BREAKING NEWS
Search

ការប្រែប្រួល​អាកាសធាតុ និង​ការបំផ្លាញ​ព្រៃ​លិច​ទឹក​ បង្ក​ឲ្យ​ធនធាន​ជលផល​ថយ​ចុះ​

កំពង់ឆ្នាំង​ ៖ នៅ​ព្រឹក​ព្រហាមស្រាងៗ​នា​ព្រឹក​មួយ នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២០ ចំណុច​ព្រែក​ជ្រោយ​បបុស ខេត្តកំពង់ឆ្នាំង ប្តី​ប្រពន្ធ​វ័យ​ចំណាស់​២​នាក់ កំពុង​បើកបរ​ទូក​បា​ឡា​ស្មាច់​មួយគ្រឿង​សំដៅទៅ​របាំង​លប​សាច់​អួន​ក្រឡា​២​ហ៊ុន​មួយ​កន្លែង ដែលមាន​ប្រវែង​ប្រមាណ​ជាង​៥០​ម៉ែត្រ ដើម្បី​លើក​លប​យក​ត្រី​ដែល​ពួកគាត់​បាន​ដាក់​កាលពី​ល្ងាច។​​

​បុរស​ជា​ប្តី​ ឈ្មោះ ផ្លុ​ង សា​វ៉ាន ជា​ប្រជា​នេសាទ​អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ភូមិ​កោះក្របី​លើក​លប​បណ្តើរ​ និយាយ​ទៅកាន់​ប្រពន្ធ​ខ្លួន​បណ្តើ​រថា ​៖ «​ស្រេច​ហើយ​ម៉ែវា​អើយ ​! លប​យើង​ថ្ងៃនេះ ជាប់​ត្រី​តូចៗ​តែ​បី​បួន​ក្បាល​តែប៉ុណ្ណោះ មិនបាន​មួយ​សម្ល​ផង មិនដឹងថា​ត្រី​វា​បាត់​ទៅ​ណា​អស់​។ បើ​រាល់ថ្ងៃ​តែ​យ៉ាង​នេះ ទាំង​គេ​ទាំង​យើង​ ពិតជា​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ទេ​ម៉ែ​វា​!»

​លោក ផ្លុ​ង សា​វ៉ាន បាន​និយាយ​ក្នុង​ក្តី​អស់​សង្ឃឹម​ថា កាលពី​៥​ឆ្នាំមុន គាត់​ដាក់​លប​ដូចគ្នា​នៅ​កន្លែង​នេះ យ៉ាងហោចណាស់​ក៏បាន​ត្រី​២​ទៅ​៣​គីឡូ​ដែរ ដើម្បី​លក់ដូរ​ទិញ​អង្ករ​ហូប​។ ប៉ុន្តែ គាត់​និយាយថា​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ត្រី​មិនដឹង​បាត់​ទៅណា​អស់ ធ្វើឲ្យ​ប្រជា​នេសាទ​ដូច​រូបគាត់​ពិតជា​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ជីវភាព​រស់នៅ​។

​អ្នកនេសាទ​រូបនេះ និយាយថា ​បើតាម​គាត់​ដឹង គឺ​មកពី​ទឹកទន្លេ​មិនឃើញ​ឡើង​សោះ នៅ​ចុងខែ​មិថុនា​នេះ​ទៅ​ហើយ ទើប​ត្រី​មិន​សម្បូរ​ដូច​ឆ្នាំមុនៗ រួមផ្សំ​នឹង​មូលហេតុ​ដែល​ប្រជា​នេសាទ​មួយចំនួន​ប្រើ​ឧបករណ៍​ចាប់​ត្រី​ខុស​ច្បាប់ ដូចជា​ដាក់​លបរ​បាំងសាច់​អួន​ក្រឡា​ញឹក​ហើយ​វែងៗ​លើស​ប្រវែង​ដែល​ច្បាប់​ជលផល​បានកំណត់ ជាពិសេស​គឺ​ការនេសាទ​ខុសច្បាប់​នៅក្នុង​រដូវ​បិទ​នេសាទ​បែបនេះ​តែម្តង​។​

