BREAKING NEWS
Search

ករណីឆ្លងវីរុសកូរ៉ូណាជាង១៦០,០០០ករណីត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុន

អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ការឆ្លងវីរុសកូរ៉ូណាជាសកលកំពុង​កើនឡើងកាន់តែខ្លាំងខណៈចំនួនករណីប្រចាំថ្ងៃបានកើនលើស១៦០,០០០នាក់ជារៀងរាល់​ថ្ងៃនៅក្នុងសប្តាហ៍កន្លងមកនេះហើយនេះជាកម្រិតកំណត់ត្រា។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus ក៏បានប្រាប់សន្និសីទតាមវីដេអូមួយផ​ងដែរថា ជាងពាក់កណ្តាលនៃករណីទាំងអស់ដែលត្រូវបានកត់ត្រាចាប់តាំងពីវីរុសនេះលេច​ចេញជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំមុនមកគឺត្រូវបានចុះបញ្ជីក្នុងខែមិថុនា។

លោកបាននិយាយថា “រយៈពេលមួយសប្តាហ៍កន្លងមកនេះ ចំនួនករណីថ្មីបានកើនលើស១៦០,០០០នាក់ក្នុងមួយថ្ងៃ”។ លោកបានបន្ថែមថា “៦០ភាគរយនៃករណីទាំងអស់ត្រូវបានគេរាយការណ៍ត្រឹមតែក្នុងមួយខែមុនប៉ុណ្ណោះ”។

ទិន្នន័យដែលផ្តល់ដោយទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានបង្ហាញថា ចំនួនករណីជំងឺកូវីដ១៩ប្រចាំថ្ងៃថ្មីខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាគឺនៅថ្ងៃទី២៨ខែមិថុនានៅពេលដែលករណីថ្មីជាង១៨៩,៥០០ករណីត្រូវបានចុះបញ្ជីទូទាំងពិភពលោក។

ទិន្នន័យបានបង្ហាញថា មុនថ្ងៃទី២៥ខែមិថុនា ករណីប្រចាំថ្ងៃបានកើនលើស១៦០,០០០តែពីរដងប៉ុណ្ណោះខណៈករណីប្រចាំថ្ងៃមិនមានលើស១០០,០០០ទេរហូតដល់ថ្ងៃទី១៨ខែឧសភា។

WHO បានព្រមានកាលពីដើមសប្តាហ៍នេះថា ជាមួយនឹងការស្លាប់ជាង៥១១,០០០នាក់និងកា​រឆ្លងជាង១០.៥លាននាក់នៅទូទាំងពិភពលោក ជំងឺរាតត្បាតនេះមិនទាន់ជិតដល់ទីបញ្ចប់ទេ។

លោក Tedros បានរំលឹកឡើងវិញថា ការប្រើវិធីសាស្រ្តគ្រប់ជ្រុងជ្រោយគឺជាវិធីល្អបំផុតក្នុងកា​រទប់ស្កាត់វីរុសនេះ៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