BREAKING NEWS
Search

កិច្ចប្រជុំពិនិត្យពិភាក្សាបន្តលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ

ភ្នំពេញ៖ ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើសេចក្ដីសម្រេចអន្តរក្រសួង និងការកំណត់ចំណងជើង នៃសេចក្ដីព្រាងច្បាប់នេះ។

ជាលទ្ធផល អង្គប្រជុំបានឯកភាព និងសម្រេចកែសម្រួលសមាសភាពនៃគណៈកម្មការអន្តរក្រសួង និងបានដាក់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះទាំងភាសាខ្មែរ និងភាសាអង់គ្លេសគឺច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ (Wastewater and Drainage)។

សន្ទុះទៅមុខកាន់តែលឿន យើងត្រូវកែប្រែនីតិវិធីនៃការប្រជុំដូចជា ក្រុមការងារជំនួយការលេខាធិការដ្ឋានត្រូវជំរុញការប្រជុំឱ្យបានញឹកញាប់ និងរក្សាទុកចំណុចណាដែលមិនទាន់ឯកភាពគ្នាជូនថ្នាក់ដឹកនាំលេខាធិការដ្ឋានដើម្បីសម្រេច ហើយកិច្ចប្រជុំផ្ទៃក្នុង ក្រសួងត្រូវធ្វើឡើងមួយសប្ដាហ៍ម្ដងជារៀងរាល់សប្ដាហ៍។

ឯកឧត្ដមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្ដល់មតិយោបល់ប្រកបដោយខ្លឹមសារ និងដែលបានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះ។

ឯកឧត្ដមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានស្នើឱ្យក្រុមការងារជំនាញពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសន្ទុះទៅមុខកាន់តែលឿន៕