BREAKING NEWS
Search

ប្រភេទត្រីទាំងនេះមាននៅកម្ពុជា កំពុងរងគ្រោះ និងប្រឈមផុតពូជ

ការ​​សិក្សាវាយតម្លៃបឋមមួយបានបង្ហាញថា ត្រីគល់រាំងត្រីត្រសក់ក្រហម ត្រីខ្លា ត្រីក្របី​ ត្រីត្រចៀកដំរី និងបបែលយក្សទឹកសាបសុទ្ធសឹងជាត្រីដែលស្ថិតក្នុងចំណោមត្រីចំនួន ៣៥ ប្រភេទ កំពុងត្រូវបានគេដាក់លក់នៅតាមទីផ្សារត្រីក្នុងប្រទេសកម្ពុជា និងត្រូវបានគេនាំចេញទៅលក់នៅប្រទេសជិតខាងមួយចំនួនទៀតផង។ ត្រីគល់រាំងនិងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជជាសកល និងនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯត្រីខ្លា ត្រីក្របី​ ត្រីត្រចៀកដំរី សុទ្ធសឹងជាប្រភេទកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការ WWF ដែលអ្នកសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី ២ កក្កដា ឆ្នាំ២០២០។

ក្នុង​ឱកាស​ទិវា​មច្ឆជាតិ​លើក​ទី​២០ នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០២០ នេះ​ រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចាត់វិធានការជាបន្ទាន់លើការពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់​និងតឹងរឹងបំផុតចំពោះរាល់ការនេសាទនិងការជួញដូរប្រភេទត្រីជិតផុតពូជដែលកំពុងកើតឡើងនៅក្នុងតំបន់តាមបណ្តោយដងទន្លេមេគង្គ។ ការធ្វើពាណិជ្ជកម្មនិងជួញដូរត្រីជិតផុតពូជប្រភេទនេះមិនត្រឹមតែជាទង្វើខុសច្បាប់ប៉ុណ្ណោះទេ សកម្មភាពនេះកំពុងបង្កហានិភ័យខ្ពស់គួរឱ្យព្រួយបារម្ភដល់ធនធានជលផលកម្ពុជា ពិសេសប្រភេទត្រីមេពូជសំខាន់ៗ និងសត្វផ្សោតទន្លេដែលជាបេតិកភណ្ឌមានជិវិតរបស់ជាតិយើងផងដែរ។ រដ្ឋ​បាល​ជល​ផល អាជ្ញាធរដែនដី ​អង្គ​ការ​ WWF និងដៃគូរអភិវឌ្ឍដទៃទៀត បាននឹងកំពុងយកចិត្តទុកដាក់ការពារ និងថែរក្សាមិនឱ្យធនធានដ៏កម្រនេះបាត់បង់។​ មិនតែប៉ុណ្ណោះ រដ្ឋ​បាល​ជល​ផល​ និង​អង្គ​ការ​ WWF ក៏បា​ន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួនផងដែរ ដើម្បី​ពង្រឹងប្រសិទ្ធភាពនៃការ​អនុវត្ត​ច្បាប់ជលផលចំពោះ​ការ​នេសាទ​និង​ជួញ​ដូរ​ត្រី​ខុស​ច្បាប់​ បន្ទាប់​ពី​​ស្ថាប័ន​ទាំង​ពីរនេះបានបញ្ចប់​ការ​សិក្សាវាយ​តម្លៃបឋមស្តី​អំពី​ការ​នេសាទ និង​ការ​ជួញ​ដូរ​ត្រី​ខុស​ច្បាប់នៅក្នុង​តំបន់តាមបណ្តោយដងទន្លេមេគង្គកាល​ពី​ដើម​ឆ្នាំ២០២០ នេះ​។

ឯក​ឧត្តម​ អេង​ ជា​សាន ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជាទទួល​បន្ទុកជាប្រធាន ​រដ្ឋ​បាល​ជល​ផល​ មានប្រ​សាសន៍ថា៖  “​អ្នក​នេ​សាទ​ត្រី អ្នក​ទិញ​ត្រី​ និង​ឈ្មួញ​​កណ្តាល​ មិន​សូវ​យល់​ដឹង​អំពី​ច្បាប់ស្តីពី​ជលផល​ និងលិខិតបទដ្ឋានគតិយុត្តិនានា ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ពារ​ និងការ​គ្រប់​គ្រង​ធន​ធាន​ជល​ផលទេ​​ ជាពិសេសប្រភេទជលផល​កំពុងទទួលរងការគំរាមកំហែង ដែលយើងត្រូវរួមគ្នាអភិរក្សកុំឱ្យបាត់បង់។ ខ្ញុំសូមស្នើយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់​ឱ្យបង្កើនការអប់រំនិង​ផ្សព្វ​ផ្សាយ​​បន្ថែម​ទៀត​ជូនដល់ប្រជានេសាទ និងសហគមន៍មូលដ្ឋានដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ អំពី​ច្បាប់ស្តីពី​​ជល​ផល​ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀតជាធរមាន ក៏ដូចជាបំផុសស្មារតីរបស់ប្រជាជនឱ្យចូលរួម​​ការ​ពារ ​និងថែរក្សា​ធន​ធាន​ជលផលកម្ពុជាកុំឱ្យបាត់បង់ ហើយបន្តលើកទឹកចិត្តប្រជាជនឱ្យចាប់យកជម្រើសមុខរបរផ្សេងទៀតបន្ថែមពីលើការនេសាទ។”

