BREAKING NEWS
Search

ប្រើ​កាំភ្លើង​ខ្យល់​បាញ់​ទៅលើ​ជនរងគ្រោះ​ឲ្យ​រង​របួស​បាន​១​ថ្ងៃ​ ត្រូវ​បាន​ចាប់ខ្លួន​តាម​បណ្តឹង

បាត់ដំបង ៖ ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​នួន សាន​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្ត​។

ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​ នៅ​វេលា​ម៉ោង​០៨​និង​០៥​នាទី​នា​ព្រឹក​ ថ្ងៃទី​០៤​ខែកក្កដា ​ឆ្នាំ​២០២០​នេះ​។ លោក​ឆាង​ វណ្ណ​ឆៃ​ អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ ក្រោយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​សៀន​.​វុទ្ធី​ ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សេក​សង្កាត់​អូរ​ម៉ា​ល់​ក្រុង​/​ខេត្តបាត់ដំបង​។

ដោយ​រៀបរាប់​ថា ​មាន​ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​(​បាញ់កាំភ្លើង​ខ្យល់​)​បាន​កើតឡើង​ចំពោះ​ខ្លួន​(​ជនរងគ្រោះ​)​កាលពី​ថ្ងៃទី​០៣​ខ​កក្កដា​ឆ្នាំ​២០២០​នៅវេលា​ម៉ោង​ប្រហែល​២២​និង​១០​នាទី​ស្ថិតនៅ​ក្រុម​០៥​ភូមិ​កូន ​សេក​សង្កាត់​អូរ​ម៉ា​ល់​ ក្រុង​/​ខេត្តបាត់ដំបង​។ ដែល​ហិង្សា​នោះ​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​មឿត សាមឿន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ​ជាមួយគ្នា​។

លោក​បន្ត​ថា ​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​លុះដល់​ថ្ងៃទី​០៤​ ខែកក្កដា ​ឆ្នាំ​២០២០​នេះ ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​មឿត សាមឿន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​សេក ​សង្កាត់​អូរ​ម៉ា​ល់ ​ក្រុង​បាត់ដំបង​ មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ​ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ​ករណីនេះ​។

លោក​បន្ត​ថា ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ខ្យល់​បាញ់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ​ដោយ​ជម្លោះ​ពាក្យ​សម្តី​តិចតួច​។ នៅក្នុង​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ​ ក៏បាន​ដកហូត​កាំភ្លើង​ខ្យល់​កែច្នៃ​ដែល​ជា​វត្ថុតាង​ចំនួន​០១​ដើម​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ផ្នែក​ជំនាញ ​នៃ​អធិការ​ក្រុង​បាន​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បន្ត​នីតិវិធី​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕
សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114