BREAKING NEWS
Search

មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​រក​ភាព​មិន​ប្រក្រតី ​លើ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​ផ្សារ​

សៀមរាប ​៖ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ប្រចាំខេត្ត​សៀមរាប ដឹកនាំ​ដោយ​លោក ខៀវ បញ្ញា​វឌ្ឍន៍ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តសៀមរាប សហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ផ្សារ​ក្រឡាញ់ បាន​ចុះ​ត្រួតពិនិត្យ​រក​ភាព​មិន​ប្រក្រតី​លើ​ផលិតផល​ម្ហូបអាហារ​នៅក្នុង​ផ្សារ​ក្រឡាញ់ ដែល​ស្ថិត​ភូមិ​កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ដេប៉ូ​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ផ្សារ នា​ព្រឹក​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២០​នេះ។

លោក ខៀវ បញ្ញា​វឌ្ឍន៍ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៍​ថា ការ​ចុះ​ប្រតិបត្តិការនេះ ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ភាព​មិន​ប្រក្រតី​ទៅលើ​ម្ហូបអាហារ និង​បទដ្ឋាន​សុវត្ថិភាព​និង​អនាម័យ​ម្ហូបអាហារ យើង​បាន​ធ្វើ​តេស្ត​រក​សារធាតុ​គីមី​ហាមឃាត់ លើ​មុខទំនិញ​ម្ហូបអាហារ​ដែល​ជា​គោលដៅ​ពិនិត្យ​គុណភាព​សំបក​វេច​ខ្ចប់ ស្លាក​សញ្ញា និង​កាលបរិច្ឆេទ​លើ​ទំនិញ​ហូបចុក និង​ទិញ​ទំនិញ​មួយ​ចំនួន​ទៀត សម្រាប់​ជា​គំរូ​យក​ទៅ​ធ្វើ​តេស្ត​នៅ​សាខា ដើម្បី​ស្វែងរក​ប្រភព​ចែកចាយ​មិន​ប្រក្រតី​ក្នុងករណី​ដែល​ការពិសោធន៍​រក​សារធាតុ​គីមី​នោះ​។

ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​ពី​ការ​ធ្វើ​តេស្ត​លើ​មុខទំនិញ​រួម​ដូចជា គុយទាវ​, មី​លឿង​, សណ្ដែកបណ្ដុះ​, ប្រហុក​, ផ្អក​, ជ្រក់ស្ពៃ​, ជ្រក់​ត្រពាំង​, ប្រហិត​, បង្កា សរុប​ចំនួន ១៤​គំរូ គឺ​ពុំមាន​បញ្ហា​អ្វី​ឡើយ និង​ទិញ​ចំនួន​០២​គំរូ​ទៀត ដូចជា ពពុះសណ្ដែក​, អំបិល សម្រាប់​យកទៅ​ពិសោធ​ន៍​ធ្វើតេស្ត​នៅ​សាខា​ផងដែរ។

លោក​បាន​បន្តថា មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ដែល​ក្រុមការងារ​យើង​បាន​រឹបអូស​សរុប​ចំនួន ៩៥៥០​ក្រាម ដើម្បី​ធ្វើ​ការ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង ហើយក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តី​ពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕
ស៊ាន សុផាត​គឿន​វេត

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114