BREAKING NEWS
Search

តុលាការ កាត់ទោស​ឧកញ៉ា​សុខ ប៊ុន និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង​៥​នាក់​ ក្លែង​ឯកសារ​រំលោភ​យក​ដី​រដ្ឋ

​ភ្នំពេញ ៖ បន្ទាប់ពី​បាន « បិទទ្វារ ចង​មុង » កាត់ទោស​ក្រុម​មន្ត្រី​អាជ្ញាធរខេត្ត​ព្រះសីហនុ​ចំនួន​៥​នាក់ ឃុបឃិត​ជាមួយ​អតីត​ឧកញ៉ា សុខ ប៊ុន ដើម្បី​រំលោភ​យក​ដី​រដ្ឋ​រាប់​រយ​ហិច​តា នៅ​កោះរ៉ុង ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ​ឈ្មោះ សេង ឬ​ទ្ធី បាន​កំណត់​យក​ថ្ងៃទី ២៩​កក្កដា ដើម្បី​ប្រកាស​សាលក្រម​រឿងក្ដី​ដ៏​អាម៉ាស​មួយ​នេះ។

ហេតុ​ដែល​ថា « តុលាការ បិទទ្វារ ចង​មុង » កាត់ទោស​រឿងក្ដី​មួយ​នេះ ព្រោះតែ​ចៅក្រម​តុលាការ​បានដាក់​បំរាម​មិន​ឲ្យ​សាធារណជន និង និង​អ្នកកាសែត​ចូល​ស្ដាប់​ដំណើរការ​នីតិវិធី​ក្នុង​សវនាការ​នេះរ​ទេ។ ពោល​គឺ​តុលាការ​គាត់​ប្រើ ឆន្ទានុសិទ្ធិ ដើម្បី​ដំណើរការ ការ​ជំនុំ​ជំ​រះ​បែប « អសាធារណៈ » ។ ហើយ​នៅ​ថ្ងៃទី ០៣​ ខែកក្ក​ដា ឆ្នាំ​២០២០​នេះ ចៅក្រម​តុលាការ​ប្រើ​ម៉ោង​រដ្ឋបាល​ពេញ​មួយថ្ងៃ​ដើម្បី​កាត់ទោស​ជន​ត្រូវ​ចោទ។

ក្រោម​រូប​ភាព « អសាធារណៈ » ដូច្នេះ​អង្គហេតុ​នៃ​រឿង​រំលោភ​យក​ដី​រដ្ឋ និង​អំពើ​ល្មើស​ផ្សេងៗ របស់​ក្រុម​ជនជាប់ចោទ មិន​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ទេ វា​អាច​ជា​ផល​ប្រ​យោ​ជន៍៍​របស់​មន្ត្រី​តុលាការ​ទៅវិញ។

សូម​រំលឹក​ថា រឿងក្ដី អតីត​ឧកញ៉ា សុខ ប៊ុន ដែល​ធ្លាប់​ជាប់ពន្ធនាគារ និង​មន្ត្រី​អាជ្ញាធរ​កោះរ៉ុង ៥​នាក់ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នាំខ្លួន​មក​កាត់ទោស ពាក់ព័ន្ធ​នឹង​បទ​ក្លែង​ឯកសារ ដើម្បី​បន្លំ​យក​ដី​ទំហំ​ជាង ៥០០ ហិកតា នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ជា​តំណាង​អយ្យការ​ក្នុង​សវនាការ និង​ជា​អ្នកនាំពាក្យ​អយ្យការ បាន​ថ្លែង​ថា មាន​ជនជាប់ចោទ​ចំនួន​៦​នាក់​ត្រូវ​បាន​កាត់ទោស​ព័ន្ធ​នឹង​រឿង​ដីធ្លី​នៅ​កោះរ៉ុង​។

ជន​ត្រូវ​ចោទ​ទាំង ៦ នាក់​រួមមាន ១-​ឧកញ៉ា សុខ ប៊ុន ២-​ឈ្មោះ អ៊ុង និ​ត ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ៣-​ឈ្មោះ សេង ហួ​លាង ចៅសង្កាត់​កោះរ៉ុង ៤-​ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង ៥-​ឈ្មោះ កែវ សោម ចៅសង្កាត់​រង​ទី​២ នៃ​សង្កាត់​កោះរ៉ុង និង​៦-​ឈ្មោះ កែវ ពៅ មេភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង។

បើ​តាម​សេចក្ដី​ចោទប្រកាន់​របស់​តុលាការ ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​ចោទ​ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ផ្តើម​គំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៩ តាម​បញ្ញត្តិ​មាត្រា ៦២៩, ៦៣០ និង​២៨ (៦០១) នៃ​ក្រមព្រហ្មទណ្ឌ។

២/ ឈ្មោះ អ៊ុង និ​ត ត្រូវបាន​ចោទប្រកាន់​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត វីតិក្រម ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​តាម​បញ្ញត្តិ​មាត្រា ៦០១,៥៩២,៥៩៣,៦២៩ និង ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ។

