BREAKING NEWS
Search

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហើបពីមូលហេតុនៃការបញ្ចប់តំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប បានបង្ហើបឲ្យដឹងពីមូលហេតុនៃការបញ្ចប់តំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្រសួងមហាផ្ទៃ ក្រោយពីប្រមុខរាជរដ្ឋាភិបាលស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់មុខតំណែង តាមរយៈអនុក្រឹត្យចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ធឹម សុផា បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា គឺក្រោយពីមានភាពមិនប្រក្តីជាច្រើនដូចជា ការពោលពាក្យញុះញង់ បំបែកបំបាក់មន្ត្រីទាំងក្នុងអង្គភាព និងក្រៅអង្គភាព, បំភ្លៃបំផ្លើសការពិតលើការពិតជាក់ស្តែង ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ហើយគ្មានក្រមសីលធម៌ ក្នុងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងនាមជាសវនករផ្ទៃក្នុង, ការពោលពាក្យគំរាមមេដឹកនាំ ក្នុងខណៈដែលខ្លួនបំពេញការងារខុសឆ្គង ហើយក្នុងនោះ ក៏មានពាក្យបណ្តឹងពីមន្ត្រីនៅថ្នាក់មូលដ្ឋានផងដែរ។

បើតាមនាយឧត្តមសេនីយ៍ ធឹម សុផា ការដំឡើងឋានន្តរស័ក្តិ ក៏ដូចជាការដាក់ពិន័យរបស់កងកម្លាំង គឺផ្អែកទៅលើលក្ខន្តិកៈ បទបញ្ជា វិន័យរបស់កងកម្លាំង ហើយអ្វីដែលជាការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្អែកទៅលើក្រុមប្រឹក្សាវិន័យរបស់អង្គភាព ដែលបានធ្វើការវាយតម្លៃនៅក្នុងការអនុវត្តន៍ជាក់ស្តែងរបស់រូបវន្តបុគ្គលនិមួយៗ។ នាយឧត្តមសេនីយ៍ ធឹម សុផា បញ្ជាក់ថា ក្រុមប្រឹក្សាវិន័យបានរកឃើញលោកឧត្តមសេនីយ៍ឯក សៀន សុវណ្ណា មានកំហុសឆ្គងចំនួន១៣ ចំណុច៕

អត្ថបទ៖ កោះកែវ