BREAKING NEWS
Search

ក្រសួងមហាផ្ទៃ នឹង​បើក​កិច្ចប្រជុំ​បន្ត ដើម្បី​ពិគ្រោះ​យោបល់​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០ ខាងមុខនេះ ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល នឹង​បន្ត​ដំណើរការ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​៦ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​របស់​អង្គការ​សង្គម​ស៊ីវិល​។

​កម្មវិធី​នោះ នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៨និង​៣០នាទី​ព្រឹក​ នា​សាល​ប្រជុំ​អគារ S នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ហើយ​ដើម្បី​ចូលរួម​អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហា​សុខាភិបាល ក្រសួងមហាផ្ទៃ និង​អញ្ជើញ​តែ​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ដែល​ធ្លាប់​បាន​ចូលរួម​កិច្ចប្រជុំ​កាលពី​លើក​មុន​តែ​ប៉ុណ្ណោះ​។​

​គួរ​រំលឹក​ថា ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បាន​បន្ត​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​៥ ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹម​សារ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល ដោយមាន​ការចូលរួម​ពី​សមាជិក ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល អង្គទូត​នានា ព្រមទាំង​អង្គការ សង្គម​ស៊ីវិល និង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ លោក ប៊ុន ហុន បាន​ថ្លែងថា នៅ​ក្នុង​កិច្ចពិភាក្សា​កន្លងមក​ ពិនិត្យ​ឃើញថា ចំណុះ​មួយ​ចំនួន​ក៏បាន​យល់ព្រម​ឯកភាពគ្នា ហើយ​នៅ​ចំណុះ​មួយចំនួនទៀត​ក៏​មិនទាន់បាន​ឯកភាពគ្នា​នៅឡើយ ដូច្នេះ​កិច្ចប្រជុំ​នៅតែ​បន្ត​ពិភាក្សា​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ស្វែង​ការឯកភាព​គ្នា​កំណត់​ធាតុ​ចូល​លើ​ដំណើរ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​។​

​ជាមួយគ្នា​នោះ​ លោក ប៊ុន ហុន បាន​ស្នើ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ ត្រូវ​ឈរ​លើ​ស្មារតី​ជា​អ្នកបច្ចេកទេស​ចូលរួម​ផ្តល់​ធាតុ​ចូល​សំខាន់ៗ ដែល​នៅ​មិនទាន់​គ្រប់​ជ្រុង​ជ្រោយ សូមកុំ​ឲ្យ​មាន​ការទាញយក​នូវ​បញ្ហា​ផ្សេង​ក្រៅពី​គោលបំណង​ នៃ​កិច្ចប្រជុំ ដែល​ជា​កត្តា​នាំ​ឲ្យ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មានការ​យឺតយ៉ាវ​។

លើស​ពី​នេះ​ទៀត លោក ​បាន​បន្ត​ស្នើ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ចូលរួម​ក្នុង​ដំណើរការ​ពិភាក្សា​ផ្តល់​យោបល់​ឲ្យ​បាន​ច្រើន​គ្រប់​ពេល​ប្រជុំ ចៀសវាង​មិនបាន​ចូលរួម​ជាមួយគ្នា ហើយ​លើក​យក​ទស្សនៈ​ផ្សេងៗ ធ្វើឲ្យ​មាន​ការយល់​ខុស​ពី​ស្មារតី​ នៃ​ដំណើរការ​វិសោធនកម្ម​ច្បាប់ ​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​៕
អត្ថបទ ៖ កោះ​កែវ​

សូមចុចអាន ៖ សក្ដានុពលខេត្តកំពង់ចាម ទទួលបានទំហំពាណិជ្ជកម្មសរុបជាង១៨០០លានដុល្លារ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114