BREAKING NEWS
Search

វត្ត​ក្នុង​ក្រុង​សិរីសោភ័ណ​២១​វត្ត ​ទទួល​ទៀនវស្សា​៤២​ដើម បច្ច័យ បរិក្ខារ ទេយ្យទាន

បន្ទាយមានជ័យ ៖ ទៀនវស្សា​ចំនួន​៤២​ដើម បច្ច័យ បរិក្ខារ ទេយ្យទាន​បានមកពី​លោក​អ៊ុំ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ហ៊ឹល​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ ប្រធាន​មន្ទីរ ប្រធាន​ពន្ធនាគារ​ខេត្ត មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជាច្រើន​រយ​នាក់​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆាន​នាំ​យក​ទៀនវស្សា បរិក្ខារ ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួនធំ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​វត្ត​ចំនួន​២១​វត្ត​ក្នុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពិធី​ចែកទាន​វស្សា​ដល់​វត្ត​ទាំង​២១​នេះ​ធ្វើ​នៅ​វត្ត​ក្នុង​នៅ​វត្ត​ធម្ម​សាមគ្គី ពង្រ ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ នា​ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២០។

ក្នុង​ពិធី​នោះ​ លោក​អ៊ុំ​ រាត្រី​ បាន​លើក​ឡើង​ពី​ការ​រីកចម្រើន​និង​កំពុង​អភិវឌ្ឍន៍​ក្នុង​ខេត្តបន្ទាយមានជ័យ អំពី​វិស័យ​ពុទ្ធចក្រ​វត្ត​អារាម​និង​ព្រះសង្ឃ​ជាដើម​។ លោក​បាន​និយាយ​បន្ត​ទៀត​ថា ​ថ្ងៃនេះ​លោក​និង​ភរិយា​និង​មន្ត្រី​អមដំណើរ​បាន​យក​ទៀនវស្សា​៤២​ដើម ទេយ្យវត្ថុ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​២១​វត្ត​ គឺ​ដើម្បី​លើកស្ទួយ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​យល់ដឹង​អំពី​វិស័យ​ព្រះពុទ្ធសាសនា​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើបុណ្យ​ទាន​និង​ចូលរួមចំណែក ការ​កសាង​សមិទ្ធផល​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​និង​ផ្នែក​អាណាចក្រ​ឲ្យ​បាន​រីកចម្រើន​រុងរឿង​ផងដែរ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រដូវ​នេះ​ជា​រដូវ​ចូល​វស្សា​ពុទ្ធបរិស័ទ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​យក​ទៀនវស្សា​និង​ទេយ្យវត្ថុ យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​តាម​ទី​វត្ត​អារាម​ជា​ហូរហែ​រហើយ​ក្នុង​ការ​ចូល​វស្សា​នេះ​មាន​រយៈពេល​៣​ខែ ព្រះសង្ឃ​គ្រប់​វត្ត​អារាម​ទូទាំង​ប្រទេស​ខ្មែរ​មិនអាច​និមន្ត​ចេញទៅ​បិណ្ឌបាត​នៅ​ទី​ណា​បាន​ឡើយ​ហើយ​ក្នុង​ចូល​វស្សា​នោះ​ពុទ្ធបរិស័ទ​តែងតែ​នាំយក​ទាន​វស្សា​ទេយ្យវត្ថុ​និង​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។

លោក​បាន​បន្ត​ទៀត​ថា ​ទៀន​ចំណាំ​ព្រះវស្សា សំពត់​សាដក ទេយ្យទាន និង​គ្រឿង​ឧបភោគបរិភោគ ប្រគេន​ជូន​វត្ត​ចំនួន​២១​វត្ត ទូទាំង​ក្រុង​សិរីសោភ័ណ ក្នុង​មួយ​វត្ត ទទួល​បាន​ទៀន​ចំណាំ​១​គូ និង​សំពត់​សាដក់​១ អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​៥​កេស មី​៥​កេស និង​គ្រឿង​ឧបភោគបរិភោគ រួម​នឹង​បច្ច័យ​មួយចំនួនទៀត​ផង​ដែរ​៕
គង្គា

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114