BREAKING NEWS
Search

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសប្រេស៊ីលកើនឡើងដល់ ៦ ម៉ឺននាក់

ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅប្រទេសប្រេស៊ីលកើនឡើងដល់ ៦ ម៉ឺននាក់ បន្ទាប់ពីបានកត់ត្រាអ្នកស្លាប់ជាង ១ ពាន់នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ប្រទេសអាមេរិកខាងត្បូងមួយនេះបានទទួលរងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោកសម្រាប់សប្តាហ៍ចុងក្រោយនេះ និងជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទី ២ លើពិភពលោកសម្រាប់ទាំងករណីឆ្លង និងស្លាប់ បន្ទាប់ពីសហរដ្ឋអាមេរិក ។

ប្រទេសប្រេស៊ីលមិនបានបង្ហាញសញ្ញាណាមួយនៃការកាត់បន្ថយចំនួនករណីឆ្លង ឬការស្លាប់ប្រចាំថ្ងៃរបស់ខ្លួនឡើយ ។

ជាមួយនឹងករណីថ្មីជាង ៤៦,០០០ ករណីប្រទេសដែលមានប្រជាជនចំនួន ២១២ លាននាក់បច្ចុប្បន្ននេះមានអ្នកឆ្លងជំងឺចំនួន ១.៤៤ លាននាក់ ទោះបីជាអ្នកវិភាគជឿជាក់ថា តួលេខពិតខ្ពស់ជាងនេះក៏ដោយ ។

ចំនួនអ្នកស្លាប់ច្រើនជាងគេគឺនៅរដ្ឋដែលមានប្រជាជនច្រើនជាងគេ Sao Paulo មានចំនួន ១៤,៧០០ នាក់ បន្ទាប់មកគឺទីក្រុង Rio de Janeiro ដែលមានចំនួនជាង ១ ម៉ឺននាក់ ។

អត្រាការស្លាប់របស់ទីក្រុង Rio មានចំនួន ៥៨៤ នាក់ក្នុងមួយលាននាក់គឺច្រើនជាងទ្វេដងនៃអត្រាជាតិចំនួន ២៨៤ នាក់ ។

ចំណែកនៅភាគឥសាននៃរដ្ឋ Ceara បានរងការវាយប្រហារកាន់តែអាក្រក់ទៅៗដោយមានមនុស្សស្លាប់ចំនួន ៦៧៣ នាក់ក្នុងមួយលាននាក់ ៕ AFP

សាច់ញាតិមានប្រតិកម្មនៅពេលដែលអ្នកជីកផ្នូរខ្មោចកប់មឈូសជនរងគ្រោះដែលសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណានៅទីក្រុង Sao Paulo ។ (រូប REUTERS)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត