BREAKING NEWS
Search

កម្ពុជាសុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ទៅពាក់កណ្តាលឆ្នាំ២០២១ វិញ

ភ្នំពេញ: ការស្នើសុំកម្ពុជាសុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ នៅកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០២- ០៣ ខែកក្កដា ឆ្នាំ២០២០ ហើយឧត្តមមន្ត្រីតំណាងប្រទេស ដែលបានចូលរួម ក៏បានគាំទ្រផងដែរ។

នៅក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត សុក ស៊ីផាន់ណា បានសម្តែងនូវអំណរគុណដ៏ស្មោះចំពោះប្រទេសដៃគូ ASEM ទាំងអស់ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ លោកបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំទាំងផ្នែកឡូជីស្ទីក និងខ្លឹមសារ ដើម្បីធានាឱ្យបាននូវភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”។

ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជាសុំលើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។

អង្គប្រជុំ ក៏បានលើកឡើងពីសេចក្តីត្រូវ ការនៃការលើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរួមទៅលើបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនមែនគ្រាន់តែបង្កឱ្យមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលសាធារណៈនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបទាំងអស់បានពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីអាស៊ី-អឺរ៉ុប ស្តីពីជំងឺកូវីដ-១៩ ដែលត្រូវបានរំពឹងថានឹងអាចដាក់ចេញនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

ជាចុងបញ្ចប់ អង្គប្រជុំបានសម្តែងនូវការស្វាគមន៍រង់ចាំចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបបន្ទាប់ ដែលប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នជាប្រធានប្តូរវេនក្រុមប្រឹក្សាអឺរ៉ុប នឹងរៀបចំធ្វើឡើងនៅចុងខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM13) បានរៀបចំកិច្ចប្រជុំឧត្តម មន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) តាមប្រព័ន្ធ Video Conference នៅថ្ងៃទី០២ និងទី០៣ ខែកក្កដា ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជ រដ្ឋាភិបាល និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ព្រមទាំងមានការចូលរួមពីឧត្តមមន្ត្រីនៃបណ្តាប្រទេសជាដៃគូ ASEM ទាំងអស់ ផងដែរ៕

អត្ថបទ៖ កោះកែវ