BREAKING NEWS
Search

សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ ក្នុង​មួយថ្ងៃ​លក់បាន​ពី​៣០០ ទៅ ៤០០​គីឡូក្រាម

កំពង់ស្ពឺ ៖ ក្រុមការងារ​ស្រាវជ្រាវ​ដំណាំ​បន្លែ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា​ដឹកនាំ​ដោយ លោក​បណ្ឌិត ផុន កសិកា ប្រធានស្ដីទី​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម បាន​ចុះទៅ​ធ្វើការ​សិក្សា​ពី​បន្លែ តាម​សហគមន៍​ដែល​កំពុង​មាន​ដំណើរកា​រ​ល្អ និង​ទទួល​បាន​ការពេញចិត្ត​គាំទ្រ​ពី​កសិករ​ជា​សមាជិក​សហគមន៍​ប​ន្លែ​នៅ​ខេត្តកំពង់ស្ពឺ​។

ទស្សនកិច្ច​សិក្សា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ចង្វាក់​ផលិតកម្ម និង​ទីផ្សារ​លក់​បន្លែ​របស់​សហគមន៍ ព្រមទាំង​ចុះទៅ​សិក្សា​ស្វែងយល់​ផ្ទាល់​ពី​ការ​ដាំដុះ​របស់​ប្រជាកសិករ​ដែលជា​សមាជិក​សហគមន៍ នៅឯ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង ទីតាំង​ពិសោធន៍ ដាំ​បន្លែ​ដោយ​ប្រើប្រាស់​បាយ​អូ​ឆា​ជា​មូលដ្ឋាន​ក្នុង​ការសិក្សា​ស្រាវជ្រាវ ដែល​ស្ថិតនៅ​ភូមិ​ច្រក​ខ្លុង ឃុំ​ទ័ព​មៀន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

លោក វណ្ណៈ សម្បត្តិ លេខាធិការ​នៃ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា សហគមន៍​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០១ និង​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៩​។ ការបង្កើត​សហគមន៍​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​បច្ចុប្បន្ន សហគមន៍​មាន​បុគ្គលិក​បំពេញការងារ​ចំនួន​៦​នាក់​។ សហគមន៍​អាច​ដំណើរការ​ទៅ​បាន​ដោយ​ទទួល​បាន​ប្រាក់ចំណូល​មកពី​ប្រភពបី គឺ​៖១- ការទិញ​ស្រូវ ដើម្បី​ផលិត​ជា​អង្ក​រលក់ ២- ការបង្កើត​ឥណទាន​ខ្នាតតូច ដោយ​យកការប្រាក់​ទាប ៣- ការ​ចងក្រង​សហគមន៍​ដាំ​បន្លែ បាន​ចំនួន​៨០ គ្រួសារ លើ​ផ្ទៃដី​ដាំ​ដុះ​ចំនួន​៨​ហិកតា​។​ទាក់ទង​ចង្វាក់​ផលិតកម្ម​ទិញ​និង​លក់​បន្លែ​វិញ សហគមន៍​មាន​ទីផ្សារ​ធំ​មួយ គឺ Japan Farm Products (Cambodia) Co., Ltd. (SEATS) ដែល​អាច​ទទួល​ទិញ​បន្លែ​ចាប់ពី ៧០០ ទៅ ៨០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន​សហគមន៍​មានដំណើរ​ការល្អ ពោល​គឺអាច​លក់​បាន​ក្នុង​១​ថ្ងៃ​ចាប់ពី ៣០០ ទៅ ៤០០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​៤០០០​រៀល សម្រាប់​ប្រភេទ​បន្លែ មាន​សាឡា​ត់ ត្រកួន សាឡា​ត់​ឡា​ត់​ពណ៌ ជាដើម​។ សហគមន៍ ក៏​មាន​តារាង​តម្លៃ​សម្រាប់​លក់​ចេញទៅ​អតិថិជន ទៅតាម​ប្រភេទ​បន្លែ​ផ្សេងៗ​គ្នា​។

បន្ទាប់ពី​សិក្សា​ស្វែងយល់​ពី​ចរន្ត​ទីផ្សារ ក៏ដូចជា​ដំណើរការ​ទូទៅ​របស់​ស​ហគ​មន៍​កន្លងមក លោក វណ្ណៈ ស​ម្ប​តិ្ត បាន​នាំ​ក្រុមការងារ​គម្រោង​បន្លែ និង ក្រុមការងារ​គម្រោង​បាយ​អូ​ឆា ចុះទៅ​សិក្សា​ស្វែងយល់​ផ្ទាល់​ពី​ការ​ដាំដុះ​ដំណាំ​របស់​ប្រជាកសិករ​ជា​សមាជិក​សហគមន៍ នៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ បើ​តាម​ការ​បង្ហាញ​របស់​កសិករ​ដាំ​បន្លែ​ដែល​ជា​សមាជិក​របស់​ស​ហគ​មន៍ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សហគមន៍​បាន​ធ្វើ​ការងារ​ដោយ​ភាព​ស្មោះត្រង់​ជាមួយ​កសិករ ពិសេស​គឺ​តម្លៃ​ទិញ​ចូល​ពី​កសិករ និង​តម្លៃ​លក់​ចេញ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ឬ លក់​ឲ្យ​ឈ្មួញកណ្ដាល​ផ្សេងទៀត​ដោយមាន​តម្លាភាព​។

ដូច្នេះ កសិករ​មាន​ជំនឿ​លើ​សហគមន៍ ទើប​មិន​ងាក​បែរ​រក​កន្លែង​លក់​ថ្មី ទោះបី​មានការ​ឈ្មួញកណ្ដាល​ថ្មីៗ​មកសុំ​ចរចា​ទិញ​បន្លែ​ពី​ពួកគាត់​ក៏ដោយ​។ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​បន្លែ​ចម្រុះ​ជាយក្រុង​កំពង់ស្ពឺ នៅ​បន្ត​រក្សា​និរន្ត​ភាព​ក្នុង​ដំណើរការ​របស់ខ្លួន​បាន​មកទល់​សព្វថ្ងៃនេះ ក៏ដោយ​សារ​តម្លា​ភាពជា​មួយ​កសិករ ពិសេស​គឺ​ភាពស្មោះត្រង់​។

គួរ​រំលឹក​ថា គម្រោង​ស្រាវជ្រាវ​បា​អូ​ឆា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​ទ័ព​មៀន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ចាប់​ផ្តើមឡើង​១​ឆ្នាំ​ហើយ ក្នុង​គោលបំណង​សំខាន់​ផលិត និង ប្រើប្រាស់​បាយ​អូ​ឆា ដើម្បី​កែប្រែ​ដី​ឲ្យ​មាន​គុណភាព និង​បង្កើន​ទិន្នផល​ដំណាំ​។ ការផលិត​បាយ​អូ​ឆា គឺ​អាច​វត្ថុធាតុដើម​នៃ​សំណល់​ផ្សេងៗ​រួមមាន សំណល់​កសិកម្ម សំណល់​សរីរាង្គ​ផ្សេងៗ និង​សំណល់​ផ្ទះបាយ​ជាដើម​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114