BREAKING NEWS
Search

ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៣​ខែ​កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​២១០៤​គ្រឿង

ភ្នំពេញ ៖ ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រក​ឃើញ​មធ្យោបាយ​ល្មើស​ប្រមាណ ២១០៤​គ្រឿង នេះ​បើ​យោង​តាម​របាយការណ៍ ដែល​កាសែត​កម្ពុ​ជាថ្មី ទទួល​បាន​ពី​នាយកដ្ឋាន​នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់​សាធារណ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។

ក្នុងចំណោម​មធ្យោបាយ​ដែល​ល្មើសច្បាប់​ចរាចរណ៍​ទាំង ២១០៤​គ្រឿង​នេះ ក្នុង​នោះ​មាន​ម៉ូតូ ចំនួន ៨៨៣​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត រួម​ទាំង​រថយន្ត ១២២១​គ្រឿង ។ សម្រាប់​រយៈពេល ៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០ លទ្ធផល នៃ​ការ​រឹត​បន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រក​ឃើញ​មធ្យោបាយ​ល្មើសច្បាប់ សរុប ប្រមាណ ៦៦៤០​គ្រឿង​នេះ ក្នុង​នោះ​មាន ម៉ូតូ ចំនួន ២៨៣៣​គ្រឿង និង​យានយន្ត​ផ្សេងៗ​ទៀត រួម​ទាំង​រថយន្ត សរុប ចំនួន ៣៨០៧​គ្រឿង។

សូម​ជំរាប​ជូន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​សុក្រ​ទី​១ ខែឧ​សភា ឆ្នាំ​២០២០ តទៅ កម្លាំង​នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​ការ​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ ៣៩ អនក្រ .​ប​.​ក ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ស្តី​ពី ការ​កែ​សម្រួល​អនុក្រឹត្យ​លេខ ៤៤ អនក្រ .​ប​.​ក ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ស្តីពី ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដំឡើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣ ( បី ) ទៅ ៥ ( ប្រាំ ) ដង។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកបដោយ​ឆន្ទៈ​ភ្ញាក់​រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សណ្ដាប់ធ្នាប់​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន៖ ​មាន​វិធានការ​ចំពោះ​មុខ​ច្បាប់​ បើសិន​រក​ឃើញ​ថា​មន្ត្រី​អាវុធហត្ថ​ណា​ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែង​ក្លាយ​