BREAKING NEWS
Search

គណៈរដ្ឋមន្រ្តី​ព្រឹកមិញបន្ត​ពិភាក្សា​ពី ​“សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម”

ក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ព្រឹកមិញ​នេះ បានបន្តពិភាក្សាលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម”។

អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅព្រះរាជាណាចក្រកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ។

គោលបំណងរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យមានអាជីវកម្មកាស៊ីណូនៅក្រៅរង្វង់ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានជាអាទិ៍៖
– អភិវឌ្ឍន៍តំបន់ព្រំដែនដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។
– ការពារខ្សែក្រវ៉ាត់ព្រំដែន តាមរយៈការសាងសង់អាគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការកើនឡើងនៃការតាំងទីលំនៅថ្មីរបស់ប្រជាជន។
– គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ។
– បង្កើតប្រភពចំណូលថវិកាជាតិ។

នៅក្នុងការអនុវត្តជាក់ស្ដែង នារយៈពេលកន្លងមក រាជរដ្ឋាភិបាល បានប្រឈមនឹងលំបាកជាច្រើន ក្នុងការទាក់ទាញវិនិយោគទុនឯកជន ឱ្យមកបណ្ដាក់ទុនលើវិស័យនេះ នៅតំបន់ព្រំដែនដែលជាតំបន់ដាច់ស្រយាល គ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋជាដើម។

ទោះជាយ៉ាងនេះក្ដី ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងភាពទុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាល វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន បានចាប់ផ្ដើមដំណើរការវិនិយោគកាស៊ីណូនៅតំបន់ប៉ោយប៉ែតនាអំឡុងឆ្នាំ១៩៩៩។ នៅចំពោះមុខស្ថានភាពនៃការកើនឡើងនូវសកម្មភាពក្នុងវិស័យនេះ រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យការគ្រប់គ្រងវិស័យល្បែងនេះឡើង ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តមួយចំនួនដូចជា៖ ច្បាប់បង្ក្រាបល្បែងស៊ីសង សេចក្ដីសម្រេច និងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ប្រកាសអន្តរក្រសួង និងសៀវភៅបន្ទុកជាដើម។

ជាទិដ្ឋភាពគតិយុត្ត មាត្រា១ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដែលត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ បានបើកផ្លូវជូនរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពនយោបាយ លើកកម្ពស់សន្តិសុខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដែលអំណោយផលដល់ការកើនឡើងជាលំដាប់ នូវទំនុកចិត្តរបស់វិនិយោគិនចំពោះរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ វិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន ក៏បានដំណើរការវិនិយោគលើវិស័យកាស៊ីណូនៅតំបន់ដែលបានទទួលការអនុញ្ញាត។

តថភាពនៅក្នុងពិភពលោកបានបង្ហាញថា ល្បែងពាណិជ្ជកម្ម ត្រូវបានដំណើរការនៅក្នុងតំបន់ និងក្នុងប្រទេសជាច្រើននៅលើពិភពលោក ទាំងក្នុងទម្រង់ផ្លូវការ ឬមិនផ្លូវការ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលនៃប្រទេស កាន់តែច្រើនឡើងសម្រេចទទួលស្គាល់ជាផ្លូវការនូវពាណិជ្ជកម្មល្បែង ដោយបង្កើតក្របខ័ណ្ឌគតិយុត្ត ដើម្បីដាក់វិស័យនេះ ឱ្យស្ថិតនៅក្រោមដំបូលច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនេះ ប្រទេសជាច្រើន បានចាត់ទុក និងប្រែក្លាយល្បែងពាណិជ្ជកម្មជាឧបករណ៍កំសាន្ត និងទាក់ទាញទេសចរណ៍ ពីព្រោះដូចជាផលិតផលនៃវិស័យផលិតកម្មដទៃទៀតដែរ វិស័យទេសចរណ៍កាន់តែរងសម្ពាធនៃការប្រកួតប្រជែងដ៏ខ្លាំង ដែលទាមទារឱ្យមានការច្នៃប្រឌិតបន្ថែមពីលើសក្ដានុពលនៃធម្មជាតិ។ ទន្ទឹមនេះ ទីតាំងល្បែងពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងទីតាំងបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារទំនើប សណ្ឋាគារ មណ្ឌលកីឡា មណ្ឌលកំសាន្ត និងទស្សនា មណ្ដលសន្និបាត ឬពីព័រណ៌ ហាងលក់ទំនិញរួចពន្ធ…ល។ បានបង្កើតជា មណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ (Integrated Resort) ដែលត្រូវបានទទួលស្គាល់ជាទូទៅនៅលើពិភពលោកថាជាប្រភពចំណូលថវិកាដ៏សំខាន់ និងជាទីតាំងការងារជាច្រើនប្រភេទនៃឧស្សាហកម្មគ្មានផ្សែង ហើយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