៣/ ឈ្មោះ សេង ហូ​លាង​, ឈ្មោះ ហែម សា​ឡេះ​, ឈ្មោះ កែវ សោម​, និង​ឈ្មោះ កែវ ពៅ ត្រូវបាន​ចោទ​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង តាម​បញ្ញត្តិ​មាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​។

ក្នុង​សវនាការ​ថ្ងៃទី​១​នេះ តុលាការ​បាន​សាកសួរ​តែ​ទៅលើ​ឈ្មោះ អ៊ុង និ​ត ជា​ប្រធាន​ក្រុមប្រឹក្សា​កោះរ៉ុង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជាប់ចោទ​ច្រើន​បទល្មើស​ពាក់ព័ន្ធ​និង​ការ​ក្លែងបន្លំ​ឯកសារ​ដើម្បី​រំលោភ​យក​ដី​រដ្ឋ ហើយដោយ​សារ​អស់ម៉ោង​រដ្ឋបាល លោក​ចៅក្រម​សេង រិទ្ធី​បាន​លើក​ពេល​បន្ត​សវនាការ​នៅ​ថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ​២០២០​ខាងមុខ​ទៀត។

ក្នុង​រឿងក្ដី​ដ៏​ចំ​រ៉ូង​ចំ​រ៉ា​ដ់​នេះ កាលពី​កន្លងទៅ លោក​ឧកញ៉ា សុខ ប៊ុន បាន​យក​ឯកសារ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​មួយ​ច្បាប់ ទៅ​ឲ្យ​អាជ្ញាធរ​ភូមិ សង្កាត់​ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​តា​ម​ផ្លូវច្បាប់ ដោយ​ក្នុង​ឯកសារ​នោះ បញ្ជាក់​ថា ដី​ទំហំ​ជាង ៥០០ ហិកតា ជា​របស់លោក សុខ ប៊ុន ដែល​បានមកពី​ការទិញ​ពី​បុរស​ម្នាក់​ឈ្មោះ ម៉ា ស៊ី ជា​អ្នករស់នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​កោះរ៉ុង​នេះ​តាំងពី​ឆ្នាំ ២០០២ ។ ប៉ុន្តែ​អាជ្ញាធរ ភូមិ​-​សង្កាត់ ចាត់ទុក​ឯកសារ​នោះ​ជា​ឯកសារ​មិន​ប្រក្រតី និង បដិសេធ​ការចុះហត្ថលេខា​ទទួលស្គាល់​លើ​ឯកសារ​នោះ​។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ហាន សុខ​ខៃ អះអាង​ថា អ្នកស្រី​និង​ពលរដ្ឋ​ជាង ៤០ គ្រួសារ​ផ្សេងទៀត​បានរស់នៅ​លើដី​នោះ​តាំងពី​ឆ្នាំ ២០១២ ប៉ុន្តែ​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន លោក សុខ ប៊ុន និង​បក្ខពួក​បាន​ចុះទៅ​វាស់វែង​ដី​នោះ​ម្ដង​។ ទោះយ៉ាងណា​ការវាស់វែង​មិនបាន​សម្រេច​ទេ ដោយសារ​ពលរដ្ឋ​បាន​រារាំង​។

អ្នកស្រី សុខ​ខៃ បាន​បន្តថា ៖ «​ប្រមុខ​រដ្ឋាភិបាល បានផ្ដល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជា​លក្ខណៈ​ប្រព័ន្ធ ដល់​គ្រួសារ​ខ្ញុំ និង​ប្រជាពលរដ្ឋ​ជាង ៤០ គ្រួសារ​ទៀត​នៅទីនេះ​តាំងពី​ឆ្នាំ ២០១៥ មកម្ល៉េះ​។ ប៉ុន្តែ​មិនដឹងថា ហេតុអ្វី​បានជា​លោក​ឧកញ៉ា​នោះ​គាត់​ហ៊ាន​ធ្វើឯកសារ​ក្លែងបន្លំ គ្របដណ្ដប់​យក​ដី​យើងខ្ញុំ​បែបនេះ​»​។

គួរ​រំឭក​ផងដែរ លោក សុខ ប៊ុន ធ្លាប់​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ ៣ ឆ្នាំ ម្ដង​រួចមកហើយ​កាលពី ខែ កុម្ភៈ ឆ្នាំ ២០១៦ ប៉ុន្តែ​ឲ្យ​អនុវត្ត​ទោស​តែ ១០ ខែ ពាក់ព័ន្ធ​នឹង​ហិង្សា​ទៅលើ​ពិធី​ការិនី​ទូរទស្សន៍ ឯក សុជាតា ហៅ សា សា​កាលពី​ខែ កក្កដា ឆ្នាំ ២០១៥។

ក្រោយ​ចេញពី​ពន្ធនាគារ​បាន​ប៉ុន្មាន​ឆ្នាំ ក៏​មាន​បញ្ហា​ក្លែង​ឯកសារ រំលោភ​យក​ដី​រដ្ឋ​ទៀត ទើបត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​បញ្ជូន​ឲ្យ​តុលាការ​ឃុំខ្លួន​រហូត​មក​ដល់​ថ្ងៃ​កាត់ទោស​នេះ៕
មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114