BREAKING NEWS
Search

សម្តេច​ចៅហ្វា​វាំង​ស្នើ​ប្រជាពលរដ្ឋ​ឲ្យ​ថែទាំ​សុខភាព និង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ

កំពត ៖ សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល បាន​លើក​ឡើង​ថា តាម​សេចក្តី​ជូន​ដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ កក្កដា​នេះ ខេត្ត​នៅ​ជាប់​មាត់សមុទ្រ​នឹង​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​បក់​ខ្លាំង ដូច្នេះ​សូម​ពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ មាន​ដូច​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម​។

មានប្រសាសន៍​នៅក្នុង​ដំណើរ​អញ្ជើញ ចុះ​សួរ​សុខទុក្ខ​និង​នាំ​យក​ព្រះរាជ​អំណោយ របស់​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ៣៣​គ្រួសារ ដែល​ក្នុង​ឱកាស​នោះ​ក៏​មាន​ការចូលរួម​ផង​ដែរ​ពី លោក ជាវ តា​យ អភិបាល​ខេត្តកំពត នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ចៅហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្រៅពី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការចូលរួម​សោក​ស្តាយ​ចំពោះ​ប្រជារាស្ត្រ​ជាទី​ស្រឡាញ់ និង​នឹករលឹក​របស់​ព្រះមហាក្សត្រ ក្នុង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ សម្តេចចៅហ្វា​វាំង​ក៏បាន​ក្រើន​រំឭក ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​មាន​ដូច​ជា ផ្គរ រន្ទះ និង​ទឹកជំនន់​ជាដើម។

សម្តេចចៅហ្វា​វាំង​បាន​បន្ត​ថា ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៧ កក្កដា​ឆ្នាំ ២០២០​នេះ ខេត្ត​ជាប់មាត់​សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត នឹង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​បក់​បោក​ខ្លាំង ដូច្នេះ​សូម​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទី​ជន​បទ អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ ពិសេស​ប្រជា​នេសាទ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ត្រៀមលក្ខណៈ​ការពារ​ខ្លួន និង​គ្រួសារ​។ ពិសេស​ត្រូវ​គិតគូរ​ចំពោះ​សុវត្ថិភាព​កូនចៅ​តូចៗ ពេល​មាន​ភ្លៀង​ធ្លាក់ កុំ​ឲ្យ​រត់​លេង​ទឹកភ្លៀង ឬ​នៅ​ជ្រក​ក្រោម​ដើមឈើ​។ ចំណែក​សត្វ​ជ្រូក គោ ក្របី និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ក៏ត្រូវ​ទុកដាក់​ឲ្យ​បាន​ល្អ​ផង​ដែរ ដើម្បី​បង្ការ ការបាត់បង់ ដោយ​គ្រោះធម្មជាតិ​ណាមួយ ដែល​កើតឡើង​ដោយ​យថាហេតុ។

​ជាង​នេះទៅ​ទៀត នៅក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូ​វីដ​១៩ សម្តេច​ចៅហ្វា​វាំង​បាន​ស្នើ​ឲ្យ​ពេល​រដ្ឋ​បន្ត​អនុវត្ត​វិធានការ​អនាម័យ រក្សា​គម្លាត​សង្គម​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ការពារ​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ទៅ​ក្នុង​សហគមន៍​។

សម្តេច​ក៏បាន​ជំរុញ​នឹង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ខិតខំ​បង្កបង្កើនផល ដាំ​បន្លែ​ដំណាំ ឲ្យ​បាន​ច្រើន​សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ ឆ្លើយតប​តាម​ការ​ចង់​បាន របស់​ប្រមុខ​រាជ​រដ្ឋបាល និង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ចំពោះ​ព្រះរាជ​អំណោយ​នា​ពេល​នេះ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ ៥០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​ដែលមាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១, មី​១​កេស ត្រីខ​១០​កំប៉ុង កៅស៊ូ​តង់​ចំនួន​១​ផ្ទាំង សាប៊ូ​៥​ដុំ អាវយឺត​១ និង​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល សម្រាប់​ប្រជារាស្ត្រ​រងគ្រោះ​ធ្ងន់ធ្ងរ ចំនួន​០៥​គ្រួសារ និង​ថវិកា ៤០​ម៉ឺន​រៀល​សម្រាប់​ប្រជារាស្ត្រ​រងគ្រោះ​ស្រាល​ចំនួន​២៨​គ្រួសារ​៕
សេង ណា​រិ​ទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114