BREAKING NEWS
Search

ខេត្តប្រទេសឥណ្ឌូនេស៊ីប្រកាសស្ថានភាពអាសន្នចំពោះភ្លើងឆេះព្រៃ

ខេត្តធំទី ៣ របស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសស្ថានភាពអាសន្នពីថ្ងៃពុធតទៅ បន្ទាប់ពីរកឃើញភ្លើងឆេះជាង ៧០០ កន្លែង ខណៈដែលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងត្រៀមខ្លួនសម្រាប់រដូវភ្លើងឆេះប្រចាំឆ្នាំរបស់ខ្លួន ។

ការប្រកាសនេះធ្វើឡើងនៅពេលប្រទេសឥណ្ឌូណេស៊ីធ្វើមាត្រដ្ឋានការពារសម្រាប់តំបន់ព្រៃត្រូពិកសំខាន់ៗមួយចំនួននៅលើពិភពលោក ។ មន្ត្រីក្រសួងបរិស្ថានម្នាក់បានប្រាប់រ៉យទ័រកាលពីខែមុនថា ក្រុមដែលកំណត់អត្តសញ្ញាណអគ្គីភ័យ និងជួយពន្លត់អគ្គីភ័យបានមើលឃើញថា ថវិការបស់ខ្លួនបានធ្លាក់ចុះពាក់កណ្តាលដោយសារតែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចទាក់ទងនឹងវីរុសកូរ៉ូណា ។

ខេត្ត Central Kalimantan បាននិយាយថា ស្ថានភាពអាសន្ននឹងដំណើរការរហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ។ កម្រិតនៃភាពអាសន្នស្ថិតក្នុងដំណាក់កាល “ប្រុងប្រយ័ត្ន” ដំបូងដែលអំពាវនាវឲ្យបង្កើនការល្បាត និងកិច្ចខិតខំប្រឹងប្រែងពន្លត់មុន ។

លោក Alpius Patanan មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយខេត្តបាននិយាយថា “កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភ្លើងឆេះព្រៃកំពុងដំណើរការ ពីព្រោះស្ទើរតែគ្រប់តំបន់នៅខេត្ត Central Kalimantan បានចូលដល់រដូវប្រាំងក្នុងខែកក្កដា” ។

ចំណែកលោក Kiki Taufik ប្រធានយុទ្ធនាការព្រៃបៃតងក្នុងប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ការកាត់បន្ថយថវិកាអាចបណ្តាលឲ្យមានភ្លើងឆេះកាន់តែគ្រោះថ្នាក់ ហើយសហគមន៍ដែលនៅសេសសល់នឹងប្រយុទ្ធប្រឆាំងនឹងពួកវាដោយខ្លួនឯង ។

លោក Taufik បាននិយាយថា “ចំណុចក្តៅនៃភ្លើងឆេះអាចមានសក្តានុពលកាន់តែធំ និងរាលដាលដល់តំបន់ដាច់ស្រយាលជាពិសេសដីដែលឆេះតាំងពីឆ្នាំ ២០១៩ ដែលមិនទាន់ត្រូវបានកែលម្អនៅឡើយ ហើយអ័ព្ទអាចនឹងមានសភាពក្រាស់ ឬស្រដៀងនឹងឆ្នាំមុន” ។

ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសផលិតប្រេងដូងធំជាងគេបំផុតនៅលើពិភពលោក ហើយអគ្គីភ័យរៀងរាល់ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដុតបំផ្លាញដែលត្រូវបានប្រើដើម្បីបោសសំអាតតំបន់ដាំដុះដំណាំដូងប្រេង ខណៈដែលអគ្គីភ័យកាលពីឆ្នាំមុនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយមានព្រៃ និងដីចំនួន ១.៦ លានហិកតាត្រូវបានដុតបំផ្លាញ ។

ក្រុមអ្នកបរិស្ថាននិយាយថា ឧស្សាហកម្មដូងប្រេងរបស់ប្រទេសឥណ្ឌូនេស៊ីគឺជាផ្នែកមួយនៃការឈានមុខគេនៃការកាប់បំផ្លាញព្រៃឈើដែលកំពុងបំផ្លាញទីជម្រករបស់ប្រភេទសត្វជិតផុតពូជដូចជា សត្វខ្លាកោះស៊ូម៉ាត្រា និងស្វាឪអ៊ូរ៉ង់ហ្គូតង់នៅកោះ Borneo ជាដើម ៕ REUTERS

ក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ឧទ្យានជាតិ Sebangau ខេត្ត Kalimantan ។ (រូប REUTERS)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត