BREAKING NEWS
Search

សាខា​កាកបាទក្រហមកម្ពុជា​ ទទួល​ទេយ្យទាន​ពី​ព្រះសង្ឃ​ ថ្នាក់នាំ​សាសនា​ឥស្លាម ថ្នាក់ដឹកនាំ​សាសនា​គ្រឹ​ស្ទ ព្រមទាំង​ទទួល​ថវិកា​ពី​សប្បុរសជន

សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០២០​នេះ​នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកស្រី ទាង អេង ទៀ​សីហា អនុប្រធាន​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ទទួល​ទេយ្យទាន​ពី​ព្រះ​មហា​វិមលធម្ម ពិន សែម រាជាគណៈ​ថ្នាក់​ទោ ឧ​ត្ត​ម​ប្រឹក្សា​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ​ឥស្លាម​សាសនា ថ្នាក់ដឹកនាំ​សាសនា​គ្រឹ​ស្ទ ព្រមទាំង​ទទួល​ថវិកា​ពី​សប្បុរសជន​ក្នុង​ខេត្ត​ផង​ដែរ ដើម្បី អបអរ​ខួប​លើក​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ឆ្នាំ២០២០ ។

មាន​ថេរ​ដីកា​នាឱកាស​នោះ ព្រះមហា​វិមលធម្ម ពិន សែម មាន​សង្ឃដីកា​ថា ទេយ្យទាន​ទាំងអស់នេះ​បាន​មក​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដែល​ប្រគេន​ព្រះអង្គ ហើយ​ព្រះអង្គ និង​ព្រះសង្ឃ​ដែលមាន​វត្តមាន​នៅ​ទី​នេះ សូម​ចែករំលែក និង​ប្រគល់​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​នានា​ក្នុង​ខេត្ត​។ ព្រះមហា​វិមលធម្ម​មាន​សង្ឃដីកា​បន្ថែ​ថា គ្រប់​សាសនា​ទាំងអស់​ក្នុង​លោក បាន​អប់រំ​មនុស្ស​ឲ្យ​ចេះ​ស្រលាញ់​គ្នា ចេះ​ជួយ​គ្នា​ក្នុង​គ្រាក្រ​គ្រលំបាក ទោះ​តិចក្ដី​ច្រើនក្ដី។

ក្នុង​ឱកាស​នេះ​ដែរ ​តំណាង​សាសនា​ឥស្លាម និង​សាសនា​គ្រឹ​ស្ទ ក៏បាន​លើកឡើង​ផង​ដែរ​ថា អំណោយ​ដែល​នឹង​ប្រគល់​ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ​គឺ​បាន​មក​ពី​បរិស័ទ​នៃ​សាសនា​ទាំង​២​នេះដែរ ជា​ទឹកចិត្ត​ក្នុងការ​រួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ស្របតាម​ពាក្យស្លោក​របស់​កាកបាទ​ក្រហម​កម្ពុជា ថា “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​”។

មានប្រសាសន៍​នា​ឱកាស​នោះ លោកស្រី ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិការ​សាខា តំណាង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​ដ៏​សប្បុរស​របស់​ព្រះមហា​វិមលធម្ម ពិន សែម និង​ទឹកចិត្ត​ពុទ្ធបរិស័ទ ឥស្លាម ព្រមទាំង​គ្រឹ​ស្ទ​បរិស័ទ និង​សប្បុរសជន ដែល​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ គឺ​បញ្ជាក់​ពី​ទឹក​ព្រះទ័យ និង​ទឹកចិត្ត​ដ៏​ប្បុ​រសធម៌​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​។ ក្នុង​ព្រះ​កាយវិកា និង​កាយវិកា​ដ៏​មនុស្សធម៌​នេះ គឺជា​ការចូលរួម​រប​ស់​សប្បុរសជន​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ជា​ជំនួយ​ការឱ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​។ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹង​ប្រើប្រាស់​នូវ​អំណោយ និង​ថវិកា​ទាំងនេះ ឱ្យចំ​គោលដៅ​មនុស្សធម៌ ដោយ​មិន​ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​។


អំណោយ​ដែល​ទទួល​សរុប​មាន
– ថវិកា ៥៤.០៩៨.៥០០​រៀល​(​ហាសិប​បួន​លាន​ប្រាំបួន​ម៉ឺន​ប្រាំបី​ពាន់​ប្រាំ​រយ​) និង ១៦.០០០​ដុល្លារ​(​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​)
– អង្ករ ២​តោន​២០០​គីឡូក្រាម មី​៣៨​កេស ទឹកត្រី​២៥​យួរ ទឹកស៊ីអ៊ីវ​៤៧​យួរ និង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ផងដែរ​៕
គឿន​វេត

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114