BREAKING NEWS
Search

កសិករ​ថា ការ​ចិញ្ចឹម​មាន់​ស្រែ មិន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩

សៀម​រា​ប ៖ អ្នក​ចិញ្ចឹម​មាន់​ស្រែ​ម្នាក់​នៅ​សហគមន៍​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ខេត្ដ​សៀមរាប បាន​អះអាង​ថា ការ​ចិញ្ចឹម​សាច់មាន់​ស្រែ​នៅ​តែ​មាន​ទីផ្សារ​គ្រប់គ្រាន់ បើ​ទោះ​បី​មាន​ការ​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ។

​លោក ចៅ មាន ជា​អ្នក​ចិញ្ចឹម​មាន់​ស្រែ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​រស់នៅ​ភូមិ​ត្បែង​លិច ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា បើ​ទោះ​បី​មាន​ជំងឺ​កូ​វីដ​១៩​បាន​រាតត្បាត​ដល់​ប្រទេស​កម្ពុជា​ក្ដី ក៏​ប៉ុន្ដែ​សាច់​មាន់​ស្រែ​ដែល​លោក​បាន​ចិញ្ចឹម គឺ​មិន​ធ្លាក់​ថ្លៃ​នោះ​ទេ ព្រោះ​សាច់​មាន់​ទាំងនោះ​លោក​បាន​ធានា​ផ្គត់ផ្គង់​ជាមួយ​ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ផ្សេងៗ​នៅក្នុង​ស្រុក​បន្ទាយស្រី​នោះ​។

លោក ចៅ មាន បាន​បន្ដ​ថា បច្ចុប្បន្ន​នេះ​លោក​ចិញ្ចឹម​មាន់​ពូជ​ប្រមាណ​ជាង​៥០០​ក្បាល​សម្រាប់​ផលិត​កូន​មាន់​លក់​អោយ​កូនក្រុម​របស់​លោក ដោយ​ក្នុង​មួយ​ខែ​គិត​ជា​មធ្យម​អាច​លក់​កូន​មាន់​បាន​ចាប់ពី​១៥០០​ទៅ​១៧០០​ក្បាល ហើយ​លោក​អា​ចរក​ចំណូល​ដោះបំណុល​ធានា​គារ​បាន​ប្រហែល​៧០០​ដុល្លារ​។

បើ​តាម​លោក ចៅ មាន បាន​បន្ដ​ថា មុន​ឆ្នាំ​២០១៩ លោក​បាន​ចិញ្ចឹម​មាន់​មានការ​បរាជ័យ ប៉ុន្ដែ​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ មានការ​រីកចម្រើន​ខ្លាំង បើ​ទោះ​មាន​បញ្ហា​ជំងឺ​កូ​វីដ​១៩​ក៏​ដោយ ដោយសារ​លោក​បាន​ចងក្រង​ជា​ក្រុម​អ្នក​ចិញ្ចឹម​មាន់​ស្រែ ដែល​មាន​សមាជិក​ប្រមាណ​៣០​នាក់​។

លោក ចៅ មាន បាន​ឲ្យ​ដឹង​ថា លោក​ជា​មេក្រុម ហើយ​ជា​ធានា​ផ្គត់ផ្គង់​កូន​មាន់ ដល់​កូនក្រុម​ជា​អ្នក​ចិញ្ចឹម រួចហើយ​លោក​ធានា​ទិញ​មាន់​សាច់​នោះ​មក​ទៅ​លក់​ឲ្យ​ម្ចាស់​រមណីយដ្ឋាន​ផ្សេងៗ ទើប​ធ្វើ​ឲ្យ​តម្លៃ​មាន់​សាច់​មាន់​ស្រែ​មាន​ទីផ្សារ​ខ្ពស់​ដដែល​។

លោក​ថា ការ​ចិញ្ចឹម​មាន់​ស្រែ​ជា​ក្រុម​នេះ​គឺ​មាន​ការ​ទុក​ចិ​ត្ដ​ពី​អតិថិជន​ខ្លាំង ព្រោះ​វា​ជា​ផលិតផល​ដែល​កើតចេញពី​ការ​បណ្ដុះបណ្ដាល​ពី​អ្នកជំនាញ​កសិកម្ម​។ ប៉ុន្ដែ​ទោះជា​លោក​ចៅ​មាន​នៅតែ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា រក​ទីផ្សារ​អោយ​កសិករ​ចិញ្ចឹម​មាន់​ឲ្យ​បាន​ច្រើន និង​ផ្ដល់​អ្នកជំនាញ​ដល់​កសិករ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ៕
គឿន​វេត

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114