​រស្មី​កុមារ​កំព្រា នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៥ កក្កដា​២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​Cambodia Beer បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។​ នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​២ របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ តាមពិត យ៉ា​ម ខេមរា ជា​អ្នក​ប្រដាល់ ស្រករ​ក្រោយ​តុង​ហ៊ី ហើយ​ការ​ឈ្នះ​តុង​ហ៊ី​លើក​មុន​នោះ គ្រាន់តែ​ជា​ការ​ចៃដន្យ​ប៉ុណ្ណោះ។ យ៉ា​ម ខេមរា គេ​ធ្លាប់​ជួប​សំណាងល្អ​និង​ភាព​ចៃដន្យ​កន្លងមក ដូចជា​ការប្រកួត​មុន​នេះ គេ​បាន​វាយ​ឈ្នះ​ជើង​ខ្លាំង​វង្ស ណ​យ ក្នុង​ទឹក​ទី​៤​ថែមទៀត ដែល​តាម​កម្រិត​សមត្ថភាព​និង​បទពិសោធន៍​នោះ គឺ​មិន​ដល់​វង្ស ណ​យ​នោះ​ទេ។ ករណី​ធី តុង​ហ៊ី ក៏​ដូច​គ្នា​នេះ​ដែរ។ បាន​បាត់​មុខ​ពីលើ​សង្វៀន​តាំងពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​២០១៧ បន្ទាប់ពី​គេ​វាយ​ចាញ់​វង្ស វិឆ័យ អ្នក​ប្រដាល់​ស្រករ​ក្រោយ ក្នុង​ទឹក​ទី​២​នោះ ។ តូច ទូ តាមពិត​គេ​មាន​ផ្លែ​ល្អ កម្លាំង​ខ្លាំង គ្រាន់តែ​គេ​មានចិត្ត​ប្រដាល់​មិនសូវ​ធំ​ប៉ុណ្ណោះ។

​ធី តុង​ហ៊ី គេ​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​ល្បីឈ្មោះ​បោះ​សំឡេង​គួរសម​ដែរ​កន្លងមក ប៉ុន្តែ​ឥឡូ​វ​នេះ​គេ​រាង​ស្រុត​ធ្លាក់​ចុះ​ជាង​មុន ដោយសារ​ឥឡូវ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​មិន​គ្រប់គ្រាន់​ប៉ុន្មាន​ដែរ ប៉ុន្តែ​គេ​វាយ​ខ្លាំង​។​ គេ​ប្រកួត​រាង​ឆេវឆាវ​បន្តិច ពិសេស​នៅ​ពេល​ដែល​ ដៃគូ​វាយ​គេ​ឲ្យ​ឈឺ​សាច់​នោះ តុង​ហ៊ី វាយ​កាន់​តែ​ខ្លាំង​និង​មាន​លក្ខណៈ​កាច​ជាង​មុន ដោយសារតែ​មានចិត្ត​មិនសូវ​ធ្ងន់​បែបនេះ ទើប​តុង​ហ៊ី​វាយ​ពុំ​សូវ​ឈ្នះ​គេ​ទេ​កន្លងមក។ យ៉ាងណា​ឥឡូវនេះ អ្នក​ប្រដាល់​រូប​នេះ​រាង​ឡើង​បន្តិច​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់។ ការប្រកួត​លើក​ចុង​ក្រោយ​នេះ តុង​ហ៊ី ប្រកួត​ឈ្នះ​ជើងចាស់​ហេង វិឆ័យ ក្លឹប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ។ និយាយ​រួម ធី តុង​ហ៊ី មិនជា​ខ្លាំង​នោះទេ តែ​ក៏​មិន​ជា​ខ្សោយ​ប៉ុន្មាន​ដែរ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ អាច​មាន​ប្រៀប​លើ​យ៉ា​ម ខេមរា អំពី​កលល្បិច យ៉ាងណា សម្រាប់​ការ​ជួប​សងសឹក​យ៉ា​ម ខេមរា​លើក​នេះ មិន​ដឹង​ថា ​តុង​ហ៊ី អាច​សងសឹក​បានសម្រេច​ឬ​អត់​នោះ​ទេ​? ។

សូ​ដា លី​ម៉ូ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​គោព្រៃ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​ធា វាសនា អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​រាជសីហ៍​ខេត្ត​រតនគិរី ដោ​យជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ចំណែក អៀ​ប លី​ឆា អ្នក​ប្រដាល់​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​ភួង ណាំ​ហង អ្នក​ប្រដាល់​ក្លឹប​រស្មី​កុមារ​កំព្រា ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ហើយ រិ​ទ្ធ ប៊ុន​លាង អ្នក​ប្រដាល់​ក្លឹប​អាណាចក្រ​គុន​ខ្មែរ​ នឹង​ជួប​ប្រកួត​កែវ សុភាព អ្នក​ប្រដាល់​ក្លឹប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្ត​បាត់ដំបង ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​៕
អត្ថបទ៖ ​វិ​សិទ្ធ
​សូមចុចអាន៖ អត្ត​ព​លិ​ក​ជម្រើស​ជាតិ​ជន​ពិការ ចូល​ហ្វឹកហាត់​វិញ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១​កក្កដា​នេះ​តទៅ​ ដល់​ដាច់​ឆ្នាំ