BREAKING NEWS
Search

ទៅ​ឆក់​កណ្ដុរ​ក្នុង​ចំការ​បន្លែ ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​

កណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​ចរន្ត​អគ្គីសនី​ឆ្លង​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​កំពុង​រាយ​ខ្សែលួស​ឆក់​កណ្ដុរ ​ក្នុង​ចំការ​បន្លែ​របស់ខ្លួន ។​

​ករណីនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ ២៤​និង​១២​នាទី ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​ដីចំការ​បន្លែ ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល​។

​មន្ត្រីនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុន គុន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​សូ​ភី ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​សម្ភារៈ​នៅ​កន្លែងកើតហេតុ​មាន អាគុយ​ចំនួន​១​គ្រឿង​.​ម៉ាក​ស្តា​ធើ​ (STARTER) ពណ៌​ខ្មៅ កម្លាំង​៧០​អំពែ​, អាំង​វិចទ័រ​កែឆ្នៃ​(​ដុំ​ឆក់​)​ចំនួន​០១​គ្រឿង និង​ខ្សែលួស​ចំនួន​១​ខ្សែ មាន​ប្រវែង​២០០​ម៉ែត្រ​។​

ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​០០​នាទី ជនរងគ្រោះ​បានមក​ដេកចាំ​បន្លែ​នឹង​ឆក់​កណ្តុរ​នៅ​ចំការ​បន្លែ​របស់ខ្លួន ស្ថិតនៅ​ចុង​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង​ខេត្តកណ្តាល ។ លុះ​មកដល់​វេលា​ម៉ោង​២៤​និង​១២​នាទី កូនប្រុស​របស់​ជនរ​ង​គ្រោះ​ឈ្មោះ គុន ឈុនលី មករក​ឪពុក​ដើម្បី​ហៅ​ហូបបាយ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ប្រទះឃើញ​ឪពុក​ដោយសារ​ឆក់​ខ្សែលួស​រាយ​ឆក់​កណ្ដុរ ភ្លាមនោះ​ផ្អើលឆោឡោ និង​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ។

បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​ទឹក​វិល​បាន​រាយការណ៍​បន្តទៅ​នគរបាល​ជំនាញ​ផ្នែក​ពិនិត្យ​កន្លែងកើតហេតុ​ស្រុក ដោយ​សហការ​ជាមួយ​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ និង​ក្រុមប្រឹក្សាឃុំ លោក​មេភូមិ និង​ក្រុមគ្រួសារ​សព​បានធ្វើការ​ពិនិត្យ​សាកសព​ឃើញថា​:​មាន​ស្នាម​ខ្លោច ត្រង់​កណ្តាល​ខ្នង​នឹង​ចង្កេះ​ផ្នែក​ខាងក្រោយ​ស្នាម​ខ្លោច​ត្រង់​ផ្នែក​ទ្រូង​ខាងឆ្វេង​, ស្នាម​ខ្លោច​ថ្ពាល់​ខាងឆ្វេង​នឹង​ត្រជៀក​ខាងឆ្វេង​.​ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច ជនរងគ្រោះ​ឈ្មោះ ស៊ុន គុន បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​(​ឆក់​កណ្តុរ​)​ពិតមែន ។ សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