​ទោះបីជា​យ៉ាងណា នៅ​ភូមិ​កោះក្របី ខេត្តកំពង់ឆ្នាំង​នេះ មិនមែន​មានតែ​ លោក ផ្លុ​ង សា​វ៉ាន និង​ភរិយា​របស់លោក​នោះទេ​ដែល​ជួបប្រទះ​បញ្ហា​ នៃ​ថយចុះ​ផល​នេសាទ​ត្រី​នោះ​។​

​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ប្រជា​នេសាទ​ពីរ​នាក់​ប្តី​ប្រពន្ធ​លើក​លប បុរស​ម្នាក់ទៀត​ដែល​បាន​ទៅលើ​ក​មង​បោះ​នៅ​ជិត​របាំង​លប​ខាងលើនេះ ស្រែក​ប្រាប់​ លោក ផ្លុ​ង សា​វ៉ាន ថា​ គាត់​ដាក់មង​មួយ​ត្បូង ​ប្រវែង​៥០​ម៉ែត្រ​ដែរ មួយ​យប់​ទៅហើយ ប៉ុន្តែ​ក៏​អត់​ជាប់​ត្រី​មួយ​ដែរ​។ គាត់​និយាយថា ​សម្រាប់​ម្ហូប​នៅថ្ងៃនេះ គឺមាន​តែ​ទិញ​ត្រី​នៅ​ទីផ្សារ​ដែល​គេ​ចិញ្ចឹម​មក​ហូប​ទៀតហើយ​។​

​បុរស​រូបនេះ​ត្អូញត្អែរ​ថា ​៖ «​យ៉ាប់​ហើយ​ស្រុក​យើង អ្នកខ្លះ​នៅក្នុង​ភូមិ​បំផ្លាញ​តែ​ខ្លួនឯង ទោះ​ដឹងថា​ការ​ឆក់​ត្រី​គឺជា​អំពើ​ខុសច្បាប់ គឺ​នៅតែ​ទៅ​ឆក់​ទៀត គឺ​ព្រោះតែ​បញ្ហា​ក្រពះ ពេលនេះ​មាន​ទឹកតែ​អស់​ត្រី និង​មានព្រៃ​តែ​អត់​សត្វ​» តើ​យើង​នឹងត្រូវ​រកស៊ី​អ្វី​ដើម្បី​រស់​ទៅ !! ។​

​ទោះបីជា​យ៉ាងណា រួមផ្សំ​ជាមួយ​ការនេសាទ​ត្រី​ខុសច្បាប់ ការបំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង ក៏​ជា​មូលហេតុ​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​ជលផល​ធ្លាក់ចុះ​យ៉ាងគំហុក​ដែរ​។​

​លោក ឈួន រ៉ា អនុប្រធាន​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹងថា កាលពី​ដើម​ខែមិថុនា​នេះ ក្នុង​ភូមិ​កោះ ឃុំ​កំពង់ព្រះ​គគីរ ព្រៃ​លិច​ទឹក​មួយចំនួន ត្រូវ​បាន​ជនខិលខូច​យក​ត្រាក់ទ័រ​លួច​ឈូសឆាយ​នៅ​ពេល​យប់​។ គាត់​និយាយថា បឹង​អូរ​ទូក មាន​ទំហំ​ជាង​៥​ហិកតា​នៅ​កណ្តាល​វាល​ខាងលិច​វត្ត​កំពង់ព្រះ​គគីរ ក្នុងភូមិ​កោះ​តា​ម៉ូ​វ ក៏ត្រូវ​បាន​គេ​យក​ត្រាក់ទ័រ​ឈូសឆាយ​លើក​ភ្លឺ​ស្រែ​ហ៊ុមព័ទ្ធ និង​លប់​ដី​ក្នុង​បឹង​ធម្មជាតិ ដើម្បី​យក​ដី​ធ្វើស្រែ​ជា​កម្មសិទ្ធិ​ផង​ដែរ​។

