BREAKING NEWS
Search

ព្រលែងទោចម្កុដគូទី៣ នៅក្នុងព្រៃរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែង​ទោច​ម្កុដ​មួយគូបន្ថែមទៀតឲ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ ​ ក្រោយ​បន្សាំ​ក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។

​លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ គម្លាតពីគ្រួសារ១​ទៅគ្រួសារ១ប្រហែល១គីឡូម៉ែត្រកន្លះ អាយុ៦ឆ្នាំពេញវ័យ និងមានផ្ទៃពោះរយៈពេល៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។

​កន្លងមក អាជ្ញាធរជាតិអប្សរា រួមនឹងអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោច​ម្កុដ​បានចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅ​ខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានព្រលែង​សត្វឈ្លូស៤​ក្បាល ស្វាព្រាហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង៥ក្បាល បច្ចុប្បន្នភេបង្កើតបាន​កូន២ហើយ​។

ជាគោលដៅទៅអនាគត អាជ្ញាធរជាតិអប្សរា ដោយសហការជាមួយអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ នឹងយក​សត្វ ប្រើស​ សត្វក្ងោក និងសត្វកេងកងមកព្រលែងនៅក្នុង​រមណីយដ្ឋាន​អង្គរបន្ថែមទៀតដែរ៕

ចុចអាន៖ សក្ដានុពលខេត្តកំពង់ចាម ទទួលបានទំហំពាណិជ្ជកម្មសរុបជាង១៨០០លានដុល្លារ