BREAKING NEWS
Search

អង្គការទេសចរណ៍ពិភពលោកចាត់ទុកកម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញនៅក្រោយវិបត្តិ ជំងឺកូវីដ១៩

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាគណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗទៀតដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញនៅក្រោយវិបត្តិ ជំងឺកូវីដ១៩។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៣២នៃគណៈកម្មាធិការ UNWTO តាមប្រព័ន្ធ Video Conference លោកបណ្ឌិត ថោង ខុន បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំលើកទី៣២នេះបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី UNWTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ ជំងឺកូវីដ១៩។

ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO តាមរយៈ Video Conference លោករដ្ឋមន្ត្រី បានបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយ UNWTO និងផ្នែកពាក់ព័ន្ធនានាទៀត ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគកូវីដ១៩។

 

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា នៅក្នុងដំណើរការនៃប្រយុទ្ធប្រឆាំងការរាតត្បាតមេរោគ កូវីដ១៩ នេះ កម្ពុជាបានអនុវត្តតាម UNWTO និងគណៈកម្មការអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការដាក់ឱ្យអ្នកសង្ស័យស្នាក់នៅដាច់ដោយឡែក ការរក្សាគន្លាតសង្គម ព្រមជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍នៅជំហានទី១ បន្ថែមលើវិធានទប់ស្កាត់កូវីដ១៩ របស់ក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាធានាបាននូវការទប់ស្កាត់ការរីករាលដាលមេរោគ កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៣២របស់គណកម្មាធិការ UNWTO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណនេះ ប្រទេសម៉ាឡេស៊ី និងមាល់ឌីវ បានធ្វើជាសហប្រធានរៀបចំ ដែលមានរដ្ឋមន្ត្រីទេសចរណ៍មកពីបណ្តាប្រទេសចំនួន ២៨ ប្រទេសចូលរួម និងមានអគ្គលេខាធិការអង្គការ UNTWO និងបណ្តាអ្នកជំនាញជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សំអឿន
ប្រភព៖ ក្រសួងទេសចរណ៍