BREAKING NEWS
Search

ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតទូទៅនៅខែវិច្ឆិកា

គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតទូទៅលើកក្រោយរបស់ខ្លួននៅថ្ងៃទី ៨ ខែវិច្ឆិកានៅក្នុងការសាកល្បងមួយសម្រាប់រដ្ឋាភិបាលប្រជាធិបតេយ្យរបស់ប្រទេសដែលទើបតែដឹកនាំដោយលោក ស្រីអ៊ុង សានស៊ូជី ។

មេដឹកនាំដែលទទួលជ័យលាភីរង្វាន់ណូបែលរូបនេះបាននាំឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ បន្ទាប់ពីការគ្រប់គ្រងដោយយោធាអស់រយៈពេល ៥ ទសវត្ស ។

ប៉ុន្តែកិត្តិនាមរបស់លោកស្រី ស៊ូជី ត្រូវបានបំផ្លាញដោយការបង្ក្រាបដោយយោធាដ៏សាហាវមួយនៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ាដែលបានបង្ខំឲ្យជនមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់រត់ភៀសខ្លួនចូលប្រទេសបង់ក្លាដែសដែលនៅជិតខាង ។

ទន្ទឹមនោះលោកស្រីក៏បានបង្ហាញខ្លួនដោយផ្ទាល់នៅឯតុលាការអន្តរជាតិនៅទីក្រុងឡាអេដើម្បីការពារកងទ័ពប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ការដុត និងការសម្លាប់រង្គាលនៅក្នុងយុទ្ធនាការដែលក្រុមសិទិ្ធមនុស្សបាននិយាយថា វាទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ។

ការសន្យារបស់លោកស្រីអំពីសេដ្ឋកិច្ចដែលកំពុងកើនឡើង បន្ទាប់ពីការបោះឆ្នោតរបស់គណបក្សលោកស្រីបានបរាជ័យយ៉ាងច្រើនក្នុងការសម្រេចបាន ខណៈក្រុមជនជាតិភាគតិចមួយចំនួននិយាយថា ការព្រួយបារម្ភរបស់ពួកគេមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលរបស់លោកស្រីនោះទេ ។

ប៉ុន្តែលោកស្រីត្រូវបានប្រជាជនសាធារណៈជាច្រើននិយាយថានៅតែជាឥស្សរជនដែលគេស្រឡាញ់ជាទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

បន្ថែមពីនេះគូប្រជែងសំខាន់ដ៏សំខាន់របស់គណបក្សលោកស្រីគឺគណបក្សសាមគ្គី និងអភិវឌ្ឍសហភាពដែលគាំទ្រដោយយោធាដែលត្រួតត្រារដ្ឋាភិបាលអន្តរកាលរបស់ប្រទេសនេះអស់រយៈពេល ៥ ឆ្នាំមុនពេលលោកស្រី ស៊ូជី ចូលកាន់តំណែង ។

លោក Richard Horsey អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោនបាននិយាយថា ការបោះឆ្នោតទំនងជាមិននាំមកនូវការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាលនោះទេដោយសារតែប្រជាប្រិយភាពរបស់លោកស្រី ស៊ូជី ។

ប៉ុន្តែលោកបានប្រាប់ AFP ថា “ពួកគេនឹងពង្រឹងបន្ថែមនូវលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅក្នុងប្រទេសមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់ការអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។

ការបោះឆ្នោតនេះនឹងត្រូវធ្វើឡើងស្ថិតនៅក្រោមការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាដែលបានពន្យារពេលយុទ្ធនាការនយោបាយ និងធ្វើឲ្យអន្តរាយដល់ផែនការបោះឆ្នោតនៅជុំវិញពិភពលោក ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរួចផុតពីការផ្ទុះជំងឺនេះដោយបានចុះបញ្ជីករណីឆ្លងចំនួន ៣០០ ករណី និងមានអ្នកស្លាប់ចំនួន ៦ នាក់ ទោះបីជាយ៉ាងណាក្រុមអ្នកជំនាញសង្ស័យថាចំនួនទាបនេះគឺជាផ្នែកមួយដោយសារតែការធ្វើតេស្តមានកំណត់ ៕ AFP

លោកស្រី អ៊ុងសាន ស៊ូជី បានធ្វើឲ្យគណបក្សរបស់លោកស្រីទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៥ បន្ទាប់ពីការគ្រប់គ្រងដោយយោធាអស់រយៈពេល ៥ ទសវត្ស ។ (រូប AFP)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត