BREAKING NEWS
Search

កក្រើក​ទៀតហើយ​ម៉ន សា​ម៉េ​ត ជួប សុខ សុវណ្ណ នៅ​សង្វៀន​Boostrong​បាយ័ន​ស្ទឹងមានជ័យ

ច្បាស់​ជា​កក្រើក​ទៀតហើយ នៅលើ​សង្វៀន​បិទទ្វារ​Boostrong​ស្ទឹងមានជ័យ​របស់​ទូរទស្សន៍​បាយ័ន នា​វេលា​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ទី​០៥​ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយសារ ម៉ន​សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២។

ជា​លើក​ទី​៣​ហើយ​ ដែល​សុខ សុវណ្ណ និង ម៉ន សា​ម៉េ​ត ជួប​ប្រកួត​គ្នា​នេះ ។​ពួកគេ​ទាំងពីរ​នាក់​នេះ បាន​ប៉ះ​គ្នា​ពីរ​លើក​រួច​មក​ហើយ​កាល​ពី​ពេល​កន្លងមក ដោយ​ប្រកួត​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ម្តង​ម្នាក់ៗ ។ ពីរ​នាក់​នេះ មាន​កាយសម្បទា​ប្រហាក់ប្រហែល​គ្នា។ ពួកគេ​នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម។

សម្រាប់​ការ​ជួបគ្នា​លើក​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ។ ​សា​ម៉េ​ត ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​។

ហើយ​ការប្រកួត​ចុងក្រោយ​របស់​សុខ​សុវណ្ណ​វិញ គឺ​វាយ​ឈ្នះ​រឿ​ម វ​ណ្ណះ ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ដោយ​ពិន្ទុ ។

សុវណ្ណ វាយ​ខ្លាំងណាស់ គេ​មាន​កណ្តាប់ដៃ​ខ្លាំង រហ័ស​និង​លឿន​ផងដែរ ពិសេស​ស្នៀត​ទាត់​ផ្កាប់​ចាន​របស់គេ​គឺ​អស្ចារ្យ​តែម្តង។ ​ឯ ម៉ន សា​ម៉េ​ត គេ​ក៏​ជា​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​កណ្តាប់ដៃ ទាត់ ជង្គង់​ល្អ​ដូច​សុវណ្ណ​ដែរ។ ហើយ​មួយទៀត សា​ម៉េ​ត​គេ​មាន​ទិច​និ​ច​ប្រកួត​ខ្ពស់​ជាង​សុវណ្ណ​បន្តិច ហើយ​កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​ដែរ។ ​ចាំ​មើល ជួបគ្នា​លើក​ទី​៣​នេះ តើន​រណា​ឈ្នះ​?

វ៉ែន ហុង​ជី​វ៉ុ​ង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ឡុង​សំណាង ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

គូ​នេះ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះ​ទេ ព្រោះថា​ហុង​ជី​វ៉ុ​ង ជា​ជើងចាស់​ធ្លាប់​ហែល​ឆ្លង​ការប្រកួត​លើ​រេញ​ច្រើន​លើក​ទៅ​ហើយ រួម​ទាំង​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​រាប់សិប​នាក់​ទៀត​ផង ហើយ​ចំណែក​ឡុង សំណាង (​មិនមែន​ឡុង​សំណាង​ក្លិប​សាល​វ័​ន្ត​កីឡា​ជើង​ខ្លាំង​នោះទេ​) គេ​គ្រាន់តែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៉ុណ្ណោះ។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ជី​វ៉ុ​ង មិនអាច​មើលស្រាល​សំណាង​បានដែរ​។

សូត្រ សាណូ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​ជួប​ប្រកួត​ជាមួយ ងួន​គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​។​ ពីរ​នាក់​នេះ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែរ​។

ចំណែក​ធី​ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​អេ​លី​ត វិចិត្រ អ្នក​ប្រដាល់​ក្លិប​ស្រករ​ក្រោយ​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ហើយ​ពេជ្រ គឹមហុង ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ នឹង​ជួប​ជាមួយ​អាន ទាវ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕
វិ​សិទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114