BREAKING NEWS
Search

សហរដ្ឋអាមេរិកសម្រុកទិញថ្នាំព្យាបាលជំងឺកូវីដខណៈប្រទេសមួយចំនួននិយាយថា ខ្លួនមានស្តុកគ្រប់គ្រាន់

ប្រទេសអង់គ្លេសនិងអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានស្តុកថ្នាំ Remdesivir គ្រប់គ្រាន់។ វាជាថ្នាំដំបូងបំផុតដែលត្រូវបានគេបង្ហាញថាមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺកូវីដ១៩ហើយក្នុងនោះសហរដ្ឋអាមេរិកបានទិញការផ្គត់ផ្គង់ស្ទើរតែទាំងអស់។

ទីក្រុងវ៉ាស៊ីនតោនបានប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទិញ៩២ភាគរយនៃថ្នាំ Remdesivir ទាំងអស់ដែលផលិតដោយមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Gilead រហូតដល់ដំណាច់ខែកញ្ញា​ពោលគឺសម្រាប់ការព្យាបាលអ្នកជំងឺប្រហែល៥០០,០០០នាក់ក្នុងចំណោមអ្នកជំងឺជិត៥៥០,០០០នាក់។ ការព្យាបាលនីមួយៗតម្រូវឲ្យប្រើថ្នាំនេះជាមធ្យម៦,២៥ដប។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាមនុស្សលោក Alex Azar បាននិយាយថា លោកប្រធានា​ធិបតី Donald Trump បានធ្វើកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយដើម្បីធានាថាជនជាតិអាមេរិកអាចទ​ទួលបានថ្នាំព្យាបាលដែលត្រូវបានអនុញ្ញាតជាលើកដំបូងសម្រាប់ជំងឺកូវីដ១៩ខណៈចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកបានកើនដល់១២៧,០០០នាក់ដែលជាចំនួនខ្ពស់ជាងគេនៅលើពិភពលោក។

ក្រុមហ៊ុន Gilead បានកំណត់តម្លៃ៣៩០ដុល្លារក្នុងមួយដបនៅក្នុងប្រទេសអភិវឌ្ឍន៍ឬ២,៣៤០ ដុល្លារសម្រាប់៦ដបដែលប្រើសម្រាប់រយៈពេលទូទៅ៥ថ្ងៃបើទោះបីជាក្រុមហ៊ុនធានារ៉ាប់រងឯកជនអាមេរិកនឹងបង់ប្រាក់៥២០ដុល្លារក្នុងមួយដបក៏ដោយ។

ថ្នាំនេះត្រូវបានអនុម័តនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ខែឧសភាបន្ទាប់ពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជួយពន្លឿនការជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ១៩ដែលមានសភាពធ្ងន់ធ្ងរបាន៤ថ្ងៃហើយទ្វីបអឺរ៉ុបគ្រោងនឹងអនុម័តវាក្នុងពេលឆាប់ៗនេះ។

ការសម្រុកទិញរបស់ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យមានការព្រួយបារម្ភអំពីកង្វះខាតនៅក្នុងប្រ​ទេសផ្សេងទៀតលើពិភពលោកប៉ុន្តែយ៉ាងហោចណាស់មានប្រទេសអឺរ៉ុបចំនួនពីរបាននិយាយកាលពីថ្ងៃពុធថា ពួកគេមិនមានការព្រួយបារម្ភអ្វីនោះទេ។

អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “ចក្រភពអង់គ្លេសបានប្រើប្រាស់ថ្នាំ ​Remdesivir មួយរយៈមកហើយដោយដំបូងគឺនៅក្នុងការសាកល្បងហើយឥឡូវនេះស្ថិតក្នុងដំណាក់កាលដំបូងនៃគម្រោងប្រើថ្នាំ។ ចក្រភពអង់គ្លេសមានស្តុកគ្រប់គ្រាន់ហើយ”។

នៅប្រទេសអាល្លឺម៉ង់ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា “រដ្ឋាភិបាលបានធានា​ការស្តុកទុកនៃថ្នាំ Remdesivir សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ។ នៅពេលនេះ មានថ្នាំបម្រុង​គ្រប់គ្រាន់”៕ REUTERS

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