BREAKING NEWS
Search

អ៊ីស្រាអែលអនុម័តឲ្យតាមដានជាបណ្តោះអាសន្នលើទូរស័ព្ទអ្នកផ្ទុកជំងឺកូវីដ១៩ចំពេលមានការកើនឡើននៃករណីថ្មី

សភាអ៊ីស្រាអែលបានបោះឆ្នោតកាលពីថ្ងៃពុធដើម្បីអនុញ្ញាតឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់ប្រទេសនេះតាមដានទូរស័ព្ទដៃរបស់អ្នកផ្ទុកវីរុសកូរ៉ូណាក្នុងរយៈពេល៣សប្តាហ៍ក្រោយចំពេលមានការកើនឡើងជាថ្មីនៃករណីថ្មីៗ។

បច្ចេកវិទ្យាឃ្លាំមើល Shin Bet ត្រូវបានគេប្រើដើម្បីតាមដានអ្នកមានផ្ទុកជំងឺចាប់តាំងពីខែមីនា​មកនៅពេលគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានរារាំងសភានិ​ងអនុម័តកម្មវិធីនេះតាមរយៈបទប្បញ្ញត្តិគ្រាអាសន្ននៅពេលដែលករណីដំបូងបានកើនឡើង។

វិធានការបន្ទាន់ទាំងនេះបាននាំឲ្យមានការប្រឆាំងពីក្រុមអ្នកឃ្លាំមើលភាពឯកជនហើយតុលាការកំពូលបានលើកឡើងពីការព្រួយបារម្ភអំពីគ្រោះថ្នាក់ដល់សេរីភាពបុគ្គល។

ច្បាប់ថ្មីនេះអនុញ្ញាតឲ្យទីភ្នាក់ងារ Shin Bet ចូលមើលទិន្នន័យទីតាំងទូរស័ព្ទរបស់អ្នកកាន់រយៈ​ពេល១៤ថ្ងៃមុនពេលពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យ។ ទិន្នន័យនោះត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណនរណាម្នាក់ដែលពួកគេបានទាក់ទងជាមួយ។ វាជាអ្វីដែលត្រូវបានអ្នកគាំទ្រនិ​យាយថាមានសារៈសំខាន់ណាស់ក្នុងការកំណត់ករណីថ្មី។

ច្បាប់ដែលនឹងផុតកំណត់នៅថ្ងៃទី២២ខែកក្កដាមួយនេះរួមបញ្ចូលទាំងយន្តការត្រួតពិនិត្យដែលតម្រូវឲ្យ Shin Bet ធ្វើរបាយការណ៍ប្រចាំសប្តាហ៍ស្តីពីការឃ្លាំមើលរបស់ខ្លួនទៅកាន់គណៈ​កម្មាធិការកិច្ចការបរទេសនិងការពារជាតិរបស់សភាផងដែរ។

ច្បាប់នេះចែងថា Shin Bet អាចត្រូវបានគេអំពាវនាវឲ្យប្រើបច្ចេកវិទ្យានៅពេលមានករណីប្រ​ចាំថ្ងៃថ្មីកើនលើសពី២០០ករណីខណៈកាលពីថ្ងៃអង្គារករណីបានឈានដល់៧៧៦ករណីដែលជាកម្រិតខ្ពស់ក្នុងកំណត់ត្រានិងដើម្បីតាមដានអ្នកជំងឺជាក់លាក់ដែលក្រសួងសុខាភិបាលមិនអាចរកឃើញបាន។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលដែលមានប្រជាជនចំនួន៩លាននាក់បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន៣២១នាក់និងមានករណីឆ្លងវីរុសកូរ៉ូណាជាង២៦,០០០នាក់៕ REUTERS

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