BREAKING NEWS
Search

៦​ខែ​ដើមឆ្នាំ​២០២០​នេះ ​មាន​ករណី​ជំងឺគ្រុនឈាម​ជាង​៣​ពាន់​ ករណី​ថយ​ចុះ​ជិត​១០​ដង

ភ្នំពេញ ​៖ ​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ា​រ៉ាស៊ី​សាស្ត្រ​និង​បាណក​សាស្ត្រ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២​ ខែកក្កដា​ថា​ នៅក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​៣១០៣​ករណី​ ស្លាប់​ម្នាក់​ថយចុះ​ជិត​១០​ដង​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​។

លោក​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល​បាន​បន្ត​ថា​ ៦​ខែ​ឆ្នាំ​២០១៩​កន្លងទៅ​មាន​ករណី​ជំងឺគ្រុនឈាម​ចំនួន​២៥០៨៣ ករណី​ក្នុង​នោះ​ស្លាប់​រហូតដល់​ចំនួន​២៨​ករណី​។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល​បាន​បន្ថែម​ថា ​ការថយចុះ​ករណី​ជំងឺគ្រុនឈាម​នេះ​គឺ​ដោយសារតែ​ក្រសួងសុខាភិបាល​បាន​ត្រៀម​ថ្នាំ​អា​បែ​ត​ប្រមាណ​២៥០​តោន​ និង​បានធ្វើការ​ចែកចាយ​ដល់​មន្ទីរ​សុខាភិបាល​នៅ​ទូទាំង​ប្រ ទេស​រួចរាល់​ហើយ​សម្រាប់​ដាក់​នៅក្នុង​ពាង​ឬ​អាងទឹក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​សម្លាប់​ដង្កូវទឹក​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល​បាន​ឲ្យ​ដឹង​ទៀតថា ​ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​វិធានការ​អនាម័យ​និង​បរិស្ថាន​នៅ​តាម​សហគមន៍​បាន​ល្អ​ប្រសើរ​ដូចជា​សំអាត​លំនៅឋាន​បាន​ស្អាត​លុបបំបាត់ ​ឬ​ដុត​កម្ទេច​ចោល ឬ​ទុកដាក់​ឲ្យ​មាន​របៀប​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កង់ឡាន​សំបក​ដប កំប៉ុង ត្រឡោក​ដូង ចានបាយ កំប៉ុង​ជ័រ ដែល​ជា​ជម្រក​នៃ​ការកកើត​ដង្កូវ​ទឹកជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។

លោក​ប្រធាន​មជ្ឈមណ្ឌល​បាន​អំពាវនាវ​ដល់​អាណាព្យាបាល មាតាបិតា កុមារា​កុមារី​គ្រប់រូប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​កំចាត់​ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដូចជា ពាង អាងទឹក ថូផ្កា ចាន​ទ្រ​ជើង ក្រឡ ខាប់ ជាដើម​និង​អាជីវករ និង​ម្ចាស់​ជីវកម្ម​ទាំងឡាយ ដែល​ប្រកប​របរ​ពាក់ព័ន្ធ​នឹង​សំបក​កង់ឡាន​ម៉ូតូ​សូម​ធ្វើការ​គ្រប់គ្រង​សំបក​កង់​ទាំងនេះ ឲ្យ​មាន​សុវត្ថិភាព ជៀស​ផុត​ពី​ការ​ដក​ទឹក​ដោយ​មិន​ត្រូវ​ទុកចោល​ពាសវាលពាសកាល បង្កើត​បាន​ជា​ប្រភព​កកើត និង​ជំរក​មូស​ខ្លា​ដ៏​គ្រោះថ្នាក់​បំផុត ដែល​អំណោយ​ដល់​ការ​ចម្លង​ជំងឺគ្រុនឈាម​កើនឡើង និង​អាច​ឈាន​ទៅ​រក​ការ​រាតត្បាត​គ្រប់ពេលវេលា​។

ជា​មួយ​គ្នា​នេះដែរ ​ត្រូវ​ឲ្យ​កុមារ​ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែង និង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំងយប់​មិន​ត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត​នោះ​ទេ​ និង ​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ​និង​ព្យាបាល របស់​រដ្ឋ (​សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​និង​កុំ​សាកល្បង​ព្យាបាល​ជំងឺ ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​អ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​នេះ​ឲ្យ​សោះ​៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114