BREAKING NEWS
Search

អង្គការ​ទេសចរណ៍​ពិភពលោក​ចាត់ទុក​កម្ពុ​ជា​ ជា​ប្រទេស​អាទិភាព​ក្នុង​ការ​ទទួល​ជំនួយ​ស្តារ​ទេសចរណ៍​ឡើងវិញ​ក្រោយ​វិបត្តិកូ​វីដ​១៩

ភ្នំពេញ​ ៖​ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ គណៈកម្មាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក នៃ​អង្គការសហប្រជាជាតិ (UNWTO) ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​អាស៊ី​ទក្សិណ បានចាត់ទុក​កម្ពុជា ជា​ប្រទេស​ដែលមាន​អាទិភាព ក្នុង​ការទទួល​ជំនួយ​បច្ចេកទេស ក៏​ដូច​ការគាំទ្រ​ផ្សេងៗ​ទៀត​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​ឡើងវិញ​នៅក្រោយ​វិបត្តិ ជំងឺ​កូ​វីដ​១៩​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​នៃ​គណៈកម្មាធិការ UNWTO តាម​ប្រព័ន្ធ Video Conference លោក​បណ្ឌិត ថោង ខុន បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​នេះ​បាន​ពិភាក្សា និង​មានការ​លើកឡើង​ច្រើន​ពី​កម្ពុជា ជាពិសេស​ការជំរុញឱ្យ​កម្ពុជា​ទទួលបាន​ជំនួយ​បច្ចេកទេស និង​ការគាំទ្រ​នានា​ទៀត​ពី UNWTO ដើម្បី​ស្តារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឡើងវិញ បន្ទាប់ពី​វិបត្តិ ជំងឺ​កូ​វីដ​១៩​។



​ថ្លែង​ទៅកាន់​បណ្តា​សមាជិក​នៃ UNWTO តាមរយៈ Video Conference លោក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ការតាំង​ចិត្ត និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការចូល​រួមជាមួយ UNWTO និង​ផ្នែក​ពាក់ព័ន្ធ​នានា​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​។

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមទៀតថា នៅក្នុង​ដំណើរការ​នៃ​ប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​មេរោគ កូ​វីដ​១៩ នេះ កម្ពុជា​បាន​អនុវត្តតាម UNWTO និង​គណៈកម្មការ​អន្តរក្រសួង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ការដាក់ឱ្យ​អ្នក​សង្ស័យ​ស្នាក់នៅ​ដាច់ដោយឡែក ការរក្សា​គ​ន្លាត​សង្គម ព្រម​ជាមួយគ្នានេះ​ក្រសួងទេសចរណ៍​ក៏បាន​ដាក់ចេញ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅ​ជំហាន​ទី​១ បន្ថែម​លើ​វិធាន​ទប់ស្កាត់​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល និង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បីឱ្យ​កម្ពុជា​ធានាបាន​នូវ​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព​។

​សូម​បញ្ជាក់​ថា កិច្ចប្រជុំ​លើក​ទី​៣២​របស់​គណៈកម្មាធិការ UNWTO នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​អាស៊ី​ទក្សិណ​នេះ ប្រទេស​ម៉ាឡេស៊ី និង​មាល់​ឌី​វ បាន​ធ្វើជា​សហប្រធាន​រៀបចំ ដែលមាន​រដ្ឋមន្ត្រី​ទេសចរណ៍​មកពី​បណ្តា​ប្រទេស​ចំនួន ២៨ ប្រទេស​ចូលរួម និង​មាន​អគ្គលេខាធិការ​អង្គការ UNTWO និង​បណ្តា​អ្នកជំនាញ​ជាច្រើន​ទៀតផង​ដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114