BREAKING NEWS
Search

វិធីការពារអារម្មណ៏ខ្លួនឯង នៅពេលមានគេបំពានទឹកចិត្ត មាក់ងាយជាដើម

ជា​រឿង​ធម្មតា​ទេ​ ដែល​យើង​តែង​ទម្លាប់​យក​ចិត្ត​ទុកដាក់​ ចំពោះ​រឿង​ដែល​មនុស្ស​ផ្សេង​ទៀត​កំពុង​គិត​លើ​យើង ទាំងក្នុងន័យល្អនិងអាក្រក់។

នេះ​គឺ​ជា​ជំហាន​មួយ​ចំនួន​ ដែល​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​ផុត​នូវ​រឿង​មិន​សប្បាយ​ចិត្ត​ ដែល​អ្នក​ដទៃ​យក​មក​សាប​ព្រូស​ដាក់​យើង ៖

១. យកចិត្តទុកដាក់ ប៉ុន្តែ​កុំ​បារម្ភេះជ្រុលពេក

ការ​ព្រួយ​បារម្ភ​ បញ្ហា​គឺ​​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ។ កុំ​ចំណាយ​ពេល​ជាមួយ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ឬ​ថប់​បារម្ភ​ពី​អ្នកដទៃ ​ដែល​គិត​មិន​ល្អ​ពី​យើង។ ព្យាយាម​កុំ​ឲ្យ​អារម្មណ៍​របស់​យើង​មាន​បញ្ហា​ ហើយ​កុំ​ចំណាយ​ពេល​វេលា​ដើម្បី​ព្យាយាម​អាន​គំនិត​អ្នក​ដទៃ។

២. កុំ​យក​យោបល់​របស់​ពួកគេ​ជា​សារៈសំខាន់​សម្រាប់​យើង

ឈប់​ខ្វល់​ពី​អ្វី​ដែល​ជន​ចម្លែក​ទាំង​នោះ​គិត​ពី​យើង ប្រសិន​បើ​ចូលចិត្ត​ច្រៀង​នៅ​ពេល​យើង​ដើរ​ក្នុង​ឧទ្យាន​ឬ​ក្នុង​តំបន់​របស់​យើង ​ហើយ​មាន​អ្នកណា​ម្នាក់​ដែល​ឆ្លង​កាត់​មើល​យើង​ប្លែកៗ កុំ​បារម្ភ​ កុំ​ខ្វល់ ​រឿង​ណា​ដែលធ្វើឲ្យយើងសប្បាយចិត្ត ​ក៏ធ្វើ​ទៅ ​បើរឿងនោះ​មិនបាន​ធ្វើ​ឲ្យ​គេ​ឈឺចាប់។

៣. ប្រើ​មតិ​ប្រតិកម្ម​ទៅ​វិញ

ប្រសិន​បើ​យើង​ទទួល​បាន​ប្រតិកម្ម​អវិជ្ជមាន​ពី​មនុស្ស​សំខាន់​នៅ​ក្នុង​ជីវិត ​ដូចជា​ចៅហ្វាយ​ឬ​មនុស្ស​ជា​ទី​ស្រលាញ់​ សាកល្បង​គិត​មើល​សិន ​កុំ​ទាន់​អាល​ខឹង។ បើ​ចៅហ្វាយ​​និយាយ​ត្រូវ​ ហើយ​យើង​បែរ​ជា​មិន​យកចិត្តទុកដាក់ មិន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​​ឲ្យ​ប្រសើរ​ នោះ​គាត់​ពិត​ជា​និយាយ​ត្រូវ​មែន​ហើយ។

តែ​បើ​ចៅហ្វាយ​សើចចំអក​ នៅពេល​ដែល​យើង​ធ្វើ​រឿងត្រឹមត្រូវដែល​មិនបាន​ប៉ះពាល់​កិត្តិយស​អ្នកណា ​នោះ​ចាំ​ប្រតិកម្ម។

