BREAKING NEWS
Search

ខ្មាន់កាំភ្លើងសម្លាប់មនុស្ស២៤នាក់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនថ្នាំក្នុងប្រទេសម៉ិកស៊ិក

អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនថ្នាំនៅកណ្តាលប្រទេសម៉ិកស៊ិកហើយបានបើកការបាញ់ប្រហារដោយបានសម្លាប់មនុស្សចំនួន២៤នាក់និង៧នាក់រងរបួស។

ប៉ូលិសនៅរដ្ឋ Guanajuato បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុង Irapuato។ អ្នករងរបួសចំនួន៣នាក់ក្នុងចំណោម៧នាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកវាយប្រហារបានបាញ់មនុស្សគ្រប់គ្នានៅឯមជ្ឈមណ្ឌលនោះ។ ប៉ូលិសរដ្ឋបាននិយាយថា ​គ្មាននរណាម្នាក់ត្រូវបានចាប់ពង្រត់ទេ។

រដ្ឋ Guanajuato គឺជាកន្លែងនៃការប្រយុទ្ធបង្ហូរឈាមរវាងក្រុម Jalisco និងក្រុមក្មេងទំនើងក្នុង​តំបន់ហើយរដ្ឋនេះបានក្លាយជារដ្ឋមានអំពើហិង្សាខ្លាំងបំផុតនៅក្នុងប្រទេសម៉ិកស៊ិក។

គេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារនេះទេប៉ុន្តែអភិបាលរដ្ឋលោក Diego Sinhue បា​ននិយាយថា ក្រុមក្មេងទំនើងគ្រឿងញៀនហាក់ដូចជាមានជាប់ពាក់ព័ន្ធ។

ក្រុមក្មេងទំនើងគ្រឿងញៀនម៉ិកស៊ិកបានសម្លាប់អ្នកជួញដូរតាមដងផ្លូវមកពីក្រុមទំនើងដែល​ជាគូប្រជែងដែលកំពុងជ្រកកោននៅមជ្ឈមណ្ឌលបែបនេះនាពេលកន្លងមក។

វាគឺជាការវាយប្រហារដ៏សាហាបំផុតមួយលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនថ្នាំចាប់តាំងពីមនុស្សចំនួន១៩នាក់ត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០១០ក្នុងទីក្រុង Chihuahua ភាគខាងជើ​ងប្រទេសម៉ិកស៊ិក។ ការវាយប្រហាររាប់សិបលើកលើទីតាំងបែបនេះបានកើតឡើងចាប់តាំងពីពេលនោះមក។

ប្រទេសម៉ិកស៊ិកមានបញ្ហាជាយូរមកហើយជាមួយមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនថ្នាំពីព្រោះភាគច្រើនត្រូវបានគ្រប់គ្រងដោយឯកជនហើយមានប្រាក់តិចតួចនិងជារឿយៗតែងតែរំលោភបំពានលើអ្នកញៀនថ្នាំ៕ AP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