របាយការណ៍ស្តីពីការពង្រឹងការអនុវត្តច្បាប់ដោយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងស្ទឹងត្រែង មន្រ្តីឆ្មាំទន្លេ និងអង្គការ WWF បានបង្ហាញថា មានការកើនឡើងនូវសកម្មភាពនេសាទនៅក្នុងដែនអភិរក្សដែលជាតំបន់ច្បាប់ហាមឃាត់មិនឱ្យមានការប្រើប្រាស់ឧបករណ៍នេសាទដូចជា៖ សំណាញ់ មងបណ្តែត មងកាំង សន្ទួចរនង ឧបករណ៍ឆក់ និងថ្នាំបំពុល។ ផ្អែកតាមរបាយការណ៍ដដែលនេះ ចំនួនមងនេសាទដែលក្រុមការងារដកហូតបានពីការបង្រ្កាបបទល្មើសជលផលក្នុងចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ បានកើនឡើងចំនួន ៣៨ ភាគរយ ដែលប្រវែងមងដកហូតបានសរុបមានចំនួន ៣៩.១៦២ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ ដែលមងដកហូតបានមានប្រវែងសរុបតែ ២៨.៤៣៥ ម៉ែត្រ។ ដូចគ្នានេះដែរ ការប្រើប្រាស់សន្ទួចរនងមានការកើនឡើងចំនួន ៤៦ ភាគរយ ដែលប្រវែងសន្ទួចរនងដកហូតបានចន្លោះខែធ្នូឆ្នាំ២០១៩ ដល់ខែឧសភាឆ្នាំ២០២០ សរុបមានចំនួន ៣៧.០៤០ ម៉ែត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨និង២០១៩ មានប្រវែងតែ ២៥.៤៣៧ ម៉ែត្រ។

លោក សេង​ ទៀក នាយក​អង្គ​ការ​ WWF មានប្រសាសន៍​ថា៖ “ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ​មាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់មេត្តាបង្កើនការរឹតបន្តឹងលើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត និងបង្កើនយន្តការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាទីផ្សារ និងដេប៉ូទិញ-លក់ត្រី ព្រមទាំង​ដាក់​ពិន័យឱ្យ​បាន​ធ្ងន់​ធ្ងរបំផុតដល់ជន​ល្មើសទាំងឡាយណាដែលធ្វើសកម្មភាពនេសាទនៅក្នុងតំបន់ហាមឃាត់ និងធ្វើពាណិជ្ចកម្មប្រភេទត្រីជិតផុតពូជនិង​ត្រី​មេ​ពូជក្នុងប្រទេសកម្ពុជា​។”​

អនុសាសន៍​សំខាន់​ៗដែលត្រូវបាន​ដាក់​ចេញដើម្បីអភិរក្សប្រភេទ​ត្រី​កំពុង​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​រួមមាន៖ ១/បង្កើនការអប់រំនិងផ្សព្វផ្សាយជូនដល់អ្នកប្រកបរបរលក់ត្រី និងឈ្មួញកណ្តាល ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីច្បាប់ស្តីពីជលផល និងលិខិត​បទ​ដ្ឋាន​គតិ​យុត្តិពាក់ព័ន្ធផ្សេងទៀត។ ២/បន្តតាមដានសកម្មភាពនេសាទខុសច្បាប់ដែលប្រើឧបករណ៍ឆក់ និងកំណត់ឲ្យបានច្បាស់នូវខ្សែសង្វាក់ជួញដូរត្រីខុសច្បាប់។ ៣/រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់ដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ​ដើម្បី​បញ្ឈប់​ការ​ប្រមូល​ផល​ត្រី ​និង​ផ្លូវ​ដឹក​ជញ្ជូន​ត្រី​ដែល​បាន​មក​ពី​សកម្ម​ភាព​នេ​សាទ​ខុស​ច្បាប់​​នៅ​តាមដង​ទន្លេ​ ក៏ដូចជា​​ដើម្បី​បញ្ឈប់​ការ​លក់​ត្រី​ដែលជាប្រភេទ​កំ​ពុងរង​គ្រោះ​ថ្នាក់​នៅ​តាម​ទី​ផ្សារ​។ ៤/ក្រុមការងារល្បាតចល័តដែលមានសមាសភាពដឹកនាំដោយប្រធាននិងអនុប្រធានក្រុមឆ្មាំទន្លេត្រូវចាត់វិធានការចាំបាច់នានាចំពោះការជួញដូរត្រីខុសច្បាប់ រាប់បញ្ចូលទាំងប្រភេទ​ត្រីកំ​ពុងរង​គ្រោះ​ថ្នាក់។

លោក សេង​ ទៀក មានប្រសាសន៍បន្ថែម​ទៀត​ថា៖ “អង្គ​ការ WWF ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និងសហការជាមួយរដ្ឋ​បាល​ជល​ផល ខណ្ឌ​រដ្ឋ​បាល​ជលផល​ មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់និង​នេសាទក្នុងខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ ព្រមទាំង​អាជ្ញា​ធរ​​ខេត្ត និងស្ថាប័នពាក់​ព័ន្ធ​​ទាំងអស់ដើម្បីអនុវត្តអនុសាសន៍និងវិធាន​ការបន្ទាន់នានា ក្នុងគោលដៅបង្កើនការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។”​៕