BREAKING NEWS
Search

យ៉ែម សំ​អូន រម្លឹក​រូបភាព​អនុស្សាវរីយ៍​ដ៏​កម្រ​កាលពី​១៥​ឆ្នាំមុន​ ជាមួយ​កូន​ស្រី​ដោយ​អារម្មណ៍​នឹករលឹក​បំផុត

​ភ្នំពេញ​ ៖ ​តារា​ចម្រៀង​ប្រុស​ជើងចាស់ ​លោក​យ៉ែម សំ​អូន ថ្វីត្បិតតែ​រហូត​មក​ទល់​ពេលនេះ​ លោក​បាន​រស់​នៅ​បែក​គ្នា​ជាមួយ​អតីត​ភរិយា​អ្នកនាង យ៉ាន លីដា និង​កូនស្រី​សំណព្វចិត្ត​អស់​រយៈពេល​ប្រមាណ​ជាង​៥​ឆ្នាំ​ហើយក៏​ពិតមែន​ ប៉ុន្តែ​ក្នុងនាម​ទឹកចិត្ត​លោក​ ដែល​ត្រូវជា​ឪពុក​នៅតែ​ផ្តល់​ក្តី​ស្រលាញ់​នឹង​នឹករលឹក​ចំពោះ​កូនស្រី​ជានិច្ច​។

​ជាក់ស្តែង​ពេលនេះ​លោក យ៉ែម សំ​អូន បាន​ទម្លាយ​នូវ​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​១​សន្លឹក​ជាមួយ​កូនស្រី​បណ្ដូល​ចិត្ត​ភ្ជាប់​នឹង​ខ្លឹមសារ​នៃ​ទំហំ​ទឹកចិត្ត​ផ្ញើ​ក្តី​ស្រលាញ់​ ចំពោះ​កូនស្រី ​ដែល​កំពុង​រស់នៅ​ឯនាយ​សមុទ្រ​(​ប្រទេស​អូស្ត្រាលី​) ​ខណៈ​មហាជន​ ដែល​បាន​ឃើញ​ហើយ​នាំគ្នា​សរសើរ​ពី​ទឹកចិត្ត​លោក​ ក្នុងនាម​ជា​ឪពុក​ ដែល​មាន​ទំនួល​ខុសត្រូវ​ស្ទើរ​គ្រប់គ្នា​។

​លោក យ៉ែម សំ​អូន បាន​រៀប​រាប់​ថា​ ឃើញ​រូបភាព​នេះ​ គឺ​ពេលវេលា​រំលង​ផុត​ទៅ​១៥​ឆ្នាំ​យ៉ាង​លឿន​បំផុត​ ហើយ​វា​បន្សល់​ត្រឹម​អនុស្សាវរីយ៍​ដ៏​ច្រើន​លើស​លុប​សម្រាប់​ការ​ចង​ចាំ ​ដែល​គ្មាន​ថ្ងៃ​និង​ភ្លេច​បាន​។ ​ថ្ងៃនេះ​ខែ​ថ្មី​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២០​ ប៉ា​សូម​ជូនពរ​ឲ្យ​កូនស្រី​បណ្ដូលចិត្ត​របស់​ប៉ា​ប៉ា ជួប​តែ​រឿង​យ៉ាង​ល្អៗ កុំ​ឲ្យ​កូនស្រី​ប៉ា​ឈឺ​។ តារា​ចម្រៀង​មាន​ប្រជាប្រិយភាព​លោក យ៉ែម សំ​អូន បាន​និយាយ​បន្ថែម​ទៀត​ថា​ កូន​ប្រាថ្នា​អ្វី​សូម​ឲ្យ​កូន​សម្រេច​ដូច​ក្ដី​បំណង និង​ក្ដី​សុខ​អស់​មួយ​ជីវិត​ណា​កូន​ណា​នេះ ​ជា​សេចក្ដី​សុខ​បំផុត​ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ប៉ា​ប៉ា​ហើយ នឹក​កូន​…..!​។

​ដោយឡែក​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ​លោក យ៉ែម សំ​អូន ក៏បាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ក្ដី​អាណិត​ផង​ដែរ​ក្រោយ​ពេល​ដែល ​លោក​រៀប​រាប់ទាំង​អួល​ដើម​ក​ ក្នុងនាម​ជា​ឪពុក​ ដែល​ពោរពេញ​ដោយ​ក្ដី​នឹក​រឭក ព្រួយបារម្ភ​ចង់​ដឹង​សុខទុក្ខ​កូនស្រី​សំណព្វចិត្ត​ កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​អតីត​ភរិយា​អ្នកនាង យ៉ាន លីដា​ ខណៈ​ទំនាក់ទំនង​ឪពុក​កូន​ហាក់​ត្រូវ​បាន​កាត់ផ្ដាច់​ស្ទើរ​ទាំងស្រុង​ក្នុង​កំឡុង​ពេល​ពីរ​ឆ្នាំ​ក្រោយនេះ​៕
អត្ថបទ៖ ចាន់​រ៉ា
សូមចុចអាន៖ ពេជ្រ សោភា ប្រកាស​បោះ​ទន់​រាប់​សិប​ម៉ឺន​ដុល្លារ​ លើ​មុខ​ជំនួញ​ថ្មី​ក្នុង​សម័យ​កូ​វីដ​-១៩