អាស្រ័យហេតុនេះ បញ្ញត្តិកម្មលើវិស័យល្បែងពាណិជ្ជកម្ម ត្រុវបានរៀបចំឡើងដើម្បីជំរុញឱ្យវិស័យនេះអាចដំណើរការបាន ដោយជ្រកក្រោមដំបូលច្បាប់ប្រកបដោយតម្លាភាព។ សេចក្ដីព្រាងច្បាប់នេះ និងលិខិតបទដ្ឋាន ព្រមទាំងគោលនយោបាយយុទ្ធសាស្ត្រពាក់ព័ន្ធ នឹងអនុញ្ញាតឱ្យមានកាគ្រប់គ្រងលើវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មដទៃទៀតយ៉ាងតឹងរ៉ឹង និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការកំណត់ចំនួនទុនវិនិយោគអប្បបរមា សម្រាប់អាជីវកម្មកាស៊ីណូ ការកំណត់តំបន់ដែលគួរអនុញ្ញាតឱ្យមានល្បែងពាណិជ្ជកម្ម ឬមិនគួរអនុញ្ញាត ការពង្រឹងសមត្ថភាពស្ថាប័ន និងការបំពាក់នូវបច្ចេកវិទ្យាសមស្រមក្នុងការត្រួតពិនិត្យជាប្រចាំ លើកិច្ចដំណើរការរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្មជាដើម។

នៅក្នុងបរិការណ៍នៃការរៀបចំច្បាប់នេះ ក៏មានការគិតគូរផងដែរអំពីយន្តការសម្រាប់ដោះស្រាយនូវបញ្ហាកង្វល់ពាក់ព័ន្ធនឹងការប្រឆាំងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅក្នុងក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលក៏អាចរៀបចំនូវយន្តការសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធ ទាំងទ្វេភាគី និងពហុភាគី ដើម្បីគ្រប់គ្រង និងដោះស្រាយកង្វល់នានាពាក់ព័ន្ធនឹងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗផងដែរ។ ដូច្នេះ ការអនុវត្តប្រកបដោយ្បរសិទ្ធភាពនូវច្បាប់នេះ នឹងរឹតបន្តឹងការគ្រប់គ្រងវិស័យកាស៊ីណូ និងល្បែងពាណិជ្ជកម្មផ្សេងៗឱ្យកាន់តែរឹងមាំ ដែលនឹងផ្ដល់ផលប្រយោជន៍ជាអតិបរមា ដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា តាមរយៈការបង្កើតនូវយន្តការស្ថាប័នសមស្រប សំដៅពង្រឹងនូវសុវត្ថិភាព សន្តិសុខ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងចូលរួមធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូពាក់ព័ន្ធ។

ជារួម ប្រតិបត្តិករល្បែងពាណិជ្ជកម្មត្រូវបានអនុញ្ញាតក្នុងបរិបទទូលំទូលាយនៃការជំរុញវិស័យទេសចរណ៍ កាលានុវត្តភាពការងារ និងប្រាក់ចំណូល ជាពិសេស ដោយផ្សារភ្ជាប់នឹងការអភិវឌ្ឃមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដែលជាទស្សនទានមួយថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។

សេចក្ដីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក។

សេចក្ដីព្រាងច្បាប់នេះមាន ១២ជំពូក និង ៩៧មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

គោលបំណងច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពានិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធជាម្ចាស់លើមណកដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដងើដារមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។