BREAKING NEWS
Search

តម្រួត​ថៃ​ចាប់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក នៅ​ខេត្ត ន​រ៉ា​ធី​វ៉ាត សរុប​ទម្ងន់ ១៤២០ គីឡូក្រាម

ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រមាណ​ជិត ១ តោន កន្លះ ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ រួម​សហការ​ជាមួយ​កម្លាំង សន្តិសុខ​ផ្ទៃក្នុង ស្រាវជ្រាវ​និង​ឈាន​ដល់​ការចាប់​បាន​ទាំង​កណ្តាលអធ្រាត្រ ខណៈដែល​ជនសង្ស័យ​បាន​ដឹក​ថ្នាំញៀន​ដ៏​ច្រើន​មហិមា​នេះ តាមរយៈ​រថយន្ត​កង់ ១៨ បម្រុង​លោត​ឆត្រ​មក​ទម្លាក់​អោយ​ឈ្មួញ​ធំ។

យោង​តាម​របាយការណ៍​ដែល​យើង​ទទួល​បាន​គឺ ក្នុង​កិច្ចប្រតិបត្តិការ​ដែល​ដែលមាន​កម្លាំង​តម្រួត​ថៃ សហការ​ជាមួយ​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រចាំ​ភូមិភាគ ៤ បាន​ចុះទៅ​កាន់​ចំណុច​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង ​ឃុំណា​ណាក ស្រុក​តាក​បៃ ខេត្ត​ន​រ៉ា​ធី​វ៉ាត ប្រទេស​ថៃ នៅវេលា​ម៉ោង​២និង៣០នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​មួយ​គ្រឿង ប្រភេទ​រថយន្ត​ធំ កង់ ១៨ ពាក់​ស្លាក​លេខ​សុរ៉ា​ថា​នី ៧០-៥៣៣១ ដែល​មាន​អ្នកបើកបរ​ម្នាក់​ឈ្មោះ ស៊ុំឆាយ ធឿន​ក្រឿ រស់នៅ​ខេត្ត នគរ​ស៊ីថាំ​រ៉ា​ត ​ដោយ​នៅលើ​រថយន្ត​នេះ​មាន​ផ្ទុក​នូវ​ដែក​សរសៃ និង មាន​ការ៉ុង​ធំៗ​ចំនួន ៣៥ កា​រ៉ុង។

ក្រោយពេល​ត្រួតពិនិត្យ គេ​សង្កេត​ឃើញថា នៅក្នុង​កា​រ៉ុង​នីមួយៗ មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៤០ ដុំ​ ដែល​សរុប​ទាំង ៣៥ កា​រ៉ុង គឺមាន​ទម្ងន់ ១ ៤២០ គីឡូក្រាម ។ តាម​ការសារភាព​របស់​អ្នកបើកបរ​រថយន្ត និង​ក្រោម​ការចូលរួម​ពី​លោក ផៃ​រ៉ូ​ត ចិត្រ​ង៉ា​ម អភិបាលរង​ខេត្ត ន​រ៉ា​ធី​វ៉ាត ផង​នោះ គេ​បាន​រៀបរាប់ថា ថ្នាំញៀន​ទាំងនេះ ត្រូវ​បាន​គេ​ជួល​អោយ​ដឹក​មកកាន់​តំបន់​ខាងលើ ដោយ​អោយ​ខ្លួន​ទំនាក់ទំនង​ទៅ​ឈ្មោះ អា​វេ ដើម្បី​ឲ្យ​ឈ្មោះ​នេះ ជួល​ទៅ​ទម្លាក់​ឲ្យ​ម៉ូយ​នៅ​ស្រុក សុ​ង៉ៃ កូ​ឡុ​ក ក្នុង​ខេត្ត ន​រ៉ា​ធី​វ៉ាត និង​នៅ​សេសសល់​​បន្ត​ចែកចាយ​ទៅកាន់​ប្រទេសជិតខាង បន្ថែមទៀត ដែល​ថ្នាំញៀន​ទាំងអស់នេះ​មានតម្លៃ​សរុប ប្រមាណ​រាប់ពាន់ លាន​បាត ឯណោះ។

បច្ចុប្បន្ន​សមត្ថ​កិច្ច​បាន​បញ្ជូន​មនុស្ស និង​វត្ថុ​តាង ទៅកាន់​អង្គភាព​ជំនាញ​ ហើយ​កម្លាំង​ក៏​កំពុង​តាម​ស្រាវជ្រាវ​រកមុខ​សញ្ញា​ឈ្មោះ អា​វេ ដើម្បី​នាំខ្លួន​យក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ដែរ៕
សោ និយម​រ័ត្ន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114