​ចំពោះ​ករណីនេះ ក្រោយពី​សមាជិក​សហគមន៍​បាន​រាយការណ៍​ជូន​ក្រុមអ្នក​កាសែត​ឲ្យ​ជួយ​ចុះ​ផ្សាយ​ពី​ទង្វើ​ល្មើសច្បាប់​នេះ សមត្ថកិច្ច​ជលផល​បាន​ចុះមក​បង្ក្រាប ដោយបាន​យក​ត្រាក់ទ័រ​មួយ​គ្រឿង​មក​ឈូស​រំលាយ​ភ្លឺស្រែ​នោះ​ចោល ដើម្បី​ទុក​តម្កល់​ទឹក​សម្រាប់​ឲ្យ​ត្រី​ចូលមក​រស់នៅ​នា​ខែ​វស្សា​កើតកូន​កើត​ចៅ​វិញ​ ដើម្បី​ជីវភាព​ប្រជា​នេសាទ​នៅក្នុង​មូលដ្ឋាន។​

​ទាក់ទង​នឹង​សហគមន៍​នេសាទ​វិញ លោក អ៊ូ សោ​ភ័​ណ្ឌ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​ថា នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សហគមន៍​នេសាទ​ចំនួន​៦៥​សហគមន៍ ក្នុង​នោះ​មាន​៥៨​សហគមន៍​ ដែល​មាន​លិខិត​ទទួលស្គាល់​ពី​ក្រសួង​កសិកម្ម​ជា​ផ្លូវការ​។​

​ប៉ុន្តែ នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ សហគមន៍​នេសាទ​ឆ្នើម​មាន​ចំនួន​តែ​៦​សហគមន៍​តែប៉ុណ្ណោះ​។ គួរ​បញ្ជាក់ថា ការកំណត់​ជា​សហគមន៍​នេសាទ​ឆ្នើម គឺជា​សហគមន៍​នៅក្នុង​ដែន​នេសាទ និង​ក្នុង​ដែន​អភិរក្ស​ពូជ​ត្រី​ក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រង​ការពារ​បានល្អ ដោយ​គ្មាន​បទ​ល្មើស​កើតឡើង ប្រជា​នេសាទ​នៅក្នុង​សហគមន៍​ទទួលបាន​ផល​នេសាទ ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រប់គ្រាន់។​ ក្នុងនោះដែរ​ សហគមន៍​ឆ្នើម​ទាំងនោះ ក៏​មាន​ជំនួយ​ឧបត្ថម្ភ​នានា​ពី​អង្គការ​មួយចំនួន​ផងដែរ។ ចំណែក​សហគមន៍​នេសាទ​ចំនួន ៥០%​ទៀត ទទួល​បាន​ចំណាត់ថ្នាក់​មធ្យម គឺ​ការពារ​បាន​ខ្លះ និង​មាន​បទល្មើស​កើតឡើង​ខ្លះៗ។ ចំណែក​សហគមន៍​នេសាទ​ចំនួន ៤០%​ទៀត គឺ​ខ្សោយ​មិន​ជាប់​ចំណាត់ថ្នាក់​នោះទេ។
ទាក់ទង​នឹង​ផលប៉ះពាល់​ចំពោះ​វិស័យ​ជលផល លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ផល​ត្រី​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ក្នុង​ឆ្នាំ​២០១៩ និង​ដើម​ឆ្នាំ​២០២០​ បាន​ធ្លាក់​ចុះ ដោយ​មាន​កត្តា​មួយចំនួន ដូចជា​ការប្រែប្រួល​អាកាសធាតុ ទឹកភ្លៀង​ធ្លា​ក់​មក​តិចតួច ទឹក​ទន្លេ​មេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​យឺតយ៉ាវ ដោយសារតែ​ប្រទេស​ខាងលើ​ដង​ទន្លេមេគង្គ ដូចជា​ចិន ឡាវ វៀតណាម បាន​ទប់ទឹក​ទន្លេមេគង្គ​ធ្វើ​វា​រី​អគ្គិសនី ទម្រាំ​ទំនប់​វា​រី​អគ្គិសនី​របស់​គេ​ពេញ ទើប​ទឹក​ហូរ​មកដល់​ប្រទេស​កម្ពុជា​។​


