BREAKING NEWS
Search

មេបញ្ជាការម្នាក់ទៀត នៃកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យបានមរណៈភាព ខេត្តបន្ទាយមានជ័យ

មេបញ្ជាការម្នាក់ទៀតនៃកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ បានមរណៈភាពដោយសារជម្ងឺ។នាយពលទាហាន នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងក្រុមគ្រួសារនៃសព មានសេចក្តីសោកស្ដាយយ៉ាងក្រៀមក្រំបំផុត ដោយលោកឧត្តមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានទទួលមរណៈភាពនៅម៉ោង ១៥:៣៥ នាទីរសៀល ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ។ សពលោកវ៉ែន សាយតម្កល់ធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកលោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ថា លោកឧត្តមសេនីយ៍ត្រីវែន សាយ មានជម្ងឺរបួសរើ ហើយបានបញ្ជូនទៅពិនិត្យព្យាបាលចុងក្រោយនៅមន្ទីរពេទ្យឯកជនយីគក់ ។សហការី បានទៅសួរសុខទុក្ខ លោកមេបញ្ជាការកងពល និងបាននាំយកថវិកាមិត្តរួមអាវុធ ជូនលោកមេបញ្ជាការ សម្រាប់ជួយព្យាបាលជម្ងឺ។

មរណភាពលោកឧត្តមសេនីយ៍ត្រី វ៉ែន សាយ គឺជាបាត់បងជីវិតមេបញ្ជាការ២រូបហើយ បន្ទាប់ពីមេបញ្ជាការទី១ នៃកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ទោសូរ ចាន់ហេង កាលពីជាង៥ឆ្នាំមុន។ បន្ទាប់កងពលពលនេះ មានលោកឧត្តមសេនីយ៍ទោសេង ធារិន ជាមេបញ្ជាការ ទី២ ។ រួចលោកបានឡើងជាមេបញ្ជាការរងទទួលជានាយសេនាធិការនៃយោធភូមិភាគទី៥ ។ ហើយលោកឧត្តមសេនីយ៍ត្រីវ៉ែន សាយ បានឡើងជាមេបញ្ជាការទី៣នៃកងពលនេះ ។

សូមរំលឹកថា កងពលតូចថ្មើរជើងលេខ៥១ បានបង្កើតឡើងក្រោមការកែទម្រង់នៃកងខភម និងច្របាច់កងពលធំចំនួន៣ ចូលគ្នាកងពលធំលេខ៧ កងពលធំលេខ១២ នៃអតីតកម្លាំងរណសិរ្សរំដោះះប្រជាពលរដ្ឋខ្មែរឬKP និងកងពលធំលេខ២១ នៃអតីតកម្លាំងខ្មែរក្រហម ។ អំពីតើនរណានឹងត្រូវឡើង ជាមេបញ្ជាការទី៤ នៃកងពលដែលមានបញ្ជាការដ្ឋានកណ្តាលនៅស្រុកព្រះនេត្រព្រះនេះ តម្រុយមួយថា មានការផ្គូផ្គងលោកមេបញ្ជាការស្តីទីខាងលើឲ្យបន្តវេន ៕

អត្ថបទ៖ គង្គា