កុំ​ធ្វើ​ការ​សន្មត​ពី​អ្វី​ដែល​មនុស្ស​ផ្សេង​ទៀត​កំពុង​គិត​ ទោះបី​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​យើង​ពិតជា​មាន​ភស្តុតាង​ត្រឹមត្រូវ។

៤. ដាក់​គោលដៅ​របស់​យើង​ជា​មុន​សិន

យើង​ប្រហែល​ជា​មាន​គោលដៅ​ខុស​គ្នា​ខ្លាំង ​ចំពោះ​គ្រួសារ​និង​មិត្តភ័ក្ដិ។ ឬ​ចង់​រៀន​បាន​ពិន្ទុ​ខ្ពស់​នៅ​សាលា​ប៉ុន្តែ​មិត្តភ័ក្ដិ​របស់​យើង​បែរជាសើចចំអក​យើង។ នេះ​មិនមែន​ជា​បញ្ហា​ឡើយ​ ដែល​ពួកគេ​គិត​លើ​យើង​បែប​នោះ  សំខាន់​គឺ​គោលដៅ​របស់​យើង​ទៅវិញ​ទេ។

គោលដៅ​របស់​យើង​មិន​ត្រូវ​បាន​កំណត់​ដោយ​មនុស្ស​ផ្សេង​ទៀត​ឡើយ។ បើ​​គ្មាន​គោលដៅ​ច្បាស់លាស់​ទេ​នោះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ងាយ​នឹង​ខ្វល់ខ្វាយ​ ពី​អ្វី​ដែល​អ្នកដទៃ​គិត​លើ​យើង ​ព្រោះ​យើង​ពិត​ជា​គ្មាន​ផែនការ​សម្រាប់​ជីវិត​ខ្លួនឯង​ដូច​គេ​ថា​មែន។

៥. ផ្ដល់​តម្លៃ​ដល់​គុណ​តម្លៃ​របស់​ខ្លួនឯង

បើ​គេ​ចំអក​មើល​ងាយ​ដល់​គុណ​តម្លៃ​របស់​យើង​ជា​រឿង​របស់​ពួកគេ ​ដាច់ខាត កុំ​វាយ​ដំ ​កុំ​វាយតម្លៃ​ខ្លួនឯង​ព្រោះ​សំដី​របស់​គេ។ ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គុណតម្លៃ​របស់​ខ្លួនឯង​ជា​ជាង​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​អ្នកដទៃ។

៦. ត្រូវ​ចងចាំ​ថា​យើង​មិន​ចាំបាច់​ជា​មនុស្ស​មាន​ប្រជាប្រិយ​ទេ

ជីវិត​មិនមែន​នៅ​រៀន​វិទ្យាល័យ​ទេ​ នេះ​មិនមែន​ជា​បញ្ហា​ឡើយ ​ប្រសិន​បើ​យើង​មិនមែន​ជា​អ្នក​មាន ​ខ្ពស់​សង្ហា ឆ្លាត​ ពូកែ​គ្រប់​រឿង​ ហើយ​មិនមែន​ជា​មនុស្ស​មាន​ប្រជាប្រិយភាព។

យើង​តែម្នាក់​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទេ ​ដូច្នេះ​កុំ​ព្យាយាម​នាំ​ឈឺចាប់។ និយាយ​ទេ ចំពោះ​រឿង​ដែល​យើង​មិន​ចង់​ធ្វើ។ ត្រូវ​មាន​ឆន្ទៈ​ធ្វើអ្វី​មួយ​ដែល​ប្រឆាំង​នឹង​ហ្វូង​មនុស្ស​អវិជ្ជមាន​ ប្រសិនបើ​គ្រប់​រឿង​ដែលយើងកំពុងធ្វើគឺ​ត្រឹម​ត្រូវ៕

ចុចអាន៖ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន

ចុចអាន៖មាន​អារម្មណ៍​ឈឺចាប់​រុាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

ប្រែសម្រួល៖ សាង ស្រីល័ក្ខ