BREAKING NEWS
Search

ផែនការមេ​ចុងក្រោយ សម្រាប់​គម្រោង​សាង សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ត្រូវ​បាន​ចុះហត្ថលេខា​

​ភ្នំពេញ ៖ អ្នកឧកញ៉ា ពុង ឃាង​សែ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២០ បាន​ចុះហត្ថលេខា ជាមួយ​នាយ​ឧ​ត្ត​ម សេនីយ៍​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល លើ​ផែនការមេ​ចុង​ក្រោយ នៃ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​កណ្តាល​ស្ទឹង ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ស្រុក​បាទី ខេត្ត​តាកែវ​។​

​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ស្ថាបនា​លើ​ដី​ទំហំ​ប្រមាណ​ ២ ៦០០​ហិកតា មាន​បណ្តោយ​ប្រមាណ ៦ គីឡូម៉ែត្រ និង​ទទឹង​ប្រមាណ​៤ គីឡូម៉ែត្រ។ ដំណើរ​ការ នៃ​ការសាងសង់​ព្រលាន​យានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ថា អាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ​។ បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាស​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា សមត្ថភាព​អាកាសយានដ្ឋាន​ថ្មី​នេះ សម្រាប់​ឆ្នាំ​២០២៣ ទទួល​អ្នកដំណើរ ១៣ លាន​នាក់​, ឆ្នាំ​២០៣០ ទទួល​អ្នកដំណើរ​៣០ លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៥០ ទទួល​អ្នកដំណើរ​៥០ លាន​នាក់​។ ព្រលាន​យន្តហោះ​ថ្មី​នេះ វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​១៥០០​លាន​ដុល្លារ ដែល​ជា​ប្រភេទ 4F គឺ​ប្រភេទ​ព្រលាន​យន្ត​ហោះ​ធំ ដែល​អាច​នឹង​ស្រូប​យក និង​ទទួល​បាន​ការហោះហើរ​ពី​ឆ្ងាយ​ឆ្លង​ទ្វីប ដែល​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ធុន​យក្ស រហូត ដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចត​បាន​។ ក្រុមហ៊ុន​វិនិយោគ​មាន​មហិច្ឆតា អភិវឌ្ឍន៍​ជា​ព្រលាន​យន្តហោះ​ថ្មី​នេះ​ឲ្យ​ធំ និង​ទំនើប​ជាងគេ​នៅ​តំបន់​អាស៊ី​។​

​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប និង OCIC ធ្លាប់​បាន​បញ្ជាក់ប្រាប់ អ្នក​សា​រ​ព័ត៌មាន​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែល​ជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ​ នៅ​លើ​ពិភពលោក​។ អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F ជា​អាកាសយានដ្ឋាន​ធំ​បំផុត​លំដាប់​ទី​៩ នៅ​ក្នុង​ពិភពលោក ដែល​ស្ថិតនៅ​លំដាប់​ពីក្រោយ​អាកាសយានដ្ឋាន Chicago O’Hare និង​លំដាប់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិន​។ នៅ​ពេល​សាងសង់​ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​សមត្ថភាព​ទទួល​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​ផ្លូវ​ឆ្ងាយ ព្រមទាំង​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ចំនួន​២៧​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ហើយ​នៅ​ឆ្នាំ ២០៥០ វា​នឹង​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់ ៣០ លាន​នាក់​ស្របតាម​ផែនការមេ​។ ក្រុម ហ៊ុន​នេះ មាន​ដើមកំណើត​នៅ​ប្រទេស​អង់គ្លេស​តាំងពី​ឆ្នាំ​១៩៦៧ ហើយ​ជា​ក្រុមហ៊ុន​ដែល​បាន​រចនា​អគារ​ល្បីៗ​ជាច្រើន ដូចជា អគារ​ដ៏​ស្រស់ស្អាត Queen Elizabeth II Great Court និង Bloomberg London ជាដើម​។

​ចំពោះ​ការសាងសង់​វិញ អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​បញ្ជាក់​ថា នឹង​ជ្រើសរើស​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន រួម​ជា​មួយ​នឹង​ការប្រើប្រាស់​ធនធាន​បច្ចេកទេស និង បទពិសោធន៍​របស់​ក្រុមហ៊ុន OCIC ផ្ទាល់​។ អ្នកឧកញ៉ា​ជឿ​ជាក់​ថា នេះ​គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​គម្រោង​មួយ​នេះ​។​

​គោលបំណង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ អ្នកឧកញ៉ា ពុង ឃាវ​សែ អះ​អាង​ថា​
​គឺ​ដើម្បី​លើកកម្ពស់​ដល់​វិស័យ​សំណង់ ដោយ​នាំ​យក​នូវ​បច្ចេកទេស​ថ្មីៗ​ទំនើបៗ​មក​អនុវត្ត ដែល​ជា​កត្តា​នាំ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដើរ​ទាន់​ពិភពលោក​។ អ្នក ឧកញ៉ា​បញ្ជាក់​ថា ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី នឹង​លើកមុខ​មាត់​ដល់​ប្រទេស​កម្ពុជា​ទាំង​ក្នុង​វិស័យ​អាកាសចរណ៍ ទាំង​ក្នុង​វិស័យ​ពាក់ព័ន្ធ​នានា និង​រួមចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​៣ ចំណុច នៃសមត្ថភាព​ដឹកជញ្ជួនរបស់ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​  4f