BREAKING NEWS
Search

អាជ្ញាធរ​ក្រុង​សំរោង ធ្វើការ​អប់រំ​ណែនាំ​ដល់​ពលករ​ដែល​លប​លួចឆ្លងដែន ជៀសវាង​ការ​ចាប់​ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ថៃ

ឧ​ត្ត​រ​មានជ័យ​ ៖ រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ជំនួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​ប្រជា​ពលករ ដែល​នៅតែ​ស្តាប់​តាម​ការ​បោក​បញ្ឆោត​របស់​អ្នក​កៀងគរ​នាំ​ផ្លូវ (​មេខ្យល់​) អំពី លទ្ធភាព​នៃ​ការ​អាច​ឆ្លងដែន ចូល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ខណៈពេលដែល​អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា និង​ច្រករបៀង​នៅឡើយ​។

​ជំនួប​សំណេះសំណាល​នេះ បាន​ប្រព្រឹត្តទៅ​នៅ​អធិការរដ្ឋាន​នគរបាល​ក្រុង​សំរោង ក្រោយ​ពេលដែល​កម្លាំង​របស់​អធិការ​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​កង​ការពា​រ​ព្រំដែន ចុះ​ល្បាត និង​នាំខ្លួន ប្រជា​ពលករ​ចំនួន ១០​នាក់ ស្រី ០៤​នាក់ ដែល​មាន​គោលបំណង​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។

តាមរយៈ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ លោក​អភិបាលក្រុង បាន​ធ្វើ​ការ​សំណូមពរ​ដោយ​ទ​ទូច ចំពោះ​ស្ថានភាព​នៃ​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ត្រូវ​បាន​ប្រទេស​នានា​ជុំវិញ​ពិភពលោក និង​ជា​ស្ដែង​ប្រទេស​ថៃ និង​កម្ពុជា ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ នៅ​មិនទាន់​បើក​ឲ្យ​ដំណើរការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​របស់ខ្លួន​ទាំងសងខាង​នៅឡើយ​ទេ​។​

ក្រោយពី​សំណេះសំណាល​នឹង​អប់រំ​ណែនាំ​រួច​ប្រជា​ពលករ​ត្រូវ​បានធ្វើ​កិច្ចសន្យា និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​រៀងៗ​ខ្លួន ដោយឡែក​អ្នក​គៀង​នាំ​ផ្លូវ ចំនួន​ពីររូប (​មេខ្យល់​) ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​បន្ត​អនុវត្តតាម​នីតិវិធី​៕
ចាន់ ធី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114