​លោក លី ឡា និយាយថា ​៖ «​នៅក្នុង​ឆ្នាំ​២០១៩ នៅ​ដើមខែ​៩ (​ខែកញ្ញា​) ទើប​មានទឹក​ទន្លេមេគង្គ​ចូល​ចូល​បឹង​ទន្លេសាប (​ទឹក​)​ឡើង​បានតែ​រយៈពេល​១​ខែ ទឹក​ក៏បាន​ហូរ​ទៅវិញ​។ ដូច្នេះ ពេល​ទឹក​ហូរ​មក​បាន​នាំ​មេ​ពូជ​ត្រី មាន​ត្រី​សណ្ដាយ ត្រី​ប្រា ត្រី​ព្រួល ចូល​ក្នុង​បឹង​ទន្លេសាប​មាន​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ គួប​ផ្សំ​នឹង​ទឹកតូច​មិន​លិច​ព្រៃ​ច្រើន​ទៀត ត្រី​មិន​អាច​ធំធាត់ និង​សំបូរ​ច្រើន​ឡើយ​»។​

​ក្រៅពី​កត្តា​ខាងលើ ចំនួន​ប្រជាពលរដ្ឋ​បាន​កើនឡើង ហើយ​ប្រជា​នេសាទ​ក៏មាន​ចំនួន​ច្រើន ការចាប់​ត្រី​លើស​កម្រិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ស្តុក​ នៃ​ត្រី​ធម្មជាតិ គួបផ្សំ​នឹង​កំណើន​របរ​កសិកម្ម​ក៏​មាន​ប្រជាកសិករ​មួយចំនួន​បាន​លួច​កាប់​ព្រៃ​លិច​ទឹក​ជាប់​ក្បាល​ស្រែ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា​ ៖ «​កត្តា​ទាំងអស់​ខាងលើនេះ និង​ការងារ​នេះ មានតែ​ប្រជាពលរដ្ឋ​យើង ប្រជា​នេសាទ​យើង ប្រជាកសិករ​យើង សមត្ថកិច្ច​យើង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ស្ថាប័ន​តុលាការ​ផងដែរ ត្រូវតែ​ចូលរួម​ផ្សព្វផ្សាយ កិច្ចការពារ និង​ទប់ស្កាត់ និង​ចូល​រួមសហការ​បង្ក្រាប​រាល់​បទល្មើស​នេសាទ​នានា ដោយ​អនុវត្ត​ច្បាប់​ដោយ​ម៉ឺង​ម៉ាត់​ទាំងអស់គ្នា ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព ទើប​យើង​អាច​រក្សា​ធនធាន​ជលផល​ឲ្យ​គង់វង្ស និង​សំបូរ​ឡើងវិញ​»។

​ទោះបីជា​យ៉ាងណា ទម្រាំ​ធ្វើ​កិច្ចការ​ស្តារ​វិស័យ​ជលផល​ឲ្យ​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​ឡើយ​វិញ​នោះ ប្រជា​នេសាទ ដូចជា​ លោក ផ្លុ​ង សា​វ៉ាន និង អ្នកនេសាទ​ដទៃទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង និង​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ និង​ជុំវិញ​បឹង​ទន្លេសាប នឹង​បន្ត​ជួប​ការ​លំបាក​ជាច្រើន​ឆ្នាំ​ត​ទៅមុខទៀត​៕

អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114