BREAKING NEWS
Search

សមាគម​( JBAC) សន្យា​ជាមួយ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​វិនិយោគិន មក​កម្ពុជា

ភ្នំពេញ ​៖ នៅក្នុង​ជំនួប ពិភាក្សា​ការងារ​ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា នេះ សមាគម​ធុរកិច្ច​ជប៉ុន​នៃ​កម្ពុជា (JBAC) បាន​សន្យា​ជាមួយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា សមាគម​ធុរកិច្ច នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​វិនិយោគិន មក​កម្ពុជា​បន្ថែម​ទៀត​។

នា​ឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ពី​ការអនុវត្ត​គោលនយោបាយ​របស់​កម្ពុ​ជា ក្នុង​ការ​ពង្រីក​ទីផ្សារ ក៏ដូចជា​ទាក់ទាញ​វិនិយោគ​។ តាមរយៈ​ការអនុវត្ត​គោលនយោបាយ ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ និង​ទ្វេភាគី ដោយ​ក្នុងនោះ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា និង​ជប៉ុន​ជា​ភាគី នឹង​បញ្ចប់ និង​ឈានទៅរក​ការ​ចុះហត្ថលេខា​ក្នុងឆ្នាំនេះ​។

កិច្ចព្រមព្រៀង RCEP នឹង​បង្កើត​នូវ​ទីផ្សារ​ទូលំទូលាយ​សម្រាប់​កម្ពុជា ហើយ​កម្ពុជា​ក៏​កំពុងតែ​ឈាន​ទៅ​រក​ការ​ធ្វើ​ឧស្សាហ​នីយកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​បង្កើត​ការងារ ក៏ដូចជា​បង្កើត​តម្លៃបន្ថែម​សម្រាប់​ផលិតផល​ក្នុងស្រុក​។ ដូចនេះ លោក រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ធ្វើការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​។

​ជាការ​ឆ្លើយតប សមាគម JBAC បាន​ទទួលយក​សំណើ​របស់ លោក​រដ្ឋមន្ត្រី ហើយ​ក៏បាន​ជម្រាប​ថា ក្រុមហ៊ុន​ជប៉ុន​នៅតែ​មានបំណង​ពង្រីក និង​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ហើយ​សមាគម​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទាក់ទាញ​វិនិយោគិន​ទាំង​នោះ​មក​កម្ពុជា៕
ឌួង​វិ​រះ​ជ័យ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114