BREAKING NEWS
Search

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​សប្បុរសធម៌​ដល់​ទារក ភ្លោះ​បី លើក​ទី​៣៦៦ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

ភ្នំពេញ ៖ ទារិកា​ភ្លោះ​បី​នាក់ មួយ​គ្រួសារ ដែល​ត្រូវជា​ចៅៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទទួល​អំណោយ​ដ៏​សប្បុរសធម៌​ពី​ស​ម្តេច​ទាំងពីរ ដោយ ទទួល​បាន​ទឹកប្រាក់​ចំនួន ៥​លាន​រៀល និង​អង្ករ​៥០​គីឡូក្រាម ទឹកដោះគោ​ម្សៅ​ឌុយ​ម៉ិ​ក​២​កេស​ធំ ស្មើនឹង​៤៨​កំប៉ុង ស្ករស ៥​គីឡូក្រាម សារុង​២ និង​ក្រ​ម៉ា​២ តាមរយៈ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​នាំ​យក​អំណោយ​ដ៏​សប្បុរសធម៌​ទាំងអស់​នោះ ទៅ​ចែក​ជូន​ផ្ទាល់​ដៃដល់​គ្រួសារ​កូនភ្លោះ​ទាំងពីរ​គ្រួសារ​នោះ ដល់​លំនៅឋាន​ស្ថិតនៅ​ផ្ទះ​លេខ​១៩​អ៊ី ផ្លូវ​៣៧១ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០​នេះ។

ទារក​ភ្លោះ​ទាំងបី​នាក់​នេះ ជា​កូន​លើក​ទី​៣ របស់​ឪពុក​ឈ្មោះ អ៊ុយ តាំង​កា អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម មរកត អាយុ​៣៦​ឆ្នាំ អ្នក​ទាំងពីរ​មាន​មុខរបរ​លក់ដូរ ទារក​ភ្លោះ​ទាំង​៣​នាក់​នេះ ប្រសូត្រ​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

ក្នុង​ឱកាស​នោះ​ លោក សេង ទៀង មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយ​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​ស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ តែងតែ​ផ្ញើ​នូវ​ការ​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ប្រទេស​កម្ពុជា​។

លោក​មាន​ប្រសាសន៍​បន្ត​ថា ​ជំនួយ​ឧបត្ថម្ភ​ទាំងអស់​នេះ មិនមែន​ជា​អំណោយ​របស់​រាជរដ្ឋាភិបាល អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា ឬ​អំណោយ​របស់​គណបក្ស ដែល​បំរើ​ឲ្យ​សកម្មភាព​នយោបាយ​នោះទេ ផ្ទុយទៅវិញ​អំណោយ​ទាំងអស់នេះ គឺជា​អំណោយទាន​កើតចេញពី​ទឹកចិត្ត​ជ្រះថ្លា ប្រកបដោយ​ការគិត​គួរ​ខ្ពស់​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ឈ្វេងយល់​ពី​ការលំបាក​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ប្រសូត្រ​ទារក​ភ្លោះ​បី​ឬ​បួន​នាក់​ពិតប្រាកដ​៕
ន​រា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114