BREAKING NEWS
Search

ប្រជាពលរដ្ឋ​៦០​គ្រួសារ​នៅ​ស្រុក​ឆែប ទទួល​អំណោយ​សប្បុរស​ធម៌ ក្នុង​រដូវ​កាល​ការ​រីករាល​ដាល​នូវ​ជំងឺ​កូ​វីដ​១៩​នេះ

ព្រះវិហារ ៖ ដើម្បី​ចូល​រួម​ចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ជីវភាព​គ្រួសារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​កាល​ការ​រីករាល​ដាល​នូវ​ជំងឺ​កូ​វីដ​១៩​នេះ លោក​ខាន់ ខុន ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា និង ជា​សមាជិក​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ សហការ​ជាមួយ​ក្រុមហ៊ុន​ប៊ី​ម៉ា​រៀល​អ៊ី​ស្ទេ​ត (BemaReal Estate co.Ltd)​បាន​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ជន​ចាស់ជរា ស្ដ្រី​មេម៉ាយ ជនពិការ និង​ប្រជាពលរដ្ឋ​ជួប បញ្ហា​លំបាក​ចំនួន​៦០​គ្រួសារ ស្ថិតនៅ​ឃុំ​សង្កែ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២០​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក ឃុំ​និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផងដែរ​។

លោក​ខាន់ ខុន មានប្រសាសន៍​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​អ្នកចូលរួម​ទាំងអស់ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​រួមគ្នា​អនុវត្ត​វិធានការ ការពារ​និង​កាត់បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​សារ​អប់រំ​នានា របស់​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ តាមរយៈ​ការ​លាង​ដៃ ឲ្យ​បាន​ញឹកញាប់​និង​ជាប្រចាំ​ជាមួយ​សាប៊ូ ទឹកស្អាត ហោច​ណាស់​ឲ្យ​បាន​១​នាទី ឬ​ទឹក​អាល់កុល ត្រូវ​ទម្លាប់​ហូប​ទឹក​ក្តៅ​រាល់ថ្ងៃ ដោយ​យកចិត្តទុកដាក់​រក្សាសុខ​ភាព អនាម័យ សុវត្ថិភាព​ផ្ទាល់ខ្លួន បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ត្រូវ​ពាក់​ម៉ាស់​ ឬ​ ក្រមា​ពេល​ចេញ​ក្រៅ​ផ្ទះ​ជាដើម ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ ១១៥ ដោយ​ឥតគិតថ្លៃ។

លោក​បន្ត​ថា សូម​បងប្អូន ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត ហូប​ស្អាត​កុំ​បន្ទោបង់​ពាសវាល​ពាសកាល សម្រាន្ត​ក្នុង​មុង​ចូលរួម គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អ្នក​ដទៃ កាត់បន្ថយ​ការ​ស្លាប់​ពិការភាព និង​ជួយ​អប់រំ​ណែនាំ​ដល់​កូនចៅ​ឲ្យ​រស់​ឆ្ងាយ​ពី គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​វា បំផ្លាញ​អនាគត​របស់​យើង ក្រុម​គ្រួសារ និង​សង្គមជាតិ។

លោក​បន្ត​ទៀត​ថា ​ចំពោះ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នៅ​តាម​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទទួល​បាន​នូវ​ចំណេះដឹង​ច្បាស់លាស់​កុំ​ឲ្យ មាន​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង ការ​រំលោភបំពាន​ផ្សេងៗ​ដែល​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​បំផុត ព្រមទាំង​ខិតខំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ​ផងដែរ។

ជា​ចុងក្រោយ​លោក​បញ្ជាក់​ថា សម្តេច​តេ​ជោ​ហ៊ុន សែន មិនដែល​ភ្លេច​ប្រជាពលរដ្ឋ​កម្ពុជា​ម្តង​ណា​ឡើយ ជាពិសេស​គឺ​បាន​រំដោះប្រទេស​ផុត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​បាន​ស្វែងរក​សន្តិភាព ជូន​ជាតិ​កម្ពុជា តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ រួបរួមគ្នា ខ្មែរក្រោម​ដំបូល​តែមួយ និង​បាន​ការពារ​សន្តិភាព​បា​ន​ពេញលេញ យ៉ាង​ពិត​ប្រាកដ​ដោយ​មិន​ឲ្យ​មាន​សង្គ្រាម​។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​៦០​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​អាហារ​បំប៉ន ផង​ដែរ​៕
ឧ​ត្ត​រ៉ា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114