BREAKING NEWS
Search

ជំងឺភ្នែកឡើងបាយ អាច​បញ្ចប់​ការ​មើលឃើញ​របស់​អ្នក​មែន​ទេ​

១) អ្វី​ទៅជា​ភ្នែក​ឡើងបាយ​?
ភ្នែក​ឡើងបាយ គឺជា​ជំងឺ​ដែល​កើត​នៅលើ​កែវភ្នែក ដែល​ស្ថិត​នៅក្រោយ​កូនក្រមុំ ដោយ​កែវភ្នែក​ដែលមាន​ភាព​ថ្លា​ច្បាស់ បែរជា​មាន​ភាព​ស្រអាប់ រឺ​ឡើង​ពណ៌​ស ជាហេតុ​បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិនអាច​ឆ្លងកាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាត​ភ្នែក​បាន ធ្វើអោយ​គំហើញ​មានការ​ថយចុះ។

២) អាកា​រៈ និង​រោគសញ្ញា​ភ្នែក​ឡើងបាយ​៖
​រោគសញ្ញា​ចម្បង​នៃ​ជំងឺភ្នែកឡើងបាយ គឺ​ការថយចុះ​នៃ​គំហើញ​បន្តិច​ម្តងៗ ហើយ​អ្នកជំងឺ​ក៏​អាចមាន​អាកា​រៈ​ផ្សេងៗ​ទៀត​ដូចខាងក្រោម
– មើលឃើញ​រាង​ច្បាស់​បន្តិច នៅពេលដែល​ស្ថិតនៅក្នុង​ម្លប់ ឬ​ពេល​រសៀល​។​
– មើលឃើញ​បែកផ្សែង និង​ស្រវាំងភ្នែក​ជាង​ធម្មតា នៅពេលដែល​ស្ថិតនៅក្រោម​ពន្លឺ​ថ្ងៃ​ភ្លឺ​ខ្លាំង​ឬ​នៅពេល​មាន​ពន្លឺភ្លើង​ចាំង​មក​ចំ​ភ្នែក​នៅពេល​យប់​។​
– កូនក្រមុំ​មាន​ពណ៌​ស និង​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ នៅពេលដែល​បាយ​ឡើង​ក្រាស់​ខ្លាំង​។​
– ក្នុងករណី​កម្រិត​បាយ​នៅ​តិច អ្នកជំងឺ​មើល​ឆ្ងាយ​មិន​ច្បាស់ ដោយមាន​ការផ្លាស់ប្តូរ​វ៉ែនតា​សម្រាប់​មើល​ឆ្ងាយ​ញឹកញាប់ ប៉ុន្តែ​អ្នកជំងឺ​អាច​មើល ឬ​អាន​អក្សរ​ជិតៗ​បាន​ដោយ​មិនចាំបាច់​ពាក់​វ៉ែនតា​មើល​ជិត​។
– ក្នុងករណី​កម្រិត​បាយ​ឡើង​ស្រអាប់់​ខ្លាំង អ្នកជំងឺ​មិនអាច​មើលឃើញ​ច្បាស់​ទាំង​ឆ្ងាយ និង​ទាំង​ជិត។

៣) មូលហេតុ​បង្ក​ជំងឺ​៖
មូលហេតុ​ដែល​អាច​បណ្តា​ល​អោយមាន​ជំងឺភ្នែកឡើងបាយ​រួម​មានៈ
– អាយុ​ច្រើន និង​ភាព​ចាស់ជរា​
– ជំងឺ​ទឹកនោមផ្អែម
– ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក
– ជំងឺ​រលាក​ប្រ​ស្រី​ភ្នែក
– ការប៉ះទង្គិច ឬ​របួស​ទៅលើ​គ្រាប់ភ្នែក​
– ការធ្វើការងារ​ដែល​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​ខ្លាំង​ជា​ញឹកញាប់​
– ការកើតមាន​ពី​កំណើត​ទៅលើ​កុមារ ឬ​ទារក (​ដូចជា​ក្នុងកំឡុងពេល​ម្តាយ​មាន​ជំងឺ​ស្អូច​ជាដើម​)
– ការប្រើប្រាស់​រយៈពេល​យូរ​ហួស​កម្រិត នូវ​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ជំងឺ​រលាក​ភ្នែក រឺ​ក្រហម​ភ្នែក​ដែលមាន​ផ្ទុក​នូវ​សារជាតិ​ស្តេ​រ៉ូ​អ៊ី​ត​
៤) ផលវិបាក​៖
ក្នុងករណី​មិនបាន​ទទួល​ការព្យាបាល​ភ្នែក​ឡើងបាយ​អោយបាន​ត្រឹមត្រូវ និង​ទុកអោយ​បាយ​ភ្នែក​ទុំ​ខ្លាំងពេក អ្នកជំងឺ​អាចមាន​ផលវិបាក​ដូចខាងក្រោមៈ​
– ងងឹតភ្នែក​ទាំងស្រុង​
– រលាក​ឈឺ​ចុកចាប់​ក្នុង​ភ្នែក និង​ឈឺក្បាល​ខ្លាំង ក្នុងករណី​មានការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើតជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ដែល​បង្កដោយ​បាយ​ភ្នែក​
– រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុងករណី​មានការ​ដាច់​ធ្លាក់​កែវភ្នែក​ដែលមាន​ឡើងបាយ​ទៅក្នុង​ផ្នែក​ខាងក្រោយ​នៃ​ភ្នែក​

