BREAKING NEWS
Search

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរគ្រឿងញៀន២​នាក់ រួម​នឹង​​ម៉ា​ទឹកកកមួយចំនួន​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន ២ នាក់ ដែល​ក្នុង​នោះ​មាន​ម្នាក់ ធ្លាប់​មាន​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ​ផង​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង គឺជា​ប្រភេទ​ម៉ា​ទឹកកក​មួយចំនួន​ផងដែរ ខណៈ​ដែល​មុខសញ្ញា​ទាំងនេះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង។

តាម​ការ​លើក​ឡើង​ពី​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង ១ រសៀល​ សមត្ថកិច្ច​បាន​ចុះទៅ​កាន់​ចំណុច ភូមិ​អង់ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជួញដូរ​ថ្នាំញៀន។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា នៅក្នុង​កិច្ចប្រតិបត្តិការ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ ​ដែល​មាន​ឈ្មោះ ពៅ តាវ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល និង ឈ្មោះ សាង ម៉ៅ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល។

ដោយ​ក្នុងចំណោម​ជនសង្ស័យ​ទាំង២​នាក់​នេះ គឺ​ឈ្មោះ សាង ម៉ៅ ធ្លាប់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ៤៩៩ ត​ព្រ ចុះ​ថ្ងៃទី១៣ ខែមិថុនា ​ឆ្នាំ២០២០ របស់លោក​ចៅក្រម​ស៊ើបសួរ អ៊ី សុវណ្ណ ដែល​បាន​ចោទ​ពី​បទ « ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន »។

នៅក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន រួមមាន គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៥ ថង់​មាន​ទម្ងន់ ៧,៩៧ ក្រាម ទូរស័ព្ទដៃ ១ គ្រឿង និង សម្ភារៈ​សម្រាប់​វេច​ខ្ចប់ មួយចំនួន ទៀត។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ និង​វត្ថុតាង ត្រូវ​បាន​ការិយាល័យ​ជំនាញ រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ហើយ​ក្នុង​ការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕
សោ និយម​រ័ត្ន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114