៥) ការព្យាបាល និង​ថែទាំ​ក្រោយពេល​វះកាត់​៖
– ភ្នែក​ឡើងបាយ​អាច​ព្យាបាល​បាន និង​អាច​ផ្តល់នូវ​ការមើលឃើញ​ច្បាស់​មកវិញ ក្រោយពី​ធ្វើការ​វះកាត់​យក​កែវ​ដែលមាន​ឡើងបាយ​ចេញ ដោយ​វេជ្ជបណ្ឌិត​ឯកទេស នៅតាម​មន្ទីរពេទ្យ​ភែ្ន​ក​នានា​ទូទាំងប្រទេស​។​
– ដើម្បី​ជៀសវាង​នូវ​ផលវិបាក​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​បន្ទាប់ពី​ធ្វើការ​វះកាត់​ភែ្ន​ករួច អ្នកជំងឺ​ត្រូវ​អនុវត្តតាម​ការណែនាំ​ជា​ចាំបាច់​របស់​គ្រូពេទ្យ ដោយ​ត្រូវ​មក​ពិនិត្យ​ភ្នែក​ឡើងវិញ​ឲ្យ​បាន ៣ ទៅ ៤ ដង តាម​ការ​ណាត់ជួប​រប​ស់​គ្រូពេទ្យ​ភែ្ន​ក ត្រូវដាក់​ថ្នាំ​ភែ្ន​ក​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ ពាក់​វ៉ែនតា​ការពារ​ភ្នែក មិនត្រូវ​ឈ្លី​ភ្នែក មិនត្រូវ​លើក​របស់​ធ្ងន់​ហួសកម្លាំង និង​មិន​ត្រូវអោយ​ទឹក​ចូល​ភ្នែក​រយៈពេល ៤ ទៅ ៥​សប្តាហ៍​។​

៦) វិធានការ​ការពារ​៖
ដើម្បី​ការពារ​កុំអោយ​កើតមាន​ជំងឺភ្នែកឡើងបាយ ដែល​បង្កដោយ​មូលហេតុ​ផ្សេងៗ​ក្រៅ​អំពី​ជរាភាពៈ​
– សូម​ការពារ​កុំអោយ​ការប៉ះទង្គិច ឬ​មាន​របួស​ផ្ទាល់​ទៅលើ​គ្រាប់ភ្នែក​
– សូម​ពាក់​របាំង​ការពារ ឬ​វ៉ែនតា​ការពារ​ភ្នែក​រាល់ពេល​ធ្វើការ​ងារ​ណា​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ទៅលើ​ភ្នែក និង​មុខ​របស់​អ្នក​
– សូម​ពាក់មួក និង​វ៉ែនតា​ការពារ​កាំរស្មីព្រះអាទិត្យ​
– សូមកុំ​ប្រើប្រាស់​ថ្នាំ​ភ្នែក​ដោយ​គ្មាន​ការពិនិត្យ និង​វេជ្ជបញ្ជា​ត្រឹមត្រូវ​

​ប្រសិនបើ​មាន​បញ្ហា​ភ្នែក សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​ការប្រឹក្សា និង​ពិនិត្យ​ព្យាបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ខ្ពស់​